• 2022-11-03 10:28:07
  • ព័ត៌មាន

ព័ត៌មាន​ជុំវិញ ត្រី​យក្ស​មួយ​ក្បាល​ទំហំ​ប៉ុន​មនុស្ស រក​ឃើញ​នៅ​ក្នុង​កស្សិណ​អង្គរ

  • 2022-11-03 10:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ​លើ​ទឹក​ដីខេត្តសៀមរាប ក្រោយ​មាន​ដំណឹង​ថា ត្រី​យក្ស​មួយ​ក្បាល​មាន​ទំហំ​ប៉ុន​មនុស្ស​ម្នាក់ ត្រូវ​បាន​ចាប់​បាន​នៅ​ក្នុង​ប្រឡាយ​កស្សិណអង្គរ​។

រូបភាព​ស្ដី​ពី​​ត្រី​មួយ​ក្បាល​ដ៏​ធំ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន និង​កំពុង​ចែក​ចាយ​ ដោយ​ភ្ជាប់​ជាមួយ​ពោល​សោកស្ដាយ​។ មើល​តាម​ភិនភាគ អ្នក​នៅ​លើ​បណ្ដាញ​សង្គម​បាន​សន្និដ្ឋាន​ថា ជាត្រី​រាជ និង​មាន​ទម្ងន់​ប្រមាណ ៧០គីឡូក្រាម។

ជុំវិញ​បញ្ហា​នេះ ឯកឧត្តម ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា បាន​ប្រាប់ Sabay រសៀល​នេះ​ថា ពិត​ជា​មាន​ការ​រក​ឃើញ​ត្រី​ធំ​មួយ​ក្បាល​នោះ​នៅ​ក្នុងប្រឡាយ​កស្សិណអង្គរ​ពិត​មែន។ យ៉ាង​ណា ឯកឧត្តម បាន​បដិសេធ​ថា នោះ​មិន​មែន​ជា​ត្រី​រាជ​នោះទេ។ "វា​មិន​មែន​ត្រីរាជ​ទេ មិន​មែន​ទេ វា​ជា​ត្រី​ស្អី​ទេ ខ្ញុំ​ស្គាល់​មិន​ច្បាស់​ដែរ វា​ដូច​ត្រី​អាម៉ាហ្សូន​នោះ​ណា!”។

ឯកឧត្តម ប្រាប់​ទៀត​ថា ត្រី​១ក្បាល​នោះ គឺ​បាន​ស្លាប់​ដោយ​ខ្លួន​វា មិន​មាន​អ្នក​ចាប់​នោះ​ទេ។ និយាយ​ពី​វត្ត​មាន​ត្រី​ដ៏​ធំ​នេះ​នៅ​ក្នុង​កស្សិណ​អង្គរ ឯកឧត្តម​អ្នក​នាំ​ពាក្យ ប្រាប់​ថា ឯកឧត្តម​មិន​បាន​ដឹង​ថា វា​បាន​នៅ​ក្នុង​ប្រឡាយ​កស្សិណ​អង្គរ​នេះ​តាំង​ពី​ពេល​ណា ហើយ​អ្នក​ណា​ជា​អ្នក​យក​មក​លែង​នោះ​ទេ។ អាជ្ញាធរ​អប្សរា ទើប​នឹង​ដឹង ក្រោយ​ឃើញ​ខ្មោច​របស់​វា​នា​ពេល​នេះ​ប៉ុណ្ណោះ។

រូបភាព៖ហ្វេសប៊ុក

នៅប្រឡាយ​កស្សិណ​អង្គរ មាន​ប្រភេទ​ត្រី​ក្នុង​ស្រុក​ជា​ច្រើន​ប្រភេទ ដែល​ជា​ការ​ព្រលែង​របស់​ក្រុម​ការងារ​អាជ្ញាធរ​អប្សរា​។ ជាមួយ​គ្នា អាជ្ញារ​អប្សរា​តែង​ហាម​​មិន​ឲ្យ​មាន​ការ​ព្រលែង​ត្រី​ប្រភេទ​ផ្សេង​(ប្រភេទ​ក្រៅ​ស្រុក) នោះ​ឡើយ ពោល​គឺ​ចង់​តែ​អភិរក្ស​ប្រភេទ​ត្រី​ក្នុង​ស្រុក​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ចំពោះ​ត្រី​ចម្លែក​ធំ​មួយ​នេះ អាជ្ញារ​មិន​បាន​ដឹង​ឡើយ។

តាម​ឯកឧត្តម ឡុង កុសល ខ្មោច​ត្រី​ដ៏​ធំ​នោះ ត្រូវ​បាន​ក្រុម​ការងារ​របស់​អាជ្ញាធរ​អប្សរា ចាត់​ចែង​កប់​ចោល​រួច​រាល់​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់