- 2023-02-24 04:59:49
- ព័ត៌មាន
ឯកឧត្តម ថោង ខុន អំពាវនាវប្រជាពលរដ្ឋខ្មែរចូលរួមស្មារតីលើកស្ទួយព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣
- 2023-02-24 04:59:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម ថោង ខុន អំពាវនាវប្រជាពលរដ្ឋខ្មែរចូលរួមស្មារតីលើកស្ទួយព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
ទន្ទឹមនឹងរាជរដ្ឋាភិបាលបាន និងកំពុងដុតដៃដុតជើងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលនឹងមកដល់នៅក្នុងខែឧសភាខាងមុខនេះ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមស្មារតីជាមួយរាជរដ្ឋាភិបាលលើកស្ទួយព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ។
គិតត្រឹមថ្ងៃនេះ នៅសល់រយៈពេលតែ ៧០ថ្ងៃទៀតប៉ុណ្ណោះសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលនឹងមកដល់នៅថ្ងៃទី ៥ ឧសភា ២០២៣ខាងមុខ។ ក្នុងអំឡុងពេលនេះ តាម ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអគ្នេយ៍ លើកទី៣២ កម្ពុជាត្រៀមរួចរាល់ដើម្បីធានាថា ព្រឹត្តិការណ៍កីឡាដ៏ធំនេះ ទាំងសណ្ដាប់ធ្នាប់ ចរាចរណ៍ បដិសណ្ឋារកិច្ច រួមទាំងម្ហូបអាហារសម្រាប់កីឡាករ និងប្រតិភូកីឡាមកពីប្រទេសនានាជាដើម។
ចំណុចនេះ ក៏ឆ្លើយតបទៅនឹងកង្វល់របស់ប្រទេសអ៊ីស្លាមមួយដែលព្រួយបារម្ភពីម្ហូបអាហារដែលពួកគេអាចទទួលទានបាន។ ឯកឧត្តមអគ្គលេខាធិកា ថ្លែងថា កម្ពុជាបានគិតគូរ និងរៀបចំរួចស្រេចហើយសម្រាប់ ហាឡាល់(ប្រភេទអាហារសម្រាប់អ៊ីស្លាម) និងធានាពីស្ដង់ដារគុណភាពជូនថែមទៀត។ ឯកឧត្តម ថ្លែងថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍នេះធ្វើឲ្យបានល្អ ហើយចំណាយថវិកាតិចជាងបណ្ដាប្រទេសក្នុងតំបន់អាស៊ានដែលបានរៀបចំរួចហើយថែមទៀត។
កម្ពុជា ត្រៀមនឹងបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យកីឡា ដោយការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី១ក្រោយរយៈពេល ៦០ឆ្នាំនៃការបង្កើតព្រឹត្តិការណ៍កីឡានេះ ក្នុងនោះកញ្ចប់ថវិកាប្រមាណជា ១២០លានដុល្លារ ត្រៀមសម្រាប់រៀបចំ។ ព្រឹត្តិការណ៍នេះ ក៏ត្រៀមកម្លាំងពលកម្មប្រមាណ ១ម៉ឺននាក់ផងដែរ ដែលក្នុងនោះមានមន្ត្រីចាត់តាំង និងអ្នកស្ម័គ្រចិត្ត។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅក្នុងថ្ងៃសន្នីសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពនៃការត្រៀម SEA GAMES-ASEAN Para Games 2023ម្សិលមិញនៅ NOCCរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា បានកោតសរសើរចំពោះការចូលរួមរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលចង់រួមចំណែកធ្វើកិច្ចការនេះលើកមុខមាត់របស់កម្ពុជា។ ជាមួយគ្នា ឯកឧត្តម ស្នើឲ្យប្រជាពលរដ្ឋទូទៅចូលរួមបំផុសស្មារតីពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះដែរ។
ឯកឧត្តម ថ្លែងថា "ស្នើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយទាំងអស់គ្នា តើជួយយ៉ាងម៉េច គឺជួយនិយាយពាក្យសំដីទន់ភ្លន់ គួរសមជាមួយភ្ញៀវទេសចរ ជួយធ្វើអនាម័យឲ្យប្រទេសយើងស្អាតទាំងអស់គ្នា!”។
ឯកឧត្តម រដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាព្រឹត្តិការណ៍ធំ និងមានសារសំខាន់សម្រាប់កម្ពុជា ដែលមានឥទ្ធិពលសម្រាប់ការផ្លាស់ប្ដូរជាវិជ្ជមានដល់សង្គម ក៏ដូចជាទេសចរណ៍។ ឯកឧត្តម បានលើកឧទាហរណ៍ពីប្រទេសឡាវថា ទីក្រុងវៀងច័ន្ទប្រជាពលរដ្ឋមិននិយមប្រើអំពូលភ្លើងលើសពី១ក្នុង១ផ្ទះ បើទោះតម្លៃអគ្គីសនីឡាវមានតម្លៃទាបក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍កីឡាស៊ីហ្គមមកដល់ ក្រោមការជំរុញពីរដ្ឋាភិបាលឡាវ ប្រជាពលរដ្ឋឡាវបានប្រើប្រាស់អំពូលច្រើន ធ្វើឲ្យទីក្រុងវៀងច័ន្ទដែលធ្លាប់តែងងឹតខ្វះពន្លឺ មកជាទីក្រុងមួយភ្លឺស្រាប់ស្អាតដល់បច្ចុប្បន្ន។
ករណីពីប្រទេសភូមាវិញម្ដង ភូមា ដើមឡើយជាប្រទេសដែលពោរពាសដោយទឹកមាត់ស្លាម្លូនៅទីសាធារណៈ ប៉ុន្តែដើម្បីត្រៀមសម្រាប់ស៊ីហ្គេម រដ្ឋាភិបាលភូមា បានពន្យល់ និងលើកទឹកចិត្តឲ្យបញ្ឈប់ទម្លាប់នោះ ចុងក្រោយ ភូមាក៏ក្លាយជាប្រទេសដែលលែងមានទឹកមាត់ស្លាម្លូ ល្អស្អាតមកដល់ពេលនេះដូចគ្នា។
សម្រាប់កម្ពុជា ក៏ដូចគ្នា ឯកឧត្តមរដ្ឋមន្ត្រី ស្នើប្រជាពលដ្ឋចូលរួមបង្កើតគំរូល្អជួយជ្រោងកម្ពុជាក្នុងព្រឹតិ្តការណ៍នេះ ព្រោះថា គិតត្រឹមពេលនេះ មានកែវភ្នែករាប់លានគូជុំវិញពិភពលោក កំពុងចាំមើលសព្វយ៉ាងពីកម្ពុជា៕