• 2023-04-07 03:52:25
  • ព័ត៌មាន

នៅខែធ្នូ​ ប្រទេសថៃ នឹងដឹងលទ្ធផលនៃការបញ្ចូល សង្ក្រាន្តចូលឆ្នាំថ្មីជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ​

  • 2023-04-07 03:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Itthiphol Khunpluem រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃប្រទេសថៃ បានថ្លែងបញ្ជាក់ក្នុងពិធីរំលឹកគុណសិល្បករជើងចាស់ ថា " នៅខែធ្នូខាងមុខនេះអង្គការយូណេស្កូ នឹងពិចារណាដាក់បញ្ចូលបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីថៃ ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដែលជាឱកាសល្អក្នុងការបង្ហាញផ្សព្វផ្សាយ អត្តសញ្ញាណភាពស្រស់ស្អាតនៃប្រពៃណីសង្ក្រាន្ត ដែលទេសចរទូទាំងពិភពលោកពេញនិយមចាប់អារម្មណ៍ ដើម្បីអោយកើតជាចំណេះដឹង ការស្វែងរកយល់យ៉ាងត្រឹមត្រូវអំពីគុណតម្លៃពិតប្រាកដរបស់ ប្រពៃណីវប្បធម៌ថៃ" ។

យោងតាមគេហទំព័រផ្លូវការរបស់យូនេស្កូ ប្រទេសថៃបានស្នើដាក់ បុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួន ដោយប្រើប្រាស់ឈ្មោះជាផ្លូវការថា " Songkran in Thailand , Traditional Thai New Year Festival " ឬ ជាភាសាថៃ " สงกรานต์ ปีใหม่ไทย " ដែលមានអត្ថន័យថា "សង្ក្រាន្ត បុណ្យចូលឆ្នាំថ្មីប្រពៃណីថៃ " ដោយការដាក់បញ្ចូលនេះនឹងត្រូវសម្រេចនៅក្នុងសន្និបាតបេតិកភណ្ឌអរូបីលើកទី១៨ នៅខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។

អបដោយរូបភាពខាងក្រោម ដែលជារូបភាពខាងថៃប្រើប្រាស់ដើម្បីស្នើទៅកាន់យូនេស្កូ ការអធិប្បាយអំពីពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីថៃ ដោយតែងប្រារព្ធរយៈពេលចាប់ពី៣ ទៅ៧ថ្ងៃ តាមប្រតិទិនសុរិយគតិបុរាណ។ មនុស្សម្នាប្រុសស្រី តែងបោសសម្អាត រៀបចំគេហដ្ឋាន ទីធ្លាសាធារណៈ ទៅវត្តអារាមប្រគេនចង្ហាន់ ស្រង់ព្រះពុទ្ធរូប ពូនភ្នំខ្សាច់ បរិច្ចាគទានទំនុកបំរុងវត្ត ស្តាប់ធម៌និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនថៃ ។

មានការដង្ហែព្រះពុទ្ធរូបចេញមកក្រៅព្រះវិហារ ដើម្បីធ្វើពិធីស្រង់ព្រះ ការស្រង់ទឹកដល់មនុស្សចាស់ទុំក្នុងគ្រួសារដើម្បីសុំខមាទោស និងសុំពរជ័យ ការលេងជះទឹក ការលេងល្បែងប្រពៃណីផ្សេងៗ បូករួមទាំងតន្ត្រីនិងការកម្សាន្តសប្បាយនានា។ ក្រៅពីនេះមានការលើកឡើងពី រឿងសង្ក្រាន្តសូត្រ រឿងនិទាននិយាយពីនាងសង្ក្រាន្តទាំង៧ ដែលជានិមិត្តរូបនៃការមកដល់របស់ថៃសង្ក្រាន្ត៕

ប្រភព៖ បុរាណចារ្យ

មតិយោបល់