- 2024-08-28 12:16:43
- ព័ត៌មាន
អាជ្ញាធរស្រុកមួយនៅកូរ៉េខាងត្បូងជូនទឹកប្រាក់ដល់គូស្នេហ៍កូរ៉េដែលព្រមរៀបការ
- 2024-08-28 12:16:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរស្រុកមួយនៅកូរ៉េខាងត្បូងជូនទឹកប្រាក់ដល់គូស្នេហ៍កូរ៉េដែលព្រមរៀបការ
ចន្លោះមិនឃើញ
រដ្ឋបាលស្រុកសាហា ដែលជាស្រុកភាគខាងលិចនៃទីក្រុងប៊ូសានកូរ៉េខាងត្បូង គ្រោងនឹងជូនរង្វាន់ជាទឹកប្រាក់ដល់គូស្នេហ៍ជនជាតិកូរ៉េណា ដែលព្រមបង្កើតចំណងស្នេហា និងព្រមរៀបការ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
ប្រភពខាងលើបានឱ្យដឹងថា រដ្ឋបាលស្រុកសាហានេះបានរៀបចំថវិកាមួយកញ្ចប់ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនរបស់ខ្លួនបង្កើតគ្រួសារ និងបង្កើតកូនពូនជាចៅ ស្របពេលដែលចំនួនប្រជាជននៅប្រទេសអាស៊ីបូព៌ាមួយនេះកំពុងតែធ្លាក់ចុះ។
កម្មវិធីសាកល្បងនេះនឹងចាប់ផ្ដើមនៅខែតុលាឆ្នាំនេះ ដោយខាងស្រុកសាហានេះជ្រើសរើសយកតែជនជាតិកូរ៉េ ដែលរស់នៅក្នុងមូលដ្ឋានដែនដីរបស់ខ្លួន។ អ្នកចូលរួមត្រូវតែមានអាយុអំឡុង ២៤ឆ្នាំ និង ៤៣ឆ្នាំ ហើយត្រូវដាក់ពាក្យ ដោយឆ្លងកាត់នូវការត្រួតពិនិត្យ និងសម្ភាសន៍ពីសំណាក់សាលាស្រុក។
ខាងស្រុកនឹងកំណត់មួយថ្ងៃនៅក្នុងខែតុលា ដើម្បីប្រមូលផ្ដុំឱ្យអ្នកដែលស្វែងរកគូ។ ចំពោះគូណាដែលព្រមធ្វើជាសង្សារគ្នា ខាងស្រុកនឹងជូនទឹកប្រាក់ ៥០ម៉ឺនវ៉ុន ឬ ៣៦០ដុល្លារអាមេរិក ហើយចំពោះគូស្នេហ៍ណា ដែលព្រមរៀបការជាមួយគ្នា ខាងសាលាស្រុកនឹងជូនកាដូជាទឹកប្រាក់ ២០លានវ៉ុន ឬ ស្មើនឹងក្បែរ ១៥ ០០០ដុល្លារអាមេរិក។
បន្ថែមពីនេះទៅទៀត គូស្វាមីភរិយាថ្មីអាចនឹងទទួលបានទឹកប្រាក់ ៣០លានវ៉ុន ឬ ខ្ទង់ ២ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីដាក់ប្រាក់តម្កល់ទិញផ្ទះ ឬ ផ្ដល់ថ្លៃជួលផ្ទះមួយខែ ៨០ម៉ឺនវ៉ុន ឬ ៦០០ដុល្លារអាមេរិក សម្រាប់ជួលផ្ទះចំនួន ៥ឆ្នាំ៕