• 2023-06-16 03:59:54
  • ព័ត៌មាន

ដំណឹង​រីករាយ ខណៈពិភព​លោក​កំពុង​តែ​ខ្សត់ ឥឡូវ​កម្ពុជា​ប្រទះ​ឃើញ ពង​ក្រពើ​ភ្នំ​មួយ​សំបុក

  • 2023-06-16 03:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាត់ថាជាដំណឹងរីករាយ  ក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna & Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកក្រពើភ្នំមួយកន្លែងក្នុងជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង។

សំបុកនោះមានពងចំនួន ២១ គ្រាប់ ដែល ១៧គ្រាប់ ដែលបានបង្កកំណើតនោះ ត្រូវបានផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព និងកំពុងត្រូវបានភ្ញាស់នៅក្នុងសំបុកសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាព ខណៈដែលពងមិនបង្កកំណើតចំនួន ៤ គ្រាប់ ត្រូវបានទុកនៅក្នុងសំបុកដើម។  

ចំពោះសំបុកសិប្បនិម្មិតនោះ ត្រូវបានហ៊ុមព័ទ្ធ និងយាមពេញមួយថ្ងៃដោយសហគមន៍អភិរក្សក្រពើរបស់យើង ដើម្បីការពារពងពីគ្រោះថ្នាក់ផ្សេងៗ។ យើងរំពឹងថាពងនឹងញាស់នៅពាក់កណ្តាលខែសីហាខាងមុខនេះ ហើយកូនក្រពើនឹងត្រូវព្រលែងចូលទៅក្នុងធម្មជាតិវិញ ដើម្បីធានាថាពួកគេមានឱកាសរស់រានមានជីវិតខ្ពស់បំផុត។  

តាម​ក្រសួង​បរិស្ថាន ក្រពើភ្នំ (Crocodylus siamensis) ជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ ក្រពើភ្នំ ត្រូវបានរកឃើញមានវត្តមាន នៅប្រទេសកម្ពុជា ដោយការអង្កេតរបស់អង្គការ Fauna & Flora និងរដ្ឋបាលព្រៃឈើនៅតំបន់ជួរភ្នំក្រវាញក្នុងឆ្នាំ 2000 ដែលជាទីជម្រកដ៏សំខាន់បំផុតសម្រាប់ប្រភេទនេះ។ ចំនួនក្រពើភ្នំសរុបទូទាំងពិភពលោក តាមការសិក្សាបានវាយតម្លៃថា មានចំនួនប្រហែល ១ពាន់ ក្បាល ក្នុងនោះ ប្រទេសកម្ពុជាមានវត្តមានក្រពើភ្នំជិត ៤០០ ក្បាល ដូច្នេះការរកឃើញសំបុកក្នុងធម្មជាតិនេះ គឺជាព័ត៌មានដ៏គួរឱ្យរំភើបរីករាយ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី