• 2022-10-27 09:24:15
  • ព័ត៌មាន

ខ្លាំងតើ! សហគ្រិនក្រុមហ៊ុន Startup កម្ពុជា 3 រូប ជាប់ចូលទៅវគ្គ Top 20 ក្នុងកម្មវិធី Alibaba Cloud

  • 2022-10-27 09:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រិនដែលជាស្ថាបនិកក្រុមហ៊ុន StartUp របស់កម្ពុជាចំនួន ៣ រូបបានឆ្លងផុតវគ្គជម្រុះទី២ ឆ្លងចូលទៅវគ្គ Top 20 ក្នុងកម្មវិធី Alibaba Cloud ហើយ ដោយបានយកឈ្នះក្រុមហ៊ុន StartUp បរទេសចំនួន ១៣០ ផ្សេងទៀត។

ក្រុមហ៊ុនទាំង ៣ របស់កម្ពុជានោះ គឺមាន ក្រុមហ៊ុន ចបប៊ីហ្វាយ ខេមបូឌា ឯ.ក ដែលមានលោក ស៊ុំ សុផា ជាស្ថាបនិក និងជានាយកប្រតិបត្តិ។ ទី២ក្រុមហ៊ុន CheckinMe មានលោក ឡី កំថូង ជាស្ថាបនិក និងនាយកប្រតិបត្តិ និងទី៣ ក្រុមហ៊ុន មីតដុកទ័រ (Meetdoctor) មានលោក និត ប៊ុនតុងយី ជាសហស្ថាបនិក និង ជានាយកប្រតិបត្តិ។

រាប់​ពីឆ្វេង​ ១.លោក ស៊ុំ សុផា ជាស្ថាបនិក និងជានាយកប្រតិបត្តិ ចបប៊ីហ្វាយ ខេមបូឌា ឯ.ក ២.លោក ឡី កំថូង ជាស្ថាបនិក និងនាយកប្រតិបត្តិ CheckinMe ៣.លោក និត ប៊ុនតុងយី ជាសហស្ថាបនិក និង ជានាយកប្រតិបត្តិក្រុមហ៊ុន មីតដុកទ័រ

កម្មវិធី Alibaba Cloud បានទទួលការដាក់ពាក្យចូលរួមពី ក្រុមហ៊ុន StartUp ចំនួន 150 មកពីប្រទេសសាំងហ្គាពួរ ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសបាគីស្ថាន និងប្រទេសកម្ពុជា។ ក្រុមហ៊ុនដែលបានចូលរួមទាំងអស់ នឹងត្រូវឡើងធ្វើបទបង្ហាញពីផែនការវិនិយោគរបស់ខ្លួនផង ដើម្បីទទួលបានការបោះឆ្នោតពីគណៈកម្មការ។

ជាលទ្ធផលក្រុមហ៊ុន StartUp របស់កម្ពុជាចំនួន ៣ បានឆ្លងផុតរួចមកហើយវគ្គ ៥០ និងវគ្គ ២០ក្រុមចុងក្រោយ។ ក្រុមហ៊ុនក្នុងស្រុកនេះ រួមជាមួយក្រុមហ៊ុនបរទេស ១៧ ទៀត នឹងចូលរួមក្នុងការប្រលង 2022 Create@Alibaba Cloud Global Startup Contest ជុំចុងក្រោយនៅថ្ងៃទី 29 ខែតុលា ឆ្នាំ 2022 នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកក្រុមហ៊ុន ៣ចុងក្រោយ ។

ក្រុមហ៊ុន ៣ចុងក្រោយ ក៏នឹងហោះទៅប្រកួតបន្តទៀតនៅប្រទេសចិន ដើម្បីរកអ្នកលេខ១ ២ និងលេខ៣ ដែលមានសិទ្ធិទទួលយកប្រាក់សម្រាប់វិនិយោគលើអាជីវកម្មរបស់ខ្លួន ដែលមានទុនសរុបក្នុងកម្មវិធីដល់ទៅ ១០០លានដុល្លារអាមេរិក។

សម្រាប់ក្រុមហ៊ុន StartUp កម្ពុជាទាំង៣ ត្រូវបានឧបត្ថម្ភការចំណាយលើការដាក់ពាក្យ ការធ្វើដំណើរទៅប្រកួតក្នុងកម្មវិធខាងលើ ដោយសហគ្រិនខ្មែរ និងឧបត្ថម្ភដោយក្រុមហ៊ុន Realme សម្របសម្រួលដោយ Sabay រៀបចំដោយ Alibaba Cloud។

កម្មវិធី Alibaba Cloud ជាការប្រកួតប្រជែងមួយ ដែលមានគោលបំណងជំរុញ និងគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) អោយទទួលបាននូវឱកាស ចូលរួមការបណ្តុះបណ្តាល ការណែនាំសិក្ខាសាលា ការផ្តល់មូលនិធិ កម្មវិធីភាពជាអ្នកដឹកនាំអាជីវកម្ម ការតភ្ជាប់មូលធនបណ្តាក់ទុន និងការចូលទៅកាន់ទីផ្សារប្រទេសចិន។ ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី