• 2023-08-15 06:49:55
  • ព័ត៌មាន

បរិយាកាស​សិក្សា​កាន់តែ​ល្អប្រសើរ​ ABA ចូលរួម​លើក​ស្ទួយ​ការ​អប់រំ​នៅ​ស្រុក​កំពង់​រោ​ទិ៍​

  • 2023-08-15 06:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​​មួយ​នៃ​ស្រុក​កំពង់​រោទិ៍ និង​មាន​ចំងាយ​ប្រមាណ ៣០ គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ស្វាយ​រៀង មាន​សាលា​រៀន​មួយ ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​អប់រំ​សិស្សានុ​សិស្ស​ជាង ១.៦០០ នាក់។ វិទ្យាល័យ ហ៊ុន សែន កំពង់​រោទិ៍ ដែល​ជា​វិទ្យា​ល័យ​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​នេះ ធ្លាប់​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​ចំនួន ដែល​ប៉ះពាល់​ដល់​ការ​ក្រេប​យក​ចំណេះ​វិជ្ជា និង​ក្តី​ស្រមៃ​របស់​សិស្សានុ​សិស្ស​នៅ​ទីនោះ។

​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ វិទ្យា​ល័យ ហ៊ុន សែន កំពង់​រោទិ៍ មាន​ការ​ខ្វះ​ខាត​ទាំង​ធន​ធាន និង​ទាំង​ហេ​ដ្ឋា​រចនា​សម្ពន្ធ។ អគារ​ចាស់ៗ មាន​ការ​ខូច​ខាត​យ៉ាង​ដំណំ ខណៈ​ដែល​តម្រូវការ​របស់​សិស្សានុសិស្ស ក្នុង​ការ​សិក្សា​រៀនសូត្រ នៅ​តែ​បន្ដ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ។ នៅ​ពេល​ដែល​អាកាស​ធាតុ​មិន​អំណោយ​ផល​ម្តងៗ លោក​គ្រូ​អ្នក​គ្រូ និង​សិស្សានុ​សិស្ស មិន​អាច​បន្ត​ការ​សិក្សា​ក្នុង​អគារ​ចាស់ៗ​ទាំង​នោះ​បាន​ទៀត​ទេ។ ក្តី​ស្រមៃ​របស់​សិស្សានុ​សិស្ស​ក្នុង​ការ​បញ្ចប់​ការ​សិក្សា​នៅ​មាន​ភាព​ស្រពេច​ស្រពិល ហើយ​ដោយ​ទីតាំង​របស់​សាលា នៅ​ឆ្ងាយ​ពី​ទីប្រជុំ​ជន​ផង​នោះ ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នាំ​សាលា​ពិបាក​នឹង​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ ដើម្បី​គាំទ្រ​ដល់​ការ​កែ​លម្អ​ចាំបាច់​នានា​នៅ​ក្នុង​សាលារៀន។​

​ចំណុច​រីក​ចម្រើន ​ ​ដោយ​បាន​មើល​ឃើញ​ពី​ផល​លំបាក​របស់​សាលា​ ធនាគារ​ ABA បាន​ចូល​រួម​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ និង​ជួយ​លើក​កម្ពស់​បរិយា​កាស​សិក្សា​សម្រាប់​សិស្សានុ​សិស្ស។ តាម​រយៈ​ការ​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន​ប្រមាណ ២ម៉ឺន ដុល្លារ​អាមេរិក ធនាគារ​បាន​ផ្តួច​ផ្តើម​គម្រោង​កែ​លម្អ​ហេដ្ឋា​រចនា​សម្ពន្ធ​របស់​សាលា​រៀន និង​រៀប​ចំ​ទីធ្លា​សាលា​រៀន​ឲ្យ​កាន់​តែ​ប្រសើរ។

​ការ​បរិច្ចាគ​របស់ ABA រួម​មាន​ការ​ផ្ដល់​ការ​គាំទ្រ​ជា​សាច់ប្រាក់ និង​ជា​សម្ភារ​សប្បុរសធម៌​ជាក់​ស្តែង។ ការ​បរិច្ចាគ​នោះ​បាន​ធ្វើ​ឲ្យ​បរិយា​កាស​សិក្សា​ក្នុង​សាលា​រៀន​ទាំង​មូល មាន​ភាព​ប្រសើរ​ឡើង រួម​មាន​ការ​ជួស​ជុស​អគារ​សិក្សា​ចំនួន ២ខ្នង​ និង​បង្គន់​អនាម័យ​ចំនួន ២។ ការ​បំពាក់​ក្តារ​ខៀន​កញ្ចក់​ចំនួន ១២ ផ្ទាំង​បាន​សម្រួល​ដល់​ការ​បង្រៀន​សិស្ស ឲ្យ​កាន់តែ​ប្រសើរ​ឡើង។ បង់​អង្គុយ​ចំនួន ៣០ ត្រូវ​បាន​ផ្តល់​ជូន ដើម្បី​ផ្តល់​នូវ​ផាសុក​ភាព និង​ភាព​ងាយ​ស្រួល​ដល់​សិស្សានុ​សិស្ស​ទាំង​អស់។ ទីលាន​បាល់​បោះ ដែល​ជា​និមិត្តរូប​នៃ​ស្មារតី​កីឡា ត្រូវ​បាន​លាប​ពណ៌​ជា​ថ្មី​ឲ្យ​កាន់​តែ​ទាក់​ទាញ និង​រស់​រវើក​ជាង​មុន។ លើស​ពី​នេះ បរិស្ថាន​ជុំវិញ​សាលា ត្រូវ​បាន​លម្អ​បន្ថែម​ជា​មួយ​នឹង​រុក្ខជាតិ​បៃតង ដូច​ជា​កូន​ឈើ​ជាង ៥០ដើម និង​ផ្កា​ជា​ច្រើន​ដើម​ទៀត។​

​ដោយ​យល់​ច្បាស់​ពី​សារៈ​សំខាន់​នៃ​ចំណេះ​ដឹង​ បែប​ឌី​ជី​ថ​ល នៅ​ក្នុង​សម័យ​ទំនើប​នេះ ធនាគារ ABA ក៏​បាន​រៀបចំ​ឲ្យ​មាន​ថ្នាក់​រៀន​កុំព្យូទ័រ សម្រាប់​សាលា​រៀន​នេះ​ផង​ដែរ។ ថ្នាក់​រៀន​កុំព្យូទ័រ ដែល​បំពាក់​ដោយ​កុំព្យូទ័រ​ចំនួន ១៥គ្រឿង ហើយ​ត្រូវ​បាន​ត​ភ្ជាប់​បណ្តាញ​កុំព្យូទ័រ ព្រម​ទាំង​ភ្ជាប់​អុីន​ធើ​ណេ​ត​រួច​ជា​ស្រេច​នេះ នឹង​ជួយ​ពង្រឹង​ជំនាញ​បច្ចេក​វិទ្យា​របស់​សិស្សានុ​សិស្ស​ទាំង​អស់ ដើម្បី​ទុក​ជា​ទុន​ជំនាញ​ចាំ​បាច់ សម្រាប់​អនា​គត​របស់​ពួក​គេ។​

​ការ​ដឹងគុណ​ និង​ក្តី​សង្ឃឹម ​ ​ពិធី​ប្រគល់​អំណោយ​សប្បុរស​ធម៌​ជូន​ដល់​សាលា​រៀន​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ៥ ខែ​សីហា ក្រោម​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯក​ឧត្ដម​បណ្ឌិត តូច ប៉ូ​លី​វ៉ា អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​ស្វាយ​រៀង ព្រម​ទាំង​តំណាង​ជាន់​ខ្ពស់​មក​ពី​មន្ទីរ​អប់រំ​ខេត្ត។ ពិធី​នេះ ក៏​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ និង​បុគ្គលិក​ធនាគារ ABA ជា​ច្រើន​នាក់ ព្រម​ទាំង​លោក​នាយក​សាលា លោក​គ្រូ​អ្នក​គ្រូ និង​សិស្សានុ​សិស្ស​ផង​ដែរ។​

​ឯកឧត្ដម តូច ប៉ូ​លី​វ៉ា បាន​មាន​ប្រសាសន៍​ថា “​យើង​ខ្ញុំ​សូម​កោត​សរសើរ ចំពោះ​ការ​ចូល​រួម​ចំណែក​របស់​ក្រុមហ៊ុន​ឯក​ជន ក្នុង​ការ​អភិវឌ្ឍវិស័យ​អប់រំ​នៅ​ក្នុង​ខេត្ត​របស់​យើង​ខ្ញុំ។ ការ​បរិច្ចាគ​របស់​ធនាគារ ABA ដល់​វិទ្យា​ល័យ ហ៊ុន សែន កំពង់​រោទិ៍ បង្ហាញ​ពី​ផល​វិជ្ជ​មាន​នៃ​ភាព​ជា​ដៃគូ​រវាង​រាជ​រដ្ឋាភិ​បាល និង​វិស័យ​ឯក​ជន ក្នុង​ការ​កែ​លម្អ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សាលា​រៀន សម្រាប់​សិស្សានុ​សិស្ស​របស់​យើង។​”

​យុវ​សិស្ស​ថ្នាក់​ទី ១២ ម្នាក់​ឈ្មោះ ស៊ឹ​ម គង្គា​រក្សា បាន​បង្ហាញ​ក្តី​រំភើប​របស់​ខ្លួន ចំពោះ​ការ​ឧបត្ថម្ភ​នេះ “​នាង​ខ្ញុំ​ពិត​ជា​មាន​ក្ដី​រំភើប​ក្រៃ​លែង ដែល​នាង​ខ្ញុំ​មាន​ឱកាស​រៀន និង​បង្កើន​ជំនាញ​បច្ចេក​វិទ្យា​របស់​ខ្ញុំ នៅ​ក្នុង​ថ្នាក់​កុំព្យូទ័រ​ថ្មី​នេះ។ ការ​គាំទ្រ​របស់​ធនាគារ ABA បាន​ជួយ​បង្កើន​នូវ​ឱកាស​ថ្មី សម្រាប់​ខ្ញុំ ក៏​ដូច​ជា​សិស្សានុ​សិស្ស​យើង​ទាំងអស់​នា​ថ្ងៃ​អនាគត​”។​

​ក្នុង​ពិធី​នេះ​ លោកស្រី លី វិទ្យា នាយិកា​ធនធាន​មនុស្ស​នៃ​ធនាគារ ABA បាន​ចែក​រំលែក​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ចំពោះ​វិស័យ​អប់រំ ដែល​ជា​សសរ​ស្តម្ភ​នៃ​យុទ្ធ​សាស្ត្រ​កិច្ច​ការ​ទទួល​ខុស​ត្រូវ​សង្គម “យើង​ខ្ញុំ​មាន​កិត្តិយស​ក្រៃ​លែង​ ដែល​បាន​ចូលរួម​សកម្ម​ភាព​ដ៏​មាន​អត្ថន័យ​មួយ​នេះ​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជូន​សហគមន៍​ ដែល​ធនាគារ​យើងខ្ញុំ​កំពុង​ធ្វើ​ប្រតិ​បត្តិការ​អាជីវកម្ម។​ ធនាគារ​ ABA ជឿ​ជាក់​លើ​ការ​វិនិយោគ​លើ​វិស័យ​អប់រំ ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង។​

​លោកស្រី​បាន​បន្ថែម​ថា “នេះ​គឺ​ជា​គម្រោង​អភិវឌ្ឍន៍​សាលា​រៀន​មួយ ក្នុង​ចំណោម​គម្រោង​ជា​ច្រើន​ទៀត ដែល​យើង​ខ្ញុំ​បាន​គ្រោង​ទុក។ យើង​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​លើក​កម្ពស់​សុខុមាល​ភាព​របស់​កុមារ​កម្ពុជា”។​ ​ក្នុង​នាម​ជា​សាជីវកម្ម​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ ធនាគារ​ ABA នៅ​តែ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​គាំទ្រ​សហគមន៍ សំដៅ​ជំរុញ​យុវជន​កម្ពុជា​យើង​ឲ្យ​មាន​អនាគត​ភ្លឺ​ស្វាង។ ធនាគារ​យើង​ខ្ញុំ​បន្ត​ជំរុញ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព​នៅ​ទូ​ទាំង​ប្រទេស តាម​រយៈ​ការ​ផ្តួចផ្តើម​អនុវត្ត​កិច្ច​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន។​

​តាម​រយៈ​ការ​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​វិទ្យាល័យ​ ហ៊ុន​ សែន កំពង់​រោទិ៍ ABA កំពុង​ជួយ​ឲ្យ​បរិយា​កាស​សិក្សា​នៅ​តាម​សាលា​រៀន​កាន់​តែ​ប្រសើរ​ឡើង និង​ធានា​បាន​ថា សិស្សានុ​សិស្ស​គ្រប់​រូប អាច​បង្ហាញ​សក្តានុ​ពល​ពេញ​បរិបូរណ៍​របស់​ពួក​គេ ហើយ​ទទួល​បាន​អនាគត​ដ៏​ភ្លឺ​ស្វាង​៕​

មតិយោបល់