• 2022-12-08 10:05:00
  • ព័ត៌មាន

យល់យ៉ាងណាដែរ? នេះជាគំរូប្លង់ស្ពានភ្នំពេញ-អរិយក្សត្រ ដែលគ្រោងចំណាយថវិកាជិត ២៥០លានដុល្លារ

  • 2022-12-08 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាគំរូប្លង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ភ្នំពេញ-អរិយក្សត្រ ។ ស្ពាននេះនឹងត្រូវសង់ចេញពីម្តុំផ្សាររាត្រី ឆ្លងកាត់ទន្លេសាប ទៅតំបន់ជ្រោយចង្វា ហើយសង់ស្ពានពីតំបន់ជ្រោយចង្វា ឆ្លងទន្លេមេគង្គ ទៅតំបន់អរិយក្សត្រ។ យល់យ៉ាងណាដែរ? ចំពោះសមិទ្ធផលថ្មីកើតឡើងដែលគ្រោងនឹងកើតឡើងជាបន្តទៀតនេះ។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ភ្នំពេញ-អរិយក្សត្រ ស្ពានដែលតភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលនេះ គ្រោងចំណាយថវិកាជិត ២៥០លានដុល្លារ។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលថវិកាសម្រាប់សង់ស្ពាននេះ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ យោងតាមការបញ្ជាក់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា សម្តេចតេជោនឹងអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

កន្លងទៅអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បាន បញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ឡើងនៅលើទីតាំង ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅដីជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅកាន់ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដែលស្ពាននេះ ជាប្រភេទស្ពានខ្សែកាប ។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើររបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរផងដែរ។ ក្រៅពីនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ធ្វើដំណើរឆ្លងកាត់ឆ្លងកាត់ទន្លេ ជួយពង្រឹងដល់ទំនាក់ទំនង សេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងកើត ជាពិសេសធ្វើឱ្យប្រសើរឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា ជួយកាត់បន្ថយ ការកកស្ទះចរាចរណ៍នៅតាមដងទន្លេចតុមុខ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះយ៉ាងមានប្រសិទ្ធិភាព ៕

ប្រភព៖ ក្រសួងព័ត៌មាន

ប្រភពរូបភាព៖ Vann Saray​

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់