• 2023-11-30 11:26:47
  • ព័ត៌មាន

Kissinger ទទួល​មរណភាព​នៅ​ជន្មាយុ​ ១០០ឆ្នាំ

  • 2023-11-30 11:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Henry Kissinger បាន​ទទួល​មរណភាព​កាល​ពី​យប់​ថ្ងៃ​ពុធ។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ពិគ្រោះយោបល់​លើ​ភូមិសាស្ត្រនយោបាយ​របស់​លោក។

លោក​បាន​ទទួល​មរណភាព​ដោយ​ជរាពាធ នៅ​លំនៅដ្ឋាន​របស់​លោក​នៅ​ឯ​រដ្ឋ​ Connecticut។

លោក​ដំបូង​ឡើយ​ត្រូវ​បាន​អតីត​ប្រធានាធិបតី​អាមេរិក Richard Nixon តែងតាំង​ធ្វើ​ជា​ទីប្រឹក្សា​សន្តិសុខជាតិ ហើយ​ក្រោយ​មក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចាប់​ពី​ឆ្នាំ១៩៧៣ ដល់​ឆ្នាំ១៩៧៧។

លោក​ជា​បុគ្គល​ដ៏​ចម្រូងចម្រាស់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ លោក​បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ចិន​ប្រជាមានិត និង​សហរដ្ឋអាមេរិក កាល​ពី​ទសវត្ស​ទី៧០។

បន្ថែម​ពី​នេះ​ទៀត បុរស​រូប​នេះ​បាន​ឈ្នះ​ពាន​ណូបែល​សន្តិភាព​កាល​ពី​ឆ្នាំ១៩៧៣ ជាមួយ​នឹង​ឥស្សរជន​វៀតណាម​ខាង​ជើង​ ពាក់ព័ន្ធ​នឹង​ការ​សម្រេច​បាន​នូវ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្ដេជ្ញា​បញ្ចប់​ការពាក់ព័ន្ធ​របស់​អាមេរិក នៅ​ក្នុង​ជម្លោះ​រវាង​វៀតណា​ម​ខាង​ជើង និង​វៀតណាម​ខាង​ត្បូង។

យ៉ាងណាមិញ អ្នកប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​យល់​ឃើញ​ លោក​ Kissinger ជា​អ្នក​ទទួល​ខុសត្រូវ​នៅ​ក្នុង​ការ​ជៀតជ្រែក​របស់​អាមេរិក ទៅ​ក្នុង​កិច្ចការផ្ទៃ​ក្នុង​របស់​ប្រទេស​នានា​លើ​ពិភពលោក៕

ប្រភព៖ Reuters អត្ថបទ៖ សេរី មង្គល

មតិយោបល់