• 2022-06-29 03:48:01
  • ព័ត៌មាន

កុំប្រហែសឲ្យសោះ! ទុកគម្លាតចាក់វ៉ាក់សំាងយូរពេក នឹងធ្វើឲ្យភាពស៊ាំថយចុះ កូវីដ១៩នឹងវាយបកមកយើងកាន់តែខ្លាំង

  • 2022-06-29 03:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនៅក្នុកិច្ចសម្ភាសន៍ជាមួយក្រុមសារព័ត៌មាន កាលពីល្ងាចម្សិលមិញ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានព្រមានថា ការដែលបងប្អូនប្រជាពលរដ្ឋ ទុកគម្លាតនៃការចាក់វ៉ាក់សំាងយូរ នឹងធ្វើឱ្យអង់ទីគ័រ ក្នុងសារពាង្គកាយធ្លាក់ចុះ ការឆ្លងវាយលុកពីវីរុសកូវីដ១៩ មានលទ្ធភាពកាន់តែលឿនឡើងវិញ ពិសេសពពួកបំប្លែងថ្មីអូមីក្រុង។

លោកជំទាវឱ វណ្ណឌីន បានគូស បញ្ជាក់ថា «នៅក្នុងរយៈពេល៥២ថ្ងៃមកនេះកម្ពុជាមិនមានករណីឆ្លងថ្មីវីរុស កូវីដ១៩នោះទេ ប៉ុន្តែបើទោះបីស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មានភាពល្អ ប្រសើរក៏ពិតមែន ប៉ុន្តែការចាក់វ៉ាក់សាំង នៅតែមានសារៈសំខាន់ណាស់ ជាពិសេសដូសជំរុញសម្រាប់បងប្អូនទាំងអស់គ្នា។»

នៅត្រង់ចំណុចនេះ លោកជំទាវបាន សង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងដូសជំរុញពិតជាមានសារ:សំខាន់ខ្លាំងណាស់ ដើម្បីបង្កើតអង់ទីគ័រការពារក្នុងសារពាង្គកាយ ទប់ទល់នឹងការវាយលុកពី ជំងឺកូវីដ១៩ ពិសេសពពួកបំប្លែងថ្មីអូមីក្រុង ក៏ដូចជាវីរុសបំប្លែងថ្មីផ្សេងៗទៀត ប្រសិនបើហ៊ានតែទុក ទុកគម្លាតនៃការចាក់វ៉ាក់សំាងយូរ កូវីដ១៩ នឹងវាយបកមកលើយើងជាក់ជាមិនខាន ។

ដូចគ្នានេះដែរ លោកជំទាវបានបន្តថា ប្រសិទ្ធភាពរបស់ វ៉ាក់សំាង គឺមានរយៈពេលយ៉ាងយូរត្រឹម៥ឬ៦ខែបន្ទាប់ពីចាក់រួច នោះភាពស៊ាំនៅក្នុងសេរីរាង្គនឹងចាប់ផ្ដើមចុះជាបណ្ដើរៗ ដូច្នោះបានជាក្រសួង តម្រូវឱ្យប្រជាពលរដ្ឋ ដែលមានគម្លាតចាក់វ៉ាក់ ចាប់ពី៣ខែឡើងទៅ អាចទៅទទួលការចាក់វ៉ាកសំាងដូសបន្ទាប់បាន ដើម្បីបង្កើននូវ កងការពារកាន់តែរឹងមាំ ជៀសវាងទុកគម្លាតនៃការចាក់វ៉ាក់សំាងយូរ ។

ជាចុងក្រោយ ក្រសួងសុខាភិបាល ក៏សូមអំពាវនាវទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស នៅពេលដែលត្រូវដល់វេនទទួលការចាក់ដូសជំរុញទី៣ ទី៤ឬទី៥ សូមរួសរាន់ទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូស ជំរុញឱ្យបានគ្រប់ៗគ្នា ហើយសូមកុំមានការភាន់ច្រឡំថា ការចាក់វ៉ាក់សាំងចំនួន២ដូស គឺគ្រប់គ្រាន់ ដែលការភាន់ច្រឡំដ៏ធំនេះ អាចបង្កហានិភ័យដ៏គ្រោះថ្នាក់សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់