• 2023-05-24 07:46:29
  • ព័ត៌មាន

ពិធីដង្ហែអ្នកតាព្រីងក្អែក សុំទឹកភ្លៀង និងសេចក្ដីសុខ ឆ្នាំនេះមានក្មេងៗចូលរួមច្រើន

  • 2023-05-24 07:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យបែបប្រពៃណីដង្ហែអ្នកតាព្រីងក្អែក ដើម្បីបន់ស្រន់ សុំទឹកភ្លៀង និងសុំសេចក្ដីសុខរបស់អ្នកភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តែងត្រូវបានប្រារព្ធឡើងជារៀងឆ្នាំដោយមានមនុស្សចូលរួមយ៉ាងច្រើនកុះករ ជាពិសេសវត្តមានយុវជន និងក្មេងៗកាន់តែច្រើនបើធៀបនឹងឆ្នាំកន្លងមក។

នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ អ្នកចូលរួមពិធីបុណ្យបែបប្រពៃណីដង្ហែអ្នកតាព្រីងក្អែក បានរៀបចំតុបតែងកាយលាបមុខមាត់យ៉ាងចម្លែក ដូចជាមនុស្សព្រៃឬ តួអង្គអមនុស្សព្រាយខ្មោច ខ្លះទៀតលាបធ្យូងពេញផ្ទៃមុខដងខ្លួនពាក់ស្លឹកឈើយ៉ាងចម្លែកដើម្បីប្រារព្វពិធីបុណ្យបន់ស្រន់ អ្នកតាព្រីងក្អែក ក្នុងគោលបំណងសុំទឹកភ្លៀង និងក្តីសុខចម្រើន តាមទំនៀមអ្នកភូមិនៅតំបន់នោះ។

ពិធីដ៏ចម្លែកនេះត្រូវបានរៀបចំប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅភូមិបឹង ខណ្ឌសែន សុខ ចម្ងាយ ប្រមាណ ២០ គីឡូ ម៉ែត្រ ខាងជើងរាជធានី ភ្នំពេញនៅរាល់ថ្ងៃ ៥ កើត ខែ ជេស្ឋ ត្រូវ នឹង ថ្ងៃនេះផ្ទាល់ ពោលវាជាទំនៀមទម្លាប់ប្រពៃណីសាសនាមានតកូនតចៅ ដែលអ្នកភូមិនៅតំបន់នោះធ្វើឡើងឥតដាច់ ដោយមានមានរយៈពេលមួយថ្ងៃមួយយប់ គឺចាប់ផ្តើមនៅល្ងាចថ្ងៃ ៤ កើត ខែជេស្ឋ និងបញ្ចប់នៅថ្ងៃ ៥ កើត ខែជេស្ឋ ទៅតាមប្រតិទិនចន្ទគតិរបស់ខ្មែរ ដើម្បីបន់ស្រន់សុំទឹកភ្លៀងដើមរដូវវស្សា ពិសេសសុំពរសេចក្តីសុខចម្រើនដល់មនុស្សសត្វទាំងពួងនៅក្បែរនឹងដីទួលអ្នកតាព្រីងក្អែក ក្នុងភូមិសាស្រ្តភូមិបឹង។

ក្រុមអ្នកមនុស្សផាត់មុខមាត់ និងតុបតែងកាយចម្លែកៗបែបជាមនុស្សព្រៃ សត្វ និងតួអង្គអមនុស្សជាព្រាយខ្មោច ឬម្រិញគង្វាល ព្រមទាំងក្រុមមនុស្សមានឈុតជាមេទ័ពកាន់ព្រះខ័នរាជ នាំមុខគេ បានចេញដង្ហែក្បួនតាមផ្លូវចេញពីទីតាំងនៃសាលាបឋមសិក្សាពញាពន់ ក្បែរផ្សារត្រពាំងព្រាយ មកកាន់តំបន់វាលស្រែនៃទីដីទួលអ្នកតាព្រីងក្អែក ឬ អ្នកតាកាហ៊េ ស្ថិតនៅក្នុងភូមិបឹង សង្កាត់ពញាពន់ ខណ្ឌ ព្រែកព្នៅ នៃតំបន់ជាយរាជធានីភ្នំពេញ បង្កការចាប់អារម្មណ៍ និងទស្សនាពីសំណាក់ប្រជាជនខ្មែរទាំងក្នុងតំបន់ និងក្រៅតំបន់យ៉ាងច្រើនពាន់នាក់ នាព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្បួនពិធីនេះ ក៏មានអ្នកដំណើរឆ្ងាយៗខ្លះបានងឿងឆ្ងល់យ៉ាងខ្លាំង ដោយអ្នកចំណូលថ្មី ឬអ្នកដំណើរឆ្លងកាត់ពុំស្គាល់ដើមទង មានការប៉ាន់ស្មានដោយភ័នច្រឡំថា វាជាពិធីបុណ្យប្រែតទៅវិញ។ តាមពិតនេះគឺជាពិធីតាមទំនៀមទម្លាប់ប្រពៃណីសាសនាមានតកូនតចៅ តាំងយូរយាមកម្ល៉េះ ដែលធ្វើដើម្បីបន់ស្រន់សុំទឹកភ្លៀងនាដើមរដូវវស្សា សុំពរសេចក្តីសុខ បណ្ដេញឧបទ្រពចង្រៃចេញពីភូមិឋាន និងផ្ដល់ភាពចម្រុងចម្រើនទាំងមនុស្ស និងសត្វទាំងនៅក្នុងភូមិឋាននានា នាក្បែរនឹងដីទួលអ្នកតាព្រីងក្អែក។

មតិយោបល់