• 2023-04-27 05:07:00
  • ព័ត៌មាន

កម្ពុជាមានរោងចក្រផលិតខ្សែភ្លើង ផ្គត់ផ្គង់ឱ្យរោងចក្រ Hyundai និង Kia នៅប្រទេសកូរ៉េខាងត្បូង

  • 2023-04-27 05:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជាមានរោងចក្រផលិតខ្សែភ្លើងទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ យ៉ូរ៉ា ហាណេស ខេមបូឌា ( Yura Harness Cambodia ) បានបើកដំណើរការជាផ្លូវការ នៅខេត្តកំពង់ស្ពឺ ដែលនឹងផ្គត់ផ្គង់ទាំងមូលទៅឱ្យរោងចក្រផលិតរថយន្ត នៅប្រទេសកូរ៉េខាងត្បូង ។

រោងចក្រផលិតខ្សែភ្លើងនេះ ត្រូវបានសាងសង់អស់ថវិការជាង ១៥ លានដុល្លារអាមេរិក នៅលើផ្ទៃដី ១៧ ៥០០ម៉ែត្រការ៉េ មានបុគ្គលិកប្រមាណ ១ ១០០នាក់ និងអាចផលិតខ្សែភ្លើងបាន ១១៥០០ ក្នុងមួយឆ្នាំ ។ គ្រប់ខ្សែភ្លើងទាំងអស់ដែលផលិតនៅទីនោះ នឹងនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុនរថយន្ត Hyundai motor និង Kia motors ដែលនឹងជួយចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសកូរ៉េ និងកម្ពុជា។

ជាមួយគ្នានេះដែរ នាឱកាសចូលរួមពិធី បើកសម្ពោធន៍ រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ត របស់ក្រុមហ៊ុន យ៉ូរ៉ា ហាណេស ខេមបូឌា ( Yura Harness Cambodia) ឯកឧត្តមហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ លោកមានប្រសាសន៍លើកឡើងថា ដោយសារទំនុកចិត្ត លើស្ថេរភាព និងស្ថានភាពអនុគ្រោះផ្នែកម៉ាក្រូសេដ្ឋកិច្ច ទើបវិនិយោគិនហ៊ានសម្រេចចិត្តមកបណ្តាក់ទុននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ទាំងនេះក៏បានមកពីកត្តាសុខសន្តិភាព ហើយក្រោមម្លប់នៃសន្តិភាព យើងកំពុងទទួលផលផ្លែផ្កានៃការអភិវឌ្ឍឥតឈប់ឈរ ផងដែរ ។

សូមជម្រាបថា នាព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្តរបស់ក្រុមហ៊ុន យូរ៉ ហានេស ខេមបូឌា YURA Harness Cambodia ដែលស្ថិតនៅក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក មន្ត្រីរាជការ បងប្អូនបុគ្គលិក កម្មករ និងប្រជាពលរដ្ឋប្រមាណ ៩៦០ នាក់ ៕

ប្រភព៖ Cambodia Development Projects / រដ្ឋបាល ខេត្តកំពង់ស្ពឺ Page

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់