• 2022-08-17 07:38:04
  • ព័ត៌មាន

មិនមែនយឺតទេ តែមហាយឺត! ក្នុង​១​ម៉ោង​សត្វ​ Sloth មានល្បឿន​​​​​មធ្យម​មិនបាន កន្លះគីឡូម៉ែត្រផង

  • 2022-08-17 07:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sloth គឺ​ជា​​អម្បូរ​សត្វ​ដែល​រស់នៅ​​ព្រៃ​តំបន់​ត្រូពិច​អាមេរិក​ខាង​ត្បូង និង​អាមេរិក​កណ្ដាល។ អ្វី​ដែល​ទាក់ទាញ​អំពី​ Sloth គឺ​វា​​ជា​សត្វ​ដែល​មាន​ដំណើរ​យឺត​បំផុត​ជាង​គេ​លើ​ពិភពលោក ពោល​គឺ​យឺត​ជាង​ខ្យង និង​អណ្ដើក ទៅ​ទៀត។

សត្វ​នេះ​មាន​ចំនួន ៦​ប្រភេទ ដោយ​ចែក​ចេញ​ជា​២​ពូជ​ផ្សេង​គ្នា​គឺ​ពូជ​ម្រាម​២ និង​ពូជ​ម្រាម​៣។ Sloth ម្រាម​៣ មាន​ទំហំ​ជាទូទៅ​ប្រហែល​នឹង​សត្វ​ឆ្កែ មាន​ប្រវែង ៥៨ ទៅ ៦៨​សង់ទីម៉ែត្រ បូករួម​​ទម្ងន់​​ប្រមាណ ៨​គីឡូក្រាម។ ចំណែក​ Sloth ម្រាម​២​វិញ មាន​មាឌ​រាង​ធំ​​ជាង​បន្តិច តែ​ក្រៅ​ពី​នោះ​រូបរាង​គឺ​ដូច​គ្នា​ទាំង​អស់​តែ​ម្ដង។

ល្បឿន​​​ជា​មធ្យម​របស់​សត្វ​ Sloth គឺ ០,២៧​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង។ ក្នុង​១ថ្ងៃៗ សត្វ​នេះ​អាច​ធ្វើ​ដំណើរ​​បាន​​ប្រហែល ៣៧​​ម៉ែត្រ​ប៉ុណ្ណោះ។ ក្រៅ​ពី​ឈ្មោះ​ជា​សត្វ​កំពូល​យឺត វា​ក៏​ត្រូវ​គេ​ចាត់​ទុក​ជា​សត្វ​កំពូល​ខ្ជិល​ផង​ដែរ ព្រោះ​ក្នុង​១​ថ្ងៃ​វា​ដេក​រហូត​ដល់ ១៥ ទៅ ១៨​ម៉ោង​ឯណោះ។ Sloth ចំណាយ​ពេល​ច្រើន​នៅ​លើ​ដើម​​ឈើ​ខ្ពស់ៗ ហើយ​ក្នុង​១​សប្ដាហ៍ វា​វារ​ចុះ​មក​ដី​តែ​ម្ដង​នោះ​ទេ។ ការ​ដែល​រស់នៅ​ជម្រក​ខ្ពស់ៗ​បែប​នេះ អាច​ការពារ​វា​ពី​ការ​​វាយ​ប្រហារ​​ពី​សត្វ​នានា។

បើ​ដំណើរ​យឺត​ម្ល៉ឹង តើ Sloth ចេះ​ហែល​ទឹក​ទេ? ជា​រឿង​ភ្ញាក់ផ្អើលមួយ បើ​តាម​ពិត Sloth គឺ​ជា​សត្វ​ដែល​អាច​ហែល​ទឹក​យ៉ាង​ស្ទាត់​ជំនាញ​មួយ​ប្រភេទ។ ជួន​កាល វា​​អាច​ទម្លាក់​ខ្លួន​ពី​ចុង​ឈើ​​ចូល​ក្នុង​ទឹក​ហែល​បាន​ថែម​ទៀត​ផង។ ការ​ដែល​ចេះ​ហែល​ទឹក​ដូច្នេះ​ព្រោះ​វា​​មាន​ក្រចក​វែងៗ ងាយស្រួល​ទាញ​ខ្លួន​រំកិល៕

ប្រភព៖ WWF ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី