- 2024-06-07 14:07:07
- ព័ត៌មាន
មកស្គាល់ប្រមុខរដ្ឋ/ រដ្ឋាភិបាលស្ត្រីសម័យទំនើបនៅអាស៊ីអាគ្នេយ៍
- 2024-06-07 14:07:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ប្រមុខរដ្ឋ/ រដ្ឋាភិបាលស្ត្រីសម័យទំនើបនៅអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ម៉ិកស៊ីកូបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្ត្រីដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រ ២០០ឆ្នាំរបស់ខ្លួន។ នៅថ្ងៃនេះដែរ Sabay ចង់បង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកស្គាល់មេដឹកនាំស្ត្រី ដែលកាន់តំណែងជាប្រមុខរដ្ឋ ឬ ប្រមុខរដ្ឋាភិបាលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ភូមិផងរបងជាមួយកម្ពុជានៅក្នុងសម័យទំនើប។
១- កូរ៉ាហ្សន អាគីណូ (Corazon Aquino) ប្រធានាធិបតីហ្វីលីពីន (១៩៨៦-១៩៩២)
អ្នកស្រី អាគីណូ បានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីននៅឆ្នាំ១៩៨៦ ក្រោយពេលដែលប្រទេសមួយនេះរស់នៅក្រោមការដឹកនាំរបស់លោកហ្វើឌីណង់ ម៉ាកូស អស់រយៈពេលប្រមាណ ២០ឆ្នាំពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៨៦។ អ្នកស្រីអាគីណូ ត្រូវបានគេចាត់ទុកជា «មាតាប្រជាធិបតេយ្យ» នៃប្រទេសហ្វីលីពីន។
២- ហ្គ្លូរី អារីយ៉ូ (Maria Gloria Macaraeg Macapagal Arroyo) ប្រធានាធិបតីហ្វីលីពីន (២០០១-២០១០)
អ្នកស្រី អារីយ៉ូ បានឡើងធ្វើជាប្រធានហ្វីលីពីននៅឆ្នាំ២០០១ បន្ទាប់ពីលោក ចូសេហ្វ អេស្ត្រាដា លាលែងចេញពីតំណែង ក្រោយមានរឿងក្ដីក្ដាំពុករលួយ។ អ្នកស្រីជាអនុប្រធានាធិបតីរបស់លោក អេស្ត្រាដា ដែលជាប់ឆ្នោតនៅឆ្នាំ១៩៩៨ ដូច្នេះហើយ ពេលលោកលាចេញទៅ អ្នកស្រីជាអ្នកកាន់បន្ត រហូតដល់ចប់អាណត្តិ ៦ឆ្នាំ នៅឆ្នាំ២០០៤។ លុះនៅឆ្នាំ២០០៤ អ្នកស្រីបានឈរឈ្មោះជាប្រធានាធិបតី និងជាប់ឆ្នោតជាប់ធ្វើជាប្រមុខរដ្ឋប្រទេសនេះបាន ៦ឆ្នាំទៀត រហូតដល់ឆ្នាំ២០១០។
៣- មេហ្គាវ៉ាទី ស៊ូកាណូពុទ្រី (Megawati Soekarnoputri) ប្រធានាធិបតីឥណ្ឌូនេស៊ី (២០០១-២០០៤)
អ្នកស្រី មេហ្គាវ៉ាទី ជាកូនស្រីរបស់មេដឹកនាំទី១ឥណ្ឌូនេស៊ី លោក ស៊ូកាណូ ដែលជាបុគ្គលមួយរូបដឹកនាំប្រទេសនេះឱ្យបានឯករាជ្យពីហុល្លង់។ អ្នកស្រីបានជាប់ឆ្នោតជាអនុប្រធានប្រទេសនេះនៅឆ្នាំ១៩៩៩ ដោយមានលោក អាប់ឌូរ៉ាម៉ាន វ៉ាហ៊ីដ ជាប្រធានាធិបតី។ យ៉ាងណាមិញ នៅពេលមានការប្រកួតប្រជែងនយោបាយនៅឆ្នាំ២០០១ លោកអាប់ឌូរ៉ាម៉ាន វ៉ាហ៊ីដ បានចេញក្រឹត្យប្រធានាធិបតីរំលាយសភាឥណ្ឌូនេស៊ី ប៉ុន្តែសមាជិកសភាឥណ្ឌូបាននាំគ្នាបង្កើត សភាប្រឹក្សាយោបល់ប្រជាជន ហើយដកតំណែងលោក វ៉ាហ៊ីដ តែម្ដង។ ដោយសារតែការដកតំណែងនេះហើយ ទើបអ្នកស្រី មេហ្គាវ៉ាទី បានឡើងកាន់ជាប្រធានឥណ្ឌូនេស៊ីនៅឆ្នាំ២០០១។ ទោះជាបែបនេះក្ដី អ្នកស្រីបានចាញ់ឆ្នោតនៅឆ្នាំ២០០៤ ដោយលោក ស៊ូស៊ីឡូ បាមបាំង យូដូយូណូជាអ្នកទទួលជ័យជម្នះ។
៤- យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃ (២០១១-២០១៤)
អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា បានឡើងធ្វើនាយកថៃនៅឆ្នាំ២០១១ បន្ទាប់ពីមានការបោះឆ្នោតសកលមួយ ក្រោយមានវិបត្តិនយោបាយនៅស្រុកថៃ។ ដោយវិបត្តិនយោបាយថៃនៅតែបន្ត រហូតដល់មានចលាចលខ្លាំងនៅឆ្នាំ២០១៣-១៤ អ្នកស្រីត្រូវបានក្រុមយោធាថៃ ធ្វើរដ្ឋប្រហារទម្លាក់នៅខែឧសភា ឆ្នាំ២០១៤។
៥- ហាលីម៉ា យ៉ាកុប (Halimah Yacob) ប្រធានាធិបតីសិង្ហបុរី (២០១៧-២០២៣)
អ្នកស្រី យ៉ាកុប បានជាប់ជាប្រធានាធិបតីសិង្ហបុរីនៅឆ្នាំ២០១៧ នៅក្នុងការបោះឆ្នោតមួយ ដែលមានបេក្ខជនប្រធានាធិបតីស្របច្បាប់តែមួយរូបគត់។ សិង្ហបុរីជាប្រទេសដែលមានជនជាតិធំៗ ៣ គឺ ចិន ម៉ាឡេ និងឥណ្ឌា តែតំណែងប្រធានាធិបតីសិង្ហបុរីនៅមុនឆ្នាំ២០១៧ សុទ្ធតែជាជនជាតិចិន ឬ ឥណ្ឌា។ ដូច្នេះហើយ នៅឆ្នាំ២០១៧ សិង្ហបុរីចង់ឱ្យមានប្រធានមកពីជនជាតិម៉ាឡេ។ មានបេក្ខជនម៉ាឡេមួយចំនួនបានដាក់ពាក្យមកឈរឈ្មោះជាប្រធានាធិបតី តែមានតែអ្នកស្រី យ៉ាកុប ប៉ុណ្ណោះ ដែលសមស្របតាមតម្រូវការរបស់គណៈកម្មាការរៀបចំការបោះឆ្នោតសិង្ហបុរី។
៦- ដាង ធី ង៉ុក ធិញ (Đặng Thị Ngọc Thịnh) ប្រធានាធិបតីស្ដីទីវៀតណាម (២០១៨)
អ្នកស្រី ដាង ធី ង៉ុក ធិញ បានធ្វើជាប្រធានស្ដីទីវៀតណាមចំនួន ៣២ថ្ងៃ នៅខែកញ្ញា ដល់ខែតុលា ២០១៨ ក្រោយពីការស្លាប់របស់លោក ជិន ដៃ ក្វាង ដែលជាប្រធានាធិបតីវៀតណាមនៅកាលនោះ។ អ្នកស្រីជាប្រធានាធិបតីស្ត្រីដំបូងបង្អស់នៅវៀតណាម។ អ្នកស្រីក្រោយពីគេរើសបានប្រធានាធិបតីវៀតណាមពេញសិទ្ធិហើយ បានត្រលប់មកធ្វើជាអនុប្រធានាធិបតីវិញរហូតដល់ឆ្នាំ២០២១។
៧- វ៉ូ ធីអាញ់សៀន (Võ Thị Ánh Xuân) ប្រធានាធិបតីស្ដីទីវៀតណាម (២០២៣ និង២០២៤)
អ្នកស្រីវ៉ូ ធីអាញ់សៀន ធ្វើជាប្រធានស្ដីទីវៀតណាមបាន ៤៣ថ្ងៃនៅឆ្នាំ២០២៣ បន្ទាប់ពីលោក ង្វៀន សួនហ្វ៊ុក លាលែងចេញតំណែង និង ៦២ថ្ងៃ បន្ទាប់ពី លោក វ៉ូ វ៉ាន់ថួង លាលែងនៅឆ្នាំ២០២៤។ ដូចនឹងអ្នកស្រី ធិញ ដែរ អ្នកស្រី សៀន បានត្រលប់មកធ្វើជាអនុប្រធានាធិបតីវិញ បន្ទាប់ពីគេរើសប្រធានាធិបតីពេញសិទ្ធិ៕