• 2024-01-11 02:41:52
  • ព័ត៌មាន

អតីតជាកម្មកររោចចក្រកាត់ដេរ ស្ត្រីខ្មែររូបនេះ កំពុងតំណែង CEO ក្នុងក្រុមហ៊ុនធំ១នៅជប៉ុន

  • 2024-01-11 02:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើមពីជីវិតក្រលំបាក ស្ត្រីខ្មែរមួយរូប បានតាំងចិត្តមោះមុតដើម្បីរើបំរះសភាពជីវិតនេះ រហូតដល់អាចរកឃើញពន្លឺជីវិតគួរឲ្យសើចសរសើរ ដោយបច្ចុប្បន្ន ស្ត្រីខ្មែររូបនេះ កំពុងកាន់តំណែងជា CEO នៅក្នុងក្រុមហ៊ុនធំមួយនៅក្នុងប្រទេសជប៉ុន។

ស្ត្រីខ្មែររូបនេះមានឈ្មោះថា សែម ណាវី មានវ័យ ៣៩ឆ្នាំ បច្ចុប្បន្ន គឺជា CEO ក្រុមហ៊ុន Sisyphus.inc មានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន ជាក្រុមហ៊ុនចែកចាយវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងការផលិតផលិតផលថែរក្សាសម្ផស្ស។

សមិទ្ធផលដែល ណាវី សម្រេចបាន ក៏បានធ្វើឲ្យខ្ទរខ្ទារដល់ស្ថាប័នសារព័ត៌មានជប៉ុន NIKKEIដ៏ធំជប៉ុនផងដែរ។ សារព័ត៌មាននេះ បានចុះផ្សាយលើកសរសើរពី ណាវី ដែលជាស្ត្រីខ្មែរម្នាក់ តស៊ូរហូតដល់អាចបើកក្រុមហ៊ុន ផ្ទាល់ខ្លួនបាននៅក្នុងទឹកដីជប៉ុន ដែលជារឿងដ៏លំបាកមួយ តែ នាងធ្វើបាន។

ចំណុចផ្សេងទៀត របស់ NIKKEI ក៏បានលើកសរសើរអំពីក្រុមហ៊ុនរបស់ ណាវី ថាជាក្រុមហ៊ុនចែកចាយផលិតផលមានគុណភាព បង្កើតដោយកូនខ្មែរ ហើយនាំមកឲ្យប្រជាពលរដ្ឋបានប្រើវិញ។

តាមសាវតា ណាវី គឺជាកូនទី៣ ក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូន ៦នាក់ ប្រុស១ស្រី៥។ ស្ត្រីខ្មែររូបនេះ មិនបានសិក្សាបានចប់ចុងចប់ដើមឡើយ ព្រោះលទ្ធផលផ្គត់ផ្គង់របស់គ្រួសារមិនអាចទៅរួច។ ដូច្នេះ ណាវី បានបោះចោលការសិក្សាកណ្ដាលទីត្រឹមកម្រិតអនុវិទ្យាល័យប៉ុណ្ណោះ។

ក្រោយបោះបង់ការសិក្សា ណាវី បានចូលធ្វើការរោងចក្រមួយនៅសំណង់១២ ក្នុងពេលនាងទើបមានវ័យត្រឹម ១៦ឆ្នាំ។ ត្បិតថានេះជាការដំបូងដែលអាចឲ្យនាងរកប្រាក់ជួយគ្រួសារ ប៉ុន្តែនារីមាឌតូចស្ដើងរូបនេះ មិនបានបញ្ឈប់ខ្លួនឯងនោះទេ ពោលគឺលទ្ធភាពនាងមិនមាន តែសុបិននាងធំ។

ណាវី ថ្លែងថា "ពេលខ្ញុំធ្វើការនៅរោចក្រ ខ្ញុំបានចូលទៅវាយកាតក្នុងអូហ្វីសគេ ខ្ញុំឃើញគេធ្វើការមុខកុំព្យូទ័រ ខ្ញុំចង់ធ្វើការអីចឹងដែរ គឺក្ដីស្រមៃខ្ញុំចង់ធ្វើការក្នុងអូហ្វីស!”។

បែបនេះ ណាវី បានដាក់ផែនការថា ត្រូវតែឆ្លៀតទៅរៀនវិញ។ ណាវី បានដាក់គោលដៅថា នាងនឹងសុំថ្នាក់លើរបស់នាងចេញពីធ្វើការនៅម៉ោង ៤រៀងរាល់ថ្ងៃ ដើម្បីទៅរៀនភាសាអង់គ្លេស។

ចំពោះសំណើរនេះ ណាវី ប្រាប់ថា មេកើយយល់ព្រម ប៉ុន្តែនាងត្រូវតែធ្វើកិច្ចការទទួលខុសត្រូវរបស់ខ្លួនជាអ្នកដេរហោប៉ៅខោ១-២ពាន់ក្នុង១ថ្ងៃទៅ ៥ពាន់ហោប៉ៅខោខូវប៊យក្នុង១ថ្ងៃ ទើបអាចចេញបាន។ ត្បិតថា កិច្ចការកើតគុណនឹង ៣ តែ ណាវី មុតមាំណាស់ ត្រូវតែធ្វើឲ្យបាន។

ណាវី ថ្លែងថា "ដើម្បីបានចេញម៉ោង៤រៀងរាល់ថ្ងៃ ខ្ញុំប្រឹងដេរណាស់ អត់ហ៊ានឈប់ អត់ហ៊ានជុះនោមអីទេ...ហើយអំឡុងខ្ញុំកំពុងធ្វើការ ល្បីដល់ប្រធានផ្នែកផ្សេងៗនាំក្រុមការងារចុះមកមើល ថាហេតុអីខ្ញុំពូកែដេរ មានតិចនិកអ្វីទើបដេរបានច្រើនអីចឹង"។

តាមការខិតខំ សែម ណាវី បានជាប់ជាកម្មការិនីម្នាក់ដែលស្វះស្វែងការងារបំផុត ហើយក៏ជាសិស្សភាសាអង់គ្លេសដ៏ឆ្នើមមួយរូបផង ព្រោះនាងរៀនបានលេខ១រាល់ខែ។ នារីមាឌល្អិត បានធ្វើជាកម្មការិនីរោងចក្រប្រមាណជាជិត ១០ឆ្នាំ មុនអ្វីៗត្រូវបានផ្លាស់ប្ដូរ។

ការកំណត់គោលដៅជីវិតផ្ទាល់ខ្លួនផង ឬអាចថាវាសនាចារមកផង គ្រួសារណាវីមានដីធំទូលាយ ដែលក្រោយមកសាលាមួយរបស់ជប៉ុនបានមកសុំជួល។ ម្ដាយណាវី យកតែថ្លៃទឹក ថ្លៃភ្លើងប៉ុណ្ណោះ តែមិនយកថ្លៃជួលដីឡើយពីសាលាជប៉ុននេះ ដោយយល់ថា វត្តមានរបស់សាលា បានជួយឲ្យប្អូនៗនាង និងកូនៗអ្នកភូមិផ្សេងទៀតដែលមានជីវភាពលំបាកដូចគ្នា បានរៀនសូត្រដែរ។

ក្រោយមក ណាវី បានចូលធ្វើជាគ្រូបង្រៀនភាសាស្ម័គ្រចិត្តក្នុងសាលានេះទៀត ជួយបង្រៀនក្មេងៗក្នុងភូមិ។ តាមរយៈសាលាអង្គការជប៉ុននេះ ណាវី បានជួបជាមួយស្វាមីនាងសព្វថ្ងៃជាជនជាតិជប៉ុន។

ណាវី បានរៀបការនៅឆ្នាំ ២០០៩ ហើយក្រោយមកបានចេញមករស់នៅក្នុងប្រទេសជប៉ុនជាមួយស្វាមីដល់សព្វថ្ងៃ។ រស់នៅក្នុងប្រទេសជប៉ុនដំបូង ណាវី ប្រាប់ថា នាងមិនមានការងារអ្វីធ្វើទេ គឺនៅផ្ទះមើលកូន។

តែក្រោយមក ដោយសារមើលឃើញពីការប្រើប្រាស់ផលិតផលសម្ផស្សរបស់អ្នកម្ដាយ ពូមីង អ៊ុំសម័យមុនមានការប្រឈមច្រើន។ នាងក៏កើតគំនិតចង់ធ្វើផលិតផលដែលមានគុណភាពល្អមិនប៉ះពាល់សុខភាព នាំមកលក់ឲ្យបងប្អូន ពូមីង ជាជនរួមជាតិ។

ដូច្នេះហើយ នាងបានរត់ការបើកក្រុមហ៊ុននេះ ដែលបច្ចុប្បន្នមានឈ្មោះថា Sisyphus.inc មានចែកចាយវត្ថុធាតុដើមច្នៃពីធម្មជាតិសម្រាប់ផលិតផលិតផលថែរក្សាសម្ផស្ស និងចែកចាយផលិតផលសម្រេចដែលមានគុណភាពខ្ពស់ផងដែរ។

បច្ចុប្បន្នក្រុមហ៊ុនរបស់ ណាវី បានប្រតិបត្តិការនៅប្រទេសមួយចំនួនក្រៅពីជប៉ុនមាន ថៃ ម៉ាឡេស៊ី ចិន និងកម្ពុជាជាដើម។ តាមផែនការ ក្រៅពីនាំផលិតផលដែលមានគុណភាពមកលក់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ នាងក៏កំពុងចរចានាំយកផលិតផលខ្មែរមួយចំនួនទៅលក់ជូនប្រជាជនជប៉ុនវិញដែរ។

សារពី ណាវី៖ ដោយឆ្លងកាត់បទពិសោធន៍ខ្លួនឯងផ្ទាល់ សែម ណាវី លើកទឹកចិត្តយុវជនដែលមិនមានលទ្ធភាពរៀនសូត្របានវែងឆ្ងាយ កុំតូចចិត្ត កុំអស់សង្ឃឹម តែត្រូវតាំងចិត្ត រកឲ្យឃើញក្ដីសុបិនរបស់ខ្លួនឯង ហើយប្រឹងដើរទៅរកវា។ ស្ត្រីអ្នកភ្នំពេញរូបនេះលើកឡើងទៀតថា សញ្ញាប័ត្រពីការសិក្សាចំណេះទូទៅសំខាន់ តែការរៀនជំនាញខ្លីអ្វីមួយក៏សំខាន់។

ដូច្នេះ បើលទ្ធភាពមិនអាចរៀនវែងឆ្ងាយបាន គួរងាកមករកជំនាញអ្វីមួយពិតប្រាកដ ចុងក្រោយក៏អាចរកឃើញអនាគតល្អមួយដូចគ្នា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់