• 2022-09-28 10:58:17
  • ព័ត៌មាន

មុន​មកដល់​ចំណុច​សព្វថ្ងៃ សម្ដេច​តេជោ ចាក​ចេញ​ពី​ផ្ទះ មាន​ប្រាក់​ជាប់ខ្លួន​តែ ១២រៀល​គត់

  • 2022-09-28 10:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​រឿង​នៃ​ឆាក​ជីវិត​របស់​សម្ដេច​តេជោ ហ៊ុន សែន ពេល​ចាក​ចេញ​ពី​ស្រុក​កំណើត ត្រូវ​បាន​លាត​ត្រដាង ថា​នៅ​ពេល​នោះ សម្ដេច​ដែល​មាន​វ័យ​ត្រឹម​ជាង​១០​ឆ្នាំ ចាក​ចេញ​ពី​ផ្ទះ​មកជាមួយ​លុយ​ត្រឹម​តែ ១២រៀល​គត់។

សាច់​រឿង​នេះ ត្រូវ​បាន​លាត​ត្រដាង​តាម​រយៈ​ភាពយន្ត​ចម្រៀង​ជីវិត​ពិត​របស់​សម្ដេច​រឿង "ជីវិត​ក្មេង​វត្ត" ដែល​ត្រូវ​បើក​សម្ពោធ​នៅ​ព្រឹក​ថ្ងៃ​នេះ។ តាម​ប្រវត្តិ​ដែល​បាន​រៀបរាប់​នៅ​ក្នុង​សាច់​រឿង សម្ដេច បាន​ប្រសូត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ក្នុង​ខេត្ត​កំពង់ចាម។ កុមារា ប៊ុនណាស់ ដែល​ជា​ឈ្មោះ​កំណើត​របស់​សម្ដេច បាន​ចាប់​កំណើត​នៅ​ថ្ងៃ​អង្គារ ត្រូវ​នឹង​ថ្ងៃ​ពេញ​បូរមី ឆ្នាំ​រោង ១៩៥២។

វ័យ​វិវត្ត​ដល់​ខ្ទង់ ១០​ឆ្នាំ​ជាង កុមារ ប៊ុនណាល់ ត្រូវ​ឪពុក​ម្ដាយ​សម្រេច​ចិត្ត​ឲ្យ​ចាកចេញ​ពី​ផ្ទះ​ទាំង​បង្ខំ​មក​បន្ត​ការ​សិក្សា​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ ដោយ​សារ​នៅ​ស្រុក​កំណើត​មិន​មាន​សាលា​កម្រិត​វិទ្យាល័យ។ វេលា​នោះ អ្នក​មាន​គុណ​ដ៏​ក្រ​ខ្សត់ បាន​ផ្ដល់​ជូន ប៊ុនណាល់ នូវ​ប្រាក់ ១២រៀល​គត់ សម្រាប់​កំដរ​កុមារា​តូច មក​ផ្សង​ព្រេង​នៅ​រាជធានី។

ប៊ុនណាល់ បាន​មក​ស្នាក់​នៅ​វត្ត​នាគវ័ន្ត ជាមួយ​ព្រះសង្ឃ​មួយ​អង្គដើម្បី​បន្ត​ការ​សិក្សា។ អំឡុង​ពេល​សិក្សា ប៊ុនណាល់ បាន​រង​ការ​មើលងាយ មើល​ថោក​ពី​ក្រុម​កូន​មន្ត្រី​ធំៗ ដោយ​សារ​តែ​ខ្លួន​ក្រ​ខ្សត់ ឋានៈ​តូច​ទាប។ យ៉ាង​ណា ដោយ​ការ​អត់ធ្មត់ ព្យាយាម​សិក្សា ប៊ុនណាល់ បាន​រក​ឃើញ​ពន្លឺ​ជីវិត​ដ៏​ត្រចះត្រចង់ ក្នុង​នាម​ជា​អ្នកដឹកនាំ​ប្រទេស។

ដោយ​ធ្លាប់​ជា​អ្នក​ផ្ញើ​ខ្លួន​ក្នុង​វត្ត ជួប​រឿង​រ៉ាវ​ជា​ច្រើន សម្ដេច​បាន​តែង​បទ​ចម្រៀង "ជីវិត​ក្មេង​វត្ត" និង​ពេល​នេះ ត្រូវ​បាន​ផលិត​ចេញ​ជា​ភាពយន្ត​ចម្រៀង​រយៈ​ពេល ៣០នាទី។ រឿង​នេះ បាន​ចំណាយ​ការ​ផលិត​អស់​​ប្រមាណ ១២ម៉ឺន​ដុល្លារ​អាមេរិក។ ផលិតករ​ក្នុង​រឿង​នេះ មាន​ជំទាវ ចន ច័ន្ទលក្ខិណា ឧកញ៉ា ហេង ឡុង និង​ឧកញ៉ា អ៊ឹង លីហៀង ដឹកនាំ​ដោយ​លោក ហ្វៃ សំអាង។

តួសម្ដែង​ក្នុង​រឿង​នេះ រួមមាន លោក ប៉ាន់ ខែមម៉ានូ, កុមារា អោក ឧត្តម, លោក ឆឹម សក្កដា, កញ្ញា ដួង ហ្សូរីដា, លោកស្រី ឌី សាវ៉េត, ជំទាវ ចន ចន្ទលក្ខិណា, លោក ម៉េង ប៊ុនឡូ  លោក ពៅ ពិសិដ្ឋ, កញ្ញា នីតា វរវង្ស,  និង​​កញ្ញា ប៉ូគឹមថេង សុធីតា ជាដើម។ រឿង​នេះ​នឹង​មាន​បញ្ចាំង​នៅ​លើ​ទំព័រហ្វេសប៊ុក​សម្ដេច និង​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ជាច្រើន។

ភាពយន្តចម្រៀង "ជីវិតក្មេង​វត្ត​" បើក​សម្ពោធ ក្រោម​អធិបតី លោក ជំទាវ ភឿង សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ភ្ញៀវ​កិត្តិយស​ជាសិល្បករ យុវជន ស.ស.យ.ក មន្ត្រី​ក្រសួង​ដែនដី និង​នគររូបនីយកម្ម លោក ឧកញ៉ា អ្នក​ឧកញ៉ា ប្រមាណ​ជាង ២ ០០០នាក់៕

អត្ថបទ៖ ទារិកា

មតិយោបល់