• 2023-05-29 08:09:38
  • ព័ត៌មាន

មិន​អត់​ប្រយោជន៍​ទេ ការ​ប្រឹង​ប្រែង​របស់​យើង​ទាំង​អស់​គ្នា​បត់​បេះដូង​កន្លង​មក ឥឡូវ​បាន​ជួយ​ដល់​បង​ប្អូន​​អត្តពលិក​ពិការ​មួយ​ចំណែក​ធំ

  • 2023-05-29 08:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចូល​រួម​ប្រឹង​ប្រែង​របស់​យុវជន ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ចូល​រួម​យុទ្ធនាការ​បត់​បេះដូង ១លាន បេះដូង​ក្នុង​យុទ្ធនាការ​របស់ Beyond the Game កាល​ពី​មុន​ចូល​ឆ្នាំ​មក​នេះ មិន​អត់​ប្រយោជន៍​នោះ​ទេ ព្រោះ​ថ្ងៃ​នេះ បាន​ជួយ​មួយ​ចំណែក​ដល់​បង​ប្អូន​អត្តពលិក​ពិការ ដែល​កំពុង​ត្រៀមធ្វើ​ពលិកម្ម​តំណាង​​ជាតិ​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី ១២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ក្នុង​យុទ្ធនារការ​បត់​បេះដូង​របស់​កម្ពុជា​កន្លង​មក បាន​បំបែក​កំណត់​ត្រា​ពិភព​លោក​​របស់​ប្រទេស​អង់គ្លេស​ដែល​កាន់​កាប់​កំណត់​ត្រា​ជាង ៥ម៉ឺន​បេះដូង។ ដោយ​ឡែក​កម្ពុជា​សម្រេច​បាន​ចំនួន ៣,៩១៧,៨០៥ ​បេះដូង។

តាម​ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការ BeyondTheGames បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​នេះ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ ៣០ ខែ​កញ្ញា ២០២២។ ដោយ​ឡែក​យុទ្ធនាការ បត់​បេះដូង បាន​ប្រកាស​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៧ មករា ២០២៣ ជាមួយ​ផែន​ការ​ដំបូង គឺ​ចំនូន ១លាន​បេះដូង។ ក្នុង​រង្វង់​ប្រមាណ ២ខែ យុទ្ធនាការ​ប្រមូល​បាន​បេះដូង​លើស​ផែនការ។

ឯកឧត្តម​បន្ត​ថា យុទ្ធនាការ​នេះ បាន​បង្ហាញ​ពី​ការ​រួប​រួម មិន​ប្រកាន់​ពណ៌សម្បុរ និន្នការ​នយោបាយ ក្នុង​ពាក្យ​ស្លោក​រួម​គ្នា​ថា "បេះដូង​លោត​ក្នុង​ចង្វាក់​តែ​១។ ជា​លទ្ធផល មាន​ក្រុមហ៊ុន​ឯកជន ១៩៧ ក្រុមហ៊ុន​បាន​ចូល​រួម ធ្វើ​ឲ្យ​កម្មវិធី​សម្រេច​បាន​លើ​គោល​ដៅ​កំណត់ និង​កាន់​កាប់​កំណត់​ពិភព​លោក​ចំនួន ជិត ៤លាន​បេះដូង។

នៅ​ក្នុង​យុទ្ធនាការ​ដ៏​ធំ​នេះ ក្រុម​ហ៊ុន​ឧបត្ថម្ភ​ធំ​ទាំង ៥ សន្យា​ឧបត្ថម្ភ​ចំនួន ៥០០រៀល​ក្នុង​១បេះដូង។ ជាលទ្ធផល យុទ្ធនាការ​ប្រមូល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឧបត្ថម្ភ​ទាំង​អស់​ចំនូន ៥០០លាន​រៀល។ ថវិកា​នេះ ត្រូវ​បាន​បរិច្ចាគ​ទៅ​គណៈកម្មការ​ធិការ​ជាតិ​ប៉ារ៉ាឡាំពិក សម្រាប់​ចាត់​ចែង​បន្ត​លើ​ការ​រៀប​ចំ និង​គាំទ្រ​អត្តពលិក​ពិការ​ទាំង​ឡាយ។

ទទួល​បាន​ថវិកា​នោះ ឯកឧត្តម យី វាសនា អគ្គលេខាធិកា​គណៈកម្មការ​ធិការ​ជាតិ​ប៉ារ៉ាឡាំពិក បាន​មាន​ប្រសាសន៍ថា ឯកឧត្តម ​នឹង​នាំ​យក​​ថវិកា​ប្រើ​ប្រាស់​ដើម្បី​ជា​ប្រយោជន៍​ដល់​អត្តពលិក។ ឯកឧត្តម ក៏​ឲ្យ​តម្លៃ​ខ្ពស់​អំពី​ព្រឹត្តិការណ៍​បត់​បេះដូង ដែល​ជា​យុទ្ធនាការ​មួយ​របស់ Beyond the Game ថា ជា​ព្រឹត្តិការណ៍​បណ្ដុះ​ស្មារតី​រួបរួម​ បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ក្នុង​ចំណោមពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់។ ដូច្នេះជា​ថ្មី​បន្ត​ទៀត ឯកឧត្តម​សន្យា​ប្រើ​ប្រាស់​ថវិកា​នេះ ដើម្បី​ផ្សារ​ភ្ជាប់​ក្ដី​ស្រឡាញ់​បង​ប្អូន​ជន​ពិការ​ដូច​អត្ថន័យ Beyond the Game ដោយ​ការ​ទិញ​សម្ភារៈ​ចាំបាច់​នានា​ជួយ​សម្រួល​ដល់​ការ​ហ្វឹកហាត់ ឬ​ប្រើ​ប្រាស់​របស់​បង​ប្អូន​ជន​ពិការ ដែល​ចំណុច​នេះ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ដូច​យុទ្ធនាការ​ដ៏​ធំ​នេះ​ដែរ។

Beyond the Game គឺ​ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហៅ​កាត់​ថា ស.ស.យ.ក។ ថ្លែង​ក្នុង​ពិធី​ប្រគល់​ថវិកា​ប្រមូល​បាន​ពី​ការ​បត់​បេះដូង​បំបែក​កំណត់​ត្រា​ពិភព​លោក ប្រធាន ស.ស.យ.ក លើក​ឡើង​ថា គ្រប់​កម្មវិធី គ្រប់​យុទ្ធនាការ​​របស់ ស.ស.យ.ក ទាំង​អស់ តែង​មាន​ការ​ផ្សារ​ភ្ជាប់។ ដូច​ជា Beyond the Game ជា​ដើម គឺ​ធ្វើ​ឡើង​ដើម្បី​បង្កើត​ការ​ជួបជុំ បណ្ដុះ​ស្មារតី​ចូល​រួម​ជួយ​សង្គម និង​ប្រមូលថវិកា​ទៅ​ជួយ​បង​ប្អូន​អត្តពលិក​ពិការ។

ឯកឧត្តម បន្ត​ថា គោលដៅ​ចម្បង​នៃ​យុទ្ធនាការ​ទាំង​អស់​របស់ ស.ស.យ.ក គឺ​ប្រមូល​ផ្ដុំ ជំរុញ និង​លើក​ទឹក​ចិត្ត​យុវជន​ចូល​រួម​សង្គម​តាម​រយៈ​សកម្មភាព​តូច​ៗ។ ជាក់​ស្ដែង​ដូច​ជា​ព្រឹត្តិការណ៍​បត់​បេះដូង បាន​ឲ្យ​ឃើញ​ពី​កម្លាំង​សាមគ្គី រួបរួម​គ្នា​របស់​យុវជន​ខ្មែរ។ នេះ​ជា​អ្វី​ដែល ស.ស.យ. ចង់​ឃើញ និង​សង្ឃឹមថា​ស្មារតី​នេះ​នៅ​មាន​ជា​ដរាប ក្នុង​ន័យ​ថា បើ​ទោះ​មិន​មាន ស.ស.យ.ក ក៏​ស្មារតី​ជួយ​សង្គម​របស់​យុវជន​ខ្មែរ​នៅ​តែ​មាន​ក្នុង​ដួង​ចិត្ត​របស់​ពួក​គេ​រហូត​ទៅ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី