• 2024-02-19 15:06:58
  • ជំនឿ

ឧទ្យាន​ជាតិ​បូកគោ៖​ ធ្វើ​ពិធី​បុណ្យផ្កា​រស្មី​សាមគ្គី​ដើម្បី​កសាង​ព្រះ​ពុទ្ធប្បដិមា​កម្ពស់​ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០អង្គ ​

  • 2024-02-19 15:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ផ្កា​រស្មី​សាមគ្គី​ដ៏​ធំ​មួយ​នឹង​ធ្វើ​ឡើង​នៅ​លើ​ខ្នង​ភ្នំបូកគោ ​ខេត្ត​កំពត ​ដែល​រៀបចំ​ឡើង​ដោយ​អ្នក​ឧកញ៉ា​ សុខ គង់​ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ ក្នុង​-ក្រៅ​ប្រទេស​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​​ផ្ដើម​ធ្វើ​បុណ្យ​នេះ​ឡើង​ដើម្បី​កសាង​ព្រះ​ពុទ្ធប្បដិមា ​កម្ពស់ ​១០៨ម៉ែត្រ និង​ព្រះ​ពុទ្ធប្បដិមា​អង្គ​តូច​ចំនួន ៨៤,០០០ អង្គ។​

បុណ្យផ្ការស្មីសាមគ្គីជាតិនេះ នឹង​ប្រារព្ធ​ធ្វើ​រយៈពេល​ ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៤។ ថ្ងៃទី១​ ជួបជុំ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​នៅ​ការដ្ឋាន​សាងសង់​ព្រះពុទ្ធប្បដិមាកម្ពស់ ​១០៨ម៉ែត្រ ស្ថិតនៅតំបន់វាលស្រែ៥០០ លើ​ខ្នង​ភ្នំបូកគោ។​ នៅ​ពេល​រាត្រី ក្រុមសិល្បៈល្ខោនបាសាក់អប្សរាសម្តែងជូនទស្សនាទល់ភ្លឺនៅមុខ​សណ្ឋាគារ​ឋានសួគ៌ សុខា។

ថ្ងៃទី២​ ពេល​ព្រឹក​ ប្រគេនយាគូ និងចង្ហាន់ពេលព្រឹកដល់ព្រះសង្ឃ ហើយ​នៅ​ពេល​រសៀល​ ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើ​បទនមស្ការព្រះរតនត្រ័យ។ ឈាន​ដល់​ពេល​រាត្រី​ក្រុមសិល្បៈល្ខោនបាសាក់សម្តែងជូនទស្សនាទល់ភ្លឺ។​ និង​ថ្ងៃ​ទី៣ ព្រឹកប្រគេនយាគូ និងចង្ហាន់ពេលព្រឹកដល់ព្រះសង្ឃ និង​មាន​ពិធី​រាប់បាត្រ​ព្រះសង្ឃ ១,០០០ អង្គ ក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវ័ង្ស អំ លីមហេង ​ស្ថិតនៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ តំបន់វាលស្រែ៥០០ លើខ្នងភ្នំបូកគោ។

ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានជិតឆ្ងាយ​ចូលរួម​ដោយ​ក្ដី​សោមនស្សរីករាយ ​និង​ជួយ​ឧបត្ថមគាំទ្រ ​ចាប់​មគ្គផល​ និង​អនុមោទនា​ទទួល​យក​ផលានិសង្ស​តាម​សទ្ធាជ្រះថ្លា​រៀងៗខ្លួន។ ដើម្បីបានចូលរួមចំណែកជ្រះថ្លាក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់​១០៨ម៉ែត្រ​នេះ​ពុទ្ធបរិស័ទអាច​មាន​ឱកាស​ចាប់​យក​កុសលផល​បុណ្យ​ចូលរួម​ភ្ជាប់​និស្ស័យ​កសាង​ព្រះ​ពុទ្ធ​អង្គ​ធំ​នេះ​ដោយ​សទ្ធាជ្រះថ្លា​ ជា​ពិសេស​ពុទ្ធបរិស័ទ​ទាំង​អស់​អាច​ចាប់មគ្គផលកុសលផលបុណ្យជាវព្រះអង្គតូចៗដែលមានទំហំ កម្ពស់ ០.៣១ម៉ែត្រ ,បណ្តោយ ០.២៥ម៉ែត្រ និង ទទឹង ០.១៦៥ម៉ែត្រ មាន ៤ថ្នាក់៩ជាន់ ហើយអាចចារឹកឈ្មោះផ្ទាល់ខ្លួន , ឈ្មោះអ្នកមានគុណ ,លោកតាលោកយាយ ដើម្បីទទួលបានកុសលផលបុណ្យផងដែរ ហើយដំកល់ទុកនៅក្នុងខឿនក្រោមព្រះអង្គធំ ទុកជាប្រវត្តិសាស្រ្តយូរអង្វែងតគ្រប់ជំនាន់ដល់កូនចៅជំនាន់ក្រោយបានគោរពជាទីសក្ការ:៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

   

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់