• 2023-05-29 09:15:00
  • ព័ត៌មាន

នេះជា ប្រតិមាទេវី ទេពស្រីគ្រប់លក្ខណ៍ ល្បីបួងសួងសុំកូន ពូកែស័ក្តិសិទ្ធិណាស់

  • 2023-05-29 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អាដេម៉ា ឡឺក្លែរ ជារ៉េស៊ីដង់បារាំងប្រចាំស្រុកសំបូរពីឆ្នាំ១៨៩០-១៨៩៣ និងស្រុកក្រចេះពីឆ្នាំ១៨៩៤-១៨៩៨។ បុគ្គលដែលមានជំនក់ចិត្តខ្លាំងនឹងវប្បធម៌ខ្មែររូបនេះ បានប្រទះឃើញប្រតិមាទេពស្រី (ផ្នែកទី១ នៃសតវត្សរ៍ទី៧) ដែលអ្នកស្រុកហៅថាស្រីគ្រប់លក្ខណ៍នៅលើកោះគ្រីង ឈរនៅលើគំនរឥដ្ឋ ជាទីគោរពបូជាបួងសួងសុំកូនតពូជពង្សវង្សត្រកូល។ លោកបាននាំប្រតិមានេះទៅតម្កល់ទុក នៅវិមានរ៉េស៊ីដង់ ស្រុកក្រចេះ ហើយលោកក៏បានដឹកបន្ដទៅទីក្រុងព្រៃនគរ ដោយបានបន្ថែមដៃជើង ខុសពីទម្រង់ដើម។ ក្រោយមកប្រតិមានេះត្រូវបានបញ្ជូនមករក្សាទុកក្នុងសារមន្ទីរខ្មែរនាឆ្នាំ១៩០៥ និងបានសម្រេចដកដៃជើងដែលបន្ថែមនោះចេញ។ ក្រោយសារមន្ទីរជាតិបើកសម្ភោធនៅឆ្នាំ១៩២០ ប្រតិមា និងវត្ថុបុរាណរបស់សារមន្ទីរខ្មែរត្រូវបានផ្ទេរទៅរក្សាទុក និងដាក់តាំងបង្ហាញនៅទីនេះ។

ប្រតិមានេះមានភាពប្រណិត ដោយមានសក់ក្រងបួងទៅលើដូចមកុដព្រះឥសូរ ផ្នត់សក់ទម្លាក់ចុះមកក្រោមសងខាងព្រះសិរទាំងសងខាង មានស្លៀកត្រឹមសំពត់សម្លុយក្រវ៉ាត់ចង្កេះលម្អដោយត្បូងរឹបរួតត្រគាក រីឯចុងសំពត់រីកសាយ សំយ៉ុងជាផ្នត់នៅចំពីមុខ។ តាមរយៈសោភ័ណភាពនៃដងខ្លួន និងការលម្អ អ្នកជំនាញសន្និដ្ឋានថាព្រះនាងជាស្ដ្រី ដ៏ស្រស់សោភាពេញលក្ខណៈទាំងអស់ ៕

ប្រភព៖ សារមន្ទីរជាតិកម្ពុជា

មតិយោបល់