- 2022-09-01 04:10:25
- ព័ត៌មាន
តាមមន្ទីរពេទ្យថៃមួយ ពលរដ្ឋកម្ពុជាដែលទៅរកសេវា ភាគច្រើនមានជំងឺទឹកនោមផ្អែម និងលើសឈាម
- 2022-09-01 04:10:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមមន្ទីរពេទ្យថៃមួយ ពលរដ្ឋកម្ពុជាដែលទៅរកសេវា ភាគច្រើនមានជំងឺទឹកនោមផ្អែម និងលើសឈាម
ចន្លោះមិនឃើញ
មន្ទីរពេទ្យមួយរបស់ថៃឈ្មោះថា Sirivej Chanthaburi បានបង្ហើបឲ្យដឹងថា ពលរដ្ឋកម្ពុជាដែលបានទៅទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យរបស់ខ្លួន ភាគច្រើនមានជំងឺលើសឈាម និងទឹកនោមផ្អែម។
ក្នុងបេសកកម្មពង្រីកទីផ្សាររបស់ខ្លួន ដោយផ្ដោតមកលើកម្ពុជា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខាងលើ បានមកដល់កម្ពុជាកាលចុងសប្ដាហ៍មុន ជាមួយគោលបំណងបង្កើតភ្នាក់ងារសម្របសម្រួលអ្នកជំងឺក្នុងប្រទេសកម្ពុជា ទទួលបានភាពងាយស្រួលក្នុងការទៅព្យាបាលសុខភាពនៅប្រទេសថៃ ពិសេសមន្ទីរពេទ្យរបស់ខ្លួនដែលមានមូលដ្ឋានជាប់ជាយដែនកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត Daranee Suvapan ជានាយករងមន្ទីរពេទ្យ បានប្រាប់ឲ្យដឹងថា Sirivej ផ្ដោតមកលើពលរដ្ឋកម្ពុជា ដោយមានមូលហេតុមួយចំនួន។ ទី១ Sirivej មានទីតាំងជាប់ជាយដែនកម្ពុជាស្រាប់ និងទី២ ពលរដ្ឋកម្ពុជា គឺជាអតិថិជនទី២ បន្ទាប់ពីជនជាតិថៃខ្លួនឯង ដែលនិយមទៅទទួលសេវាថែទាំង និងព្យាបាលសុខភាពនៅ Sirivej។
តាមតួលេខបញ្ចេញដោយលោកស្រីវេជ្ជបណ្ឌិត នៅមុនកូវីដ១៩ មកដល់ ពលរដ្ឋកម្ពុជាដែលបានទៅទទួលសេវានៅមន្ទីរពេទ្យលោកស្រី គឺមានប្រមាណ ៥% ធៀបនឹងអ្នកជំងឺជាជនជាតិថៃ ក្នុងនោះស្មើនឹងប្រមាណ ៤០-៥០នាក់ក្នុង១ថ្ងៃ។ តួលេខនេះ ត្រូវបានធាក់ថយស្ទើរមកដល់ ០ អំឡុងកូវីដ១៩ រីករាលដាលខ្លាំង ហើយប្រទេសទាំងពីរ កម្ពុជា-ថៃ បិទប្រទេសរៀងខ្លួន។
យ៉ាងណាមកដល់បច្ចុប្បន្ន ដែលកូវីដ១៩ ត្រូវបានគ្រប់គ្រងបាន ប្រទេសទាំងពីរបើកច្រកព្រំដែនវិញរៀងខ្លួន លោកស្រី កត់សម្គាល់ថា ពលរដ្ឋកម្ពុជា ចាប់ផ្ដើមមានកំណើនឡើងវិញ ជាមួយតួលេខប្រមាណ ១០-២០ នាក់ក្នុង១ថ្ងៃ។ ក្នុងចំណោមនោះ តាមលោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា មានអ្នកជំងឺគ្រប់ប្រភេទ មានក្រពះ ពោះវៀន មេរោគក្នុងឈាម លើសឈាម ទឹកនោមផ្អែម ជាដើម។
លើសឈាម និងទឹកនោម ផ្អែម គឺជាប្រភេទជំងឺភាគច្រើនរបស់ជំងឺជាពលរដ្ឋកម្ពុជា ដែលបានទៅព្យាបាលនៅ Sirivej។ យ៉ាងណាលោកស្រីវេជ្ជបណ្ឌិត Daranee Suvapan បញ្ជាក់ថា មិនថាតែពលរដ្ឋខ្មែរនោះទេ ប៉ុន្តែអ្នកជំងឺជាជនជាតិថៃ ភាគច្រើន ក៏មានជំងឺ២មុខនេះដែរ។
ជុំវិញករណីនេះ លោកវេជ្ជបណ្ឌិត Prasert Rimchala នាយកមន្ទីរពេទ្យ Sirivej Chanthaburi ស្នើឲ្យពលរដ្ឋកម្ពុជា ក៏ដូចជាជនជាតិថៃ ត្រូវព្យាយាមថែរក្សាសុខភាព។លោកលើកទឹកចិត្តឲ្យហាត់ប្រាណឲ្យបានទៀងទាត់ និងគួរតែពិនិត្យសុខភាពឲ្យ១ឆ្នាំម្ដង យ៉ាងតិច។
ក្នុងបេសកកម្មលើកដំបូង មកកម្ពុជារបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យថៃខាងលើ ពួកគេបានចុះកិច្ចព្រមព្រៀងជាមួយលោក ចាន់ ឆាតដារ៉ា ធ្វើជាភ្នាក់ងារផ្លូវការសម្រាប់សម្របសម្រួលពលរដ្ឋកម្ពុជាទៅទទួលសេវានៅ Sirivej Chanthaburi។
លោកស្រីវេជ្ជបណ្ឌិត Daranee Suvapan បញ្ជាក់ថា កន្លងមកអ្នកជំងឺពលរដ្ឋខ្មែរ ដែលទៅព្យាបាល ភាគច្រើនជាអ្នករស់នៅជាយដែនជាប់នឹងមន្ទីរពេទ្យស្រាប់ ប៉ុន្តែបេសកកម្មនាពេលនេះ គឺចង់សម្រួលដល់អ្នករស់នៅរាជធានីភ្នំពេញបន្ថែម។ ដូច្នេះជាមួយយុទ្ធនាការនេះ លោកស្រីវេជ្ជបណ្ឌិត រំពឹងថា ពលរដ្ឋកម្ពុជានឹងអាចកើនយ៉ាងតិច ដល់៥០ក្នុង១ថ្ងៃទៅព្យាបាលនៅ Sirivej Chanthaburi៕