• 2023-08-08 06:54:18
  • ព័ត៌មាន

ចូលចិត្តពាក់សិចស៊ី ប៉ុន្តែពិបាករកម៉ូតត្រូវចិត្ត បែកគំនិតបង្កើតខោអាវក្នុងនារី ធ្វើចេញពីសំណាញ់បង់ត្រី!

  • 2023-08-08 06:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង Dina Diep Hoang ជនជាតិវៀតណាម បច្ចុប្បន្នកំពុងរស់នៅប្រទេសន័រវេស ជាសហគ្រិន និងជាម្ចាស់ក្រុមហ៊ុន Hoangem Swim ដែលជាក្រុមហ៊ុនផលិតខោអាវក្នុងរបស់នារិ សម្រាប់ពាក់ហែលទឹក។ Hoangem Swim គឺជាម៉ាកសម្លៀកបំពាក់ហែលទឹកប្រកបដោយនិរន្តរភាព ដែលបង្កើតឡើងសម្រាប់អ្នកចូលចិត្តគេងអាំងថ្ងៃ អ្នកចូលចិត្តសមុទ្រ និងអ្នកចង់ធ្វើឱ្យសុបិន្តក្លាយជាការពិត។

តាំងពីដើមមក ស្ថាបនិករបស់ Hoangsem Swim តែងតែឈ្លក់វង្វេងនឹងឈុតហែលទឹក ប៉ុន្តែអ្នកនាងមិនអាចស្វែងរកឈុតហែលទឹកដែលមានគុណភាពល្អ ដែលត្រូវនឹងស្ទីលរបស់នាងទេ ដូច្នេះហើយទើបនាងយករឿងនេះមកធ្វើខ្លួនឯងតែម្តង។ អ្នកនាង Dina Diep Hoang បង្កើតក្រុមហ៊ុន Hoangem Swim គឺដោយសារតែអ្នកនាងផ្ទាល់ជាអ្នកដែលចូលចិត្តស្លៀកពាក់សិចស៊ី និង ជាអ្នកដែលនិយមលើវិស័យ fashion។ លុះគិតៗមើលទៅ មិនយូរប៉ុន្មានក៏ធ្វើឱ្យអ្នកនាងមានគំនិតមួយចង់បង្កើតម៉ាកយីហោផ្ទាល់ខ្លួន សម្រាប់ខោអាវក្នុងរបស់នារី។ អ្វីដែលផុសក្នុងខួរក្បាលរបស់សហគ្រិនរូបនេះ គឺបង្កើតអ្វីមួយដែលមិនប៉ះពាល់ទៅដល់បរិស្ថាន និង ផែនដីដ៏ស្រស់ស្អាតមួយនេះ។ បេសសកម្មនេះ អ្នកនាង Hoang មិនអាចធ្វើតែម្នាក់ឯងបានទេ ពោលគឺក្រោយគិតឃើញគំនិតអាជីវកម្មដែលខ្លួនស្រឡាញ់ ពេញចិត្តហើយ គឺអ្នកនាងត្រូវរកដៃគូដើម្បីសហការ។

អ្វីៗពិតមិនស្រួលដូចគិត ព្រោះម្ចាស់អាជីវកម្មរូបនេះ ពិបាកក្នុងការរកដៃគូដើម្បីសហការ ត្បិតមុខជំនួញរបស់អ្នកនាងជា អាជីវកម្ម Startup។ បន្ទាប់ពីស្វែងរកការបំផុសគំនិតពីការធ្វើដំណើរ និងចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និង បន្ទាប់ពីអស់ជាច្រើនឆ្នាំនៃការរចនា រៀបចំផែនការ និងស្វែងរកដៃគូបានត្រឹមត្រូវ Hoangem Swim ត្រូវបានបង្កើតឡើងនៅទីក្រុង Oslo ប្រទេសន័វេស ក្នុងឆ្នាំ ២០២០។ គោលដៅគឺដើម្បីបង្កើតម៉ាកសម្លៀកបំពាក់ហែលទឹកដែលមានគុណភាពខ្ពស់ ដែលមានលក្ខណៈប្លែក និងទាន់សម័យ ប៉ុន្តែក៏រួមចំណែកដល់ភពផែនដីឱ្យកាន់តែបៃតង និងមានស្ថានភាពល្អជាងមុនផងដែរ។

ក្រុមហ៊ុន អ៊ីតាលី Aquafil បានចូលរួមវិនិយោគនៅក្នុងមុខជំនួញមួយនេះ ដោយផ្តល់ជាវត្ថុធាតុដើម ដើម្បីផលិតខោអាវក្នុងនារីមិនប៉ះពាល់បរិស្ថាន និង មនុស្សមួយក្រុមនៅកោះ បាលី ប្រទេសឥណ្ឌូនេស៊ី សម្រាប់ការដេរម៉ូតខោអាវក្នុងនេះ ដោយម៉ូតទាំងអស់ អ្នកនាង Hoang ជាអ្នករចនាដោយផ្ទាល់។ ជំហានដំបូងគឺការស្រង់យក សំណាញ់បង់ត្រី កម្រាលព្រំចាស់ៗដែលគេបោះចោលចូលទៅក្នុងទឹក ដែលអាចបង្ករការកខ្វក់ដល់សម្រស់ដ៏ស្រស់ស្អាតរបស់ធម្មជាតិ។ បន្ទាប់មក កាកសំណល់ទាំងនោះត្រូវបានតម្រៀប និងសម្អាត មុនពេលកែប្រែទៅជាវត្ថុធាតុដើមសម្រាប់ផលិតជាខោអាវក្នុងនារី ដែលប្រើដើម្បីបង្កើតផលិតផលប្រកបដោយនិរន្តរភាព។ បន្ទាប់មកសម្ភារៈទាំងនោះអាចត្រូវបានកែច្នៃឡើងវិញដោយគ្មានកំណត់ដោយមិនបាត់បង់គុណភាពរបស់វានោះទេ។ បំណែកនីមួយៗត្រូវបានប៉ាន់ប្រមាណយ៉ាងត្រឹមត្រូវមុនពេលកាត់ ដែលនាំឱ្យគ្មានកាកសំណល់នៅសេសសល់ឡើយ ។ គ្រឿងវេចខ្ចប់ទាំងអស់ដូចជា ស្ទីគ័រ ស្លាក កាត និងថង់ក៏ត្រូវបានកែច្នៃឡើងវិញ និងមានលក្ខណៈជួយដល់បរិស្ថានផងដែរ។

“យើងជឿថាម៉ូដខោអាវក្នុងនារីសម្រាប់ហែលទឹករបស់យើងគឺ លើសពីម៉ូដ លើសពីអ្វីដែលមានកាលបរិច្ឆេទផុតកំណត់។ ម៉ូដដែលយើងបានរចនានេះ បានផ្តល់អាទិភាពដល់មនុស្ស និងភពផែនដីដ៏ស្រស់ស្អាត។ ភាពរីករាយគួរតែយូរជាងនេះ “។ នេះបើតាមការថ្លែងបញ្ជាក់របស់ម្ចាស់ក្រុមហ៊ុន Hoangem Swim អ្នកនាង Hoang។

យ៉ាងហោចណាស់ ៨ លានតោននៃផ្លាស្ទិចបានធ្លាក់ចូលទៅក្នុងមហាសមុទ្រជារៀងរាល់ឆ្នាំ ដែលជាបញ្ហាមួយដែលកំពុងបំពុលផែនដី និងធ្វើឱ្យមហាសមុទ្ររងទុក្ខដោយការបកាកសំណល់ទាំងអស់នោះ។ ក្រុមហ៊ុន Hoangem Swim ជឿជាក់ថា វាជារឿងសំខាន់ក្នុងការ ប្រឆាំងនឹងបញ្ហានេះ។ ដូច្នេះ ខោអាវហែលទឹកត្រូវបានផលិតចេញពីកាកសំណល់កែច្នៃដូចជា មងនេសាទដែលបោះចោល និងដបប្លាស្ទិកដែលប្រមូលបានពីមហាសមុទ្រដែលបំពុល ហើយផលិតជាសម្ភារៈដែលអាចកែច្នៃឡើងវិញបានដោយគ្មានកំណត់។ តាមរបៀបនេះ គឺអាចបង្កើតឈុតហែលទឹកដែលទាន់សម័យ និងចូលរួមធ្វើការសម្អាតឱ្យសមុទ្រមានភាពស្រស់ស្អាតក្នុងពេលតែមួយ៕

អត្ថបទ ៖ សង្ហា

មតិយោបល់