• 2023-02-20 09:35:00
  • ព័ត៌មាន

មោទកភាពណាស់! គ្រឿងអលង្ការបុរាណខ្មែរចំនួន ៧៧គ្រឿង ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ

  • 2023-02-20 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានកិត្តិយសជម្រាបជូនព័ត៌មានដល់សាធារណជនឲ្យបានជ្រាបថា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងមន្ដ្រីជំនាញកម្ពុជាជាច្រើនរូបទៀតបានអញ្ជើញទៅកាន់ប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរ សរុបចំនួន ៧៧គ្រឿង បញ្ជូនត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានជួយជ្រោមជ្រែងពី ក្រសួងការបរទេស ខម្ម៉ន់វែលនៃចក្រភពអង់គ្លេស អង្គភាពសិល្បៈនិងបុរាណវត្ថុនៃស្នងការដ្ឋាននគរបាលក្រុងឡុងដ៍ និងក្រុមប្រឹក្សាសិល្បៈអង់គ្លេស។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងអំពីសារៈសំខាន់នៃសន្ដិភាព និងស្ថិរភាពនយោបាយ តាមរយៈនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ឱកាសឲ្យកម្ពុជាអាចនំាយកមកវិញនូវព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់កាលជាច្រើនឆ្នាំដោយសារតែសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍កន្លងទៅនេះ។

គ្រឿងអលង្ការបុរាណខ្មែរទាំង ៧៧គ្រឿងនោះរួមមាន ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវ៉ាត់ ក្រវិល បន្ដោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ

ទន្ទឹមនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះលើទំព័រផ្លូវការរបស់​ឯកឧត្តមថា ឯកឧត្តមមានមោទកភាព និងមានកិត្តិយសជាទីបំផុត ដែលទទួលបានសេចក្តីទុកចិត្ត និងអនុញាត ចូលរួមក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការដង្ហែរមកវិញនូវ គ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល និងជាផ្នែកមួយការយាងត្រឡប់មកវិញនៃដួងព្រលឹងបុព្វបុរសខ្មែរ។

ការវិលត្រឡប់មកវិញ នៃគ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ប្រកបដោយភាពជោគជ័យនេះ បានឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ដែលយើងអាចមានឱកាសជាបន្តបន្ទាប់ក្នុងការសិក្សា​ស្រាវជ្រាវស្វែងរកកេតនភណ្ឌជាតិត្រឡប់មកវិញ​

ឯកឧត្តមបាន ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងកោតសរសើរដល់អគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារលោក ឌូគ្លាស ឡាតហ្វដ ដែលបានខ្នះខ្នែងរៀបចំសម្របសម្រួលដំណើរការ​ក្នុងការនាំយកមកវិញនូវគ្រឿងអលង្ការទាំង៧៧គ្រឿងផងដែរ ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: / ឯកឧត្តម ហ៊ុន ម៉ានី

អត្ថបទដោយ៖ស៊ូ អីន

មតិយោបល់