• 2024-02-19 02:29:30
  • ព័ត៌មាន

ក្រុមប្រឹក្សាយុវជនរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា AYC ចួលរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍យុវជន

  • 2024-02-19 02:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមប្រឹក្សាយុវជនរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា The U.S. Ambassador’s Youth Council (AYC) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១២ ដើម្បីបណ្តុះអ្នកដឹកនាំវ័យក្មេងមកពីទូទាំងប្រទេសកម្ពុជាចូលរួមជាមួយយុវជនកម្ពុជាលើប្រធានបទដែលយុវជនចាប់អារម្មណ៍ និងទទួលបានព័ត៌មានអំពីកម្មវិធីស្ថានទូតសហរដ្ឋអាមេរិក និងគោលនយោបាយសហរដ្ឋអាមេរិកនៅកម្ពុជា។ ក្រៅពីតួនាទីប្រឹក្សានេះ សមាជិក AYC ក៏កំពុងធ្វើការលើការអនុវត្តគម្រោង និងសកម្មភាពពាក់ព័ន្ធមួយចំនួនផងដែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសង្គម ជាពិសេសបញ្ហាសំខាន់ៗចំនួនបី រួមមាន ការអប់រំ បរិស្ថាន និងការងារ។

លោក ខន សុវិសាល មន្ត្រីទំនាក់ទំនងសាធារណៈ (Public Relation Officer) របស់ ក្រុមប្រឹក្សាយុវជនរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់ Sabay ថា AYC មានគោលដៅសំខាន់ចំនួន ៣ រួមមានដូចជា ទី១ គឺដើម្បីបង្កើតភាពជាដៃគូល្អរវាងកម្ពុជា-អាមេរិក តាមរយៈយុវជន។ ទី២ ដើម្បីបណ្តុះអ្នកដឹកនាំវ័យក្មេងទូទាំងប្រទេស (ទាំងសមាជិក AYC និងមិនមែនសមាជិក AYC)។ និងទី ៣ គឺដើម្បីរួមចំណែកផ្តាល់នូវធាតុចូលក្នុងកម្មវិធីរបស់ស្ថានទូតសហរដ្ឋអាមេរិក និងគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅកម្ពុជា។

លោក ខន សុវិសាល​ មន្ត្រីទំនាក់ទំនងសាធារណៈ AYC

លោក ខន សុវិសាល បានបន្តថា “ជាមួយនឹងរយៈពេលជិត ១១ ឆ្នាំនៅក្នុងប្រទេសកម្ពុជា AYC បានទទួលសមាជិកជាង ១៣០នាក់។ ហើយ AYC បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសង្គមរបស់យើងតារយៈការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន នៅក្នុងបញ្ហានានាដែលទាក់ទងនឹងគោលដៅ សំខាន់របស់ក្រុមប្រឹក្សាយុវជននេះ។ ហើយទាក់ទងនឹងការអភិវឌ្ឍន៍យុវជន AYC គឺជាក្រុមប្រឹក្សាយុវជនសកម្មមួយ ដែលបានចូលរួមចំណែកក្នុងសកម្មភាព និងយុទ្ធនាការជាច្រើនក្នុងការលើកកម្ពស់ និងបំផុសគំនិតយុវជន។ AYC បានអនុវត្តគម្រោងជាង ៣៩ ដែលដឹកនាំដោយសមាជិកវ័យក្មេងរបស់ AYC។ ដោយមានការគាំទ្រពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ យើងបន្តអនុវត្តគម្រោងរបស់យើង ដើម្បីឆ្លើយតបនឹងការផ្តោតសំខាន់របស់យើងលើបញ្ហាសង្គមទាក់ទងនិងការអប់រំ បរិស្ថាន និងការងារ”។

គួរឱ្យដឹងថាជារៀងរាល់ឆ្នាំ គម្រោងរបស់ AYC បានចូលរួមជាមួយយុវជនទាំងក្នុងទីក្រុង និងតាមបណ្តាខេត្ត តាមរយៈគម្រោងបណ្តុះបណ្តាលជាបន្តបន្ទាប់ រួមមានដូចជា វគ្គចែករំលែកការផ្សព្វផ្សាយ យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម និងការស្ម័គ្រចិត្តក្នុងសហគមន៍។ គម្រោងទាំងនោះបានបំផុសគំនិត យុវជនតាមរយៈគម្រោងផ្សេងៗ មេរៀន ការអនុវត្ត និងបទពិសោធន៍ដែលចែករំលែកដោយក្រុមយុវជនរបស់ AYC។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៣ ក្រុមប្រឹក្សាយុវជនរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានអនុវត្តគម្រោងចំនួន ៤ រួមមាន NoumPlov 2.0, Helping Hand, Neary Osja និង The Smartizen ដែលត្រូវបានអនុវត្តនៅរាជធានីភ្នំពេញ សៀមរាប កំពង់ឆ្នាំង ត្បូងឃ្មុំ និងកំពង់ស្ពឺ។ ដោយមានទាំងអាជ្ញាធរមូលដ្ឋាន នាយកសាលា បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល សិស្សានុសិស្ស និងយុវជនមកពីមជ្ឈដ្ឋានផ្សេងៗគ្នាបានចូលរួម។

កញ្ញា អុឹង ឈីវលាន President of Cohort 11 បានថ្លែងប្រាប់ Sabay ថា “ខ្ញុំបានឭជាលើកដំបូងអំពី AYC ក្នុងឆ្នាំ ២០១៩ នៅពេលដែលខ្ញុំកំពុងសិក្សានៅប្រទេសថៃ តាមរយៈមិត្តភក្តិរបស់ខ្ញុំ។ ការងារស្ម័គ្រចិត្តតែងតែជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។ ដូច្នេះនៅពេលដែលខ្ញុំត្រលប់មកប្រទេសកម្ពុជាវិញនៅចុងឆ្នាំ ២០២១ ខ្ញុំកំពុងស្វែងរកឱកាស ដើម្បីបម្រើសហគមន៍របស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំបានរកឃើញ AYC!” កញ្ញាបន្តថា “មូលហេតុចម្បងដែលខ្ញុំសម្រេចចិត្តចូលរួមជាមួយ AYC គឺដោយសារតែខ្ញុំចង់ចាកចេញពី comfort zone ដោយប្រកួតប្រជែងខ្លួនឯងដើម្បីធ្វើអ្វីមួយដែលធំ ហើយអាចត្រឡប់ទៅប្រទេសកំណើតរបស់ខ្ញុំវិញក្នុងពេលតែមួយ។

កញ្ញា អុឹង ឈីវលាន President of Cohort 11

ក្នុងនាមជាយុវជន ដែលបានចូលរួមជាមួយ AYC កញ្ញា អុឹង ឈីវលាន បានបន្តឱ្យដឹងថា “ការចូលរួមជាមួយ AYC ធ្វើឱ្យខ្ញុំទទួលបានបទពិសោធន៍ច្រើនណាស់ ហើយបានជួយខ្ញុំឱ្យរីកចម្រើនដោយខ្លួនឯងតាមវិធីផ្សេងៗ។ ទីមួយ ការដែលក្លាយជាផ្នែកមួយនៃសហគមន៍នៃអ្នកដឹកនាំ ដែលមានគំនិតដូចគ្នានៅក្នុង AYC បានបំផុសគំនិតខ្ញុំ និងផ្តល់ឱ្យខ្ញុំនូវបណ្តាញដើម្បីធ្វើការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា។ ទីពីរ ខ្ញុំត្រូវបានគេរុញចេញពីតំបន់ comfort zone របស់ខ្ញុំជាច្រើនដងដើម្បីអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែល្អប្រសើរជាពិសេសក្នុងអំឡុងពេលគម្រោង Neary Osja ហើយឥឡូវកំពុងកាន់តួនាទីជាប្រធានស្ត្រី។ ជាចុងក្រោយ AYC បានផ្តល់កន្លែងមួយសម្រាប់ខ្ញុំដើម្បីក្លាយជាខ្លួនឯងពិតប្រាកដ និងបង្កើតទំនាក់ទំនងពិតប្រាកដជាមួយមនុស្សដែលបន្តធ្វើជាមិត្តល្អបំផុតរបស់ខ្ញុំ និងសូម្បីតែលើសពីនេះទៅទៀត!”។

ជាចុងក្រោយ កញ្ញា អុឹង ឈីវលាន (President of Cohort 11) មានសារចង់ចែករំលែកទៅកាន់យុវជនកម្ពុជារបស់យើងដែលមានបំណងចង់ចូលរួមជាមួយ AYC គឺដើម្បីក្លាយជាខ្លួនឯងពិតប្រាកដ។ កញ្ញា បាននិយាយថា នៅ AYC ពិតជាឱ្យតម្លៃលើភាពសម្បូរបែបនៃបុគ្គលម្នាក់ៗ ដោយសារការជឿថាអ្នកគ្រប់គ្នាមានលក្ខណៈពិសេស និងសក្តានុពលរៀងៗខ្លួនដើម្បីរៀន និងរួមចំណែកដល់ ក្រុមប្រឹក្សាយុវជនរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់