• 2023-02-06 04:07:00
  • ព័ត៌មាន

ឯកឧត្តម គួច ចំរើន ចេញវិធានការម៉ឺងម៉ាត់ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងភាពអនាធិបតេយ្យ ក្នុងខេត្ត

  • 2023-02-06 04:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ ជំរុញ គ្រប់គោលដៅ ទប់ស្កាត់នូវរាល់បទល្មើសនានា ធានាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម ជូនពលរដ្ឋក្នុងខេត្ត ដើម្បីលើកកម្ពស់ជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ។ ឯកឧត្តម មានប្រសាសន៍ដូចនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

ក្នុងនោះដែរ ឯកឧត្តម បានដាក់ចេញនូវវិធានការ ពង្រឹងវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីភាពជាម្ចាស់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់ការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្ម សកម្មភាពឧក្រិដ្ឋជាអាទិ៍ បទឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន បទល្មើសប្រើប្រាស់អាវុធជាតិផ្ទុះ ការជួញដូរមនុស្ស បទល្មើសបង្ខាំង-ជំរិត បទល្មើសបច្ចេកវិទ្យា (ឆបោកអនឡាញ) បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម សំដៅធ្វើឱ្យបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុ មានភាពល្អ។

ឯកឧត្តមលើកឡើងបន្ថែមថា ខេត្តព្រះសីហនុ មានបញ្ហាប្រឈមមួយចំនួនគួរឱ្យកត់សម្គាល់ដូចជា បទល្មើសគ្រប់គ្រងជនបរទេស ការគ្រប់គ្រងមុខរបរអាជីវកម្ម ពិសេសល្បែងស៊ីសងខុសច្បាប់ បទល្មើសទាំងនេះ បង្កផលប៉ះពាល់ជាអវិជ្ចមានដល់ការអភិវឌ្ឍ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ អ្នកវិនិយោគ ធុរកិច្ច និងភ្ញៀវទេសចរ។ ក្នុងគោលបំណងពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គមឱ្យបានល្អ ពិសេសការបង្ការ ទប់ស្កាត់នូវរាល់បទល្មើសនានា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងកិច្ចគាំពារវិនិយោគិនបរទេស ព្រមទាំងលើកកម្ពស់ជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ។

ឯកឧត្តសង្កត់ធ្ងន់ថា អាជ្ញាធរ សមត្ថកិច្ចក្រុង ស្រុក ត្រូវជំរុញការចុះបញ្ជីគោលដៅអាជីវកម្ម សេវាកម្ម កន្លែងចងការប្រាក់ ប្តូរប្រាក់ និងកន្លែងសប្បាយ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវរឹតបណ្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវសំដៅបញ្ចៀសការកកស្ទះ និងភាពអនាធិបតេយ្យ។ ត្រូវមានវិធានការស្រាវជ្រាវបទល្មើសឆ្លងដែន ពិសេសសកម្មភាពភេរវកម្ម ការសម្អាតប្រាក់ ការជួញដូរអាវុធជាតិផ្ទុះ និងក្រុមជនល្មើសគេចខ្លួនមកពីបរទេសតាមច្រកព្រលានយន្តហោះ និងច្រកកំពង់ផែសមុទ្រជាដើម។

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវប្រមូលកម្លាំងសរុប ដើម្បីអនុវត្តផែនការឱ្យមានប្រសិទ្ធិភាពខ្ពស់ និងជំរុញវិធានការស្រាវជ្រាវ បង្ការ បង្ក្រាប និងទប់ស្កាត់នូវបទល្មើសឧក្រិដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយប្រសិទ្ធិភាពតាមកម្មវិធីច្បាស់លាស់៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់