• 2024-12-20 03:09:46
  • ព័ត៌មាន

តាមពិត នៅអាមេរិក មានទីក្រុងមួយ ឈ្មោះថា "ទីក្រុងខ្មែរ - Cambodia Town"

  • 2024-12-20 03:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Long Beach ជាទីក្រុងមួយដ៏ធំរបស់អាមេរិក ដែលមានមនុស្សរស់នៅចម្រុះជាតិសាសន៍ លាយឡំជាមួយនឹងវប្បធម៌ចម្រុះដូចគ្នា។ ទីក្រុងដែលស្ថិតនៅក្នុងរដ្ឋ California នេះ មានមនុស្សមករស់នៅ ពីគ្រប់ទ្វីបនៅជុំវិញពិភពលោក ពោលគឺមកពី អាស៊ី អឺរ៉ុប អាមេរិកឡាទីន អាហ្វ្រិក និង អូសេអានី។

ទីក្រុង Long Beach មានចំនួនប្រជាជនខ្មែររស់នៅច្រើនជាងគេ។ ជនជាតិខ្មែរ មានចំនួន ៤ភាគរយ ក្នុងចំណោមប្រជាជនសរុប ប្រមាណ ៤៨៦០០០ នាក់ ដែលកំពុងរស់នៅទីក្រុងនេះ។ ដើម្បីធ្វើឱ្យការរស់នៅក្នុងសហគមន៍ខ្មែរ មានភាពរស់រវើក និងផ្តល់ជាអត្តសញ្ញាណមួយ ក្រុមប្រឹក្សាភិបាលនៃទីក្រុង Long Beach បានសម្រេចបោះឆ្នោត ដាក់ឈ្មោះសហគមន៍ដែលមានខ្មែររស់នៅច្រើននេះថាជា “ទីក្រុងខ្មែរ - Cambodia Town”។

“ទីក្រុងខ្មែរ - Cambodia Town” មានទីតាំងស្ថិតនៅបណ្តោយផ្លូវ Anaheim Street និងនៅចន្លោះរវាងមហាវិថី Atlantic និង Junipero ជាតំបន់ពាណិជ្ជកម្ម បណ្តុំទៅដោយហាងលក់ទំនិញ ហាងលក់អាហារ ហាងកាត់សក់ ហាងលក់សម្លៀកបំពាក់ និង ហាងលក់គ្រឿងអលង្ការ ដែលសុទ្ធសឹងតែមានម្ចាស់ជាជនជាតិខ្មែរ។

អ្វីដែលពិសេស និង គួរឱ្យចាប់អារម្មណ៍បំផុតនៅពេលធ្វើដំណើរមកដល់ “ទីក្រុងខ្មែរ - Cambodia Town” គឺជាភោជនីយដ្ឋានខ្មែរ លក់អាហារខ្មែរពេញនិយម ដូចជា ឆាឡុកឡាក់ អាម៉ុកត្រី និង គុយទាវ ដែលរសជាតិនៃអាហារទាំងអស់នេះ នៅតែដក់ជាប់នៅក្នុងដួងចិត្តរបស់បងប្អូនប្រជាជនខ្មែរគ្រប់រូប ដែលកំពុងរស់នៅក្រៅប្រទេស ជាពិសេសនោះគឺសហរដ្ឋអាមេរិកតែម្តង។

សហគមន៍ខ្មែរ បានបន្ថែមនូវវប្បធម៌ចម្រុះពណ៌ឱ្យដល់ ទីក្រុង Long Beach ដែលជាទីក្រុងមានសក្តានុពលសម្រាប់វិស័យទេសចរណ៍។ ក្រុមសិល្បករខ្មែរ នៅទីនោះបានរៀបចំនូវការសម្តែងរបាំ ចម្រៀង និង ក្បាច់រំរបស់ខ្មែរ ក៏ដូចជា សម្បត្តិវប្បធម៌ជាតិ ដើម្បីថែរក្សា និងលើកតម្កើង ក៏ដូចជាដើម្បីបង្រៀនទៅដល់កូនខ្មែរ ដែលកើតនៅទឹកដីអាមេរិក ឱ្យយល់ដឹងពីវប្បធម៌ និង អត្តសញ្ញាណ របស់ជាតិខ្លួនផងដែរ៕

ប្រភព ៖ Visit Long Beach

ប្រែសម្រួល ៖ គីម ណារ៉ាក់

មតិយោបល់