- 2024-11-07 03:45:42
- ព័ត៌មាន
នៅអាស៊ីអាគ្នេយ៍ តើប្រទេសណាមានតំបន់បេតិកភណ្ឌពិភពលោកច្រើនជាងគេ?
- 2024-11-07 03:45:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅអាស៊ីអាគ្នេយ៍ តើប្រទេសណាមានតំបន់បេតិកភណ្ឌពិភពលោកច្រើនជាងគេ?
ចន្លោះមិនឃើញ
អាស៊ីអាគ្នេយ៍ជាតំបន់ដែលមានអរិយធម៌វប្បធម៌ និងតំបន់ធម្មជាតិដ៏សម្បូរបែបនៅក្នុងពិភពលោក។ ប្រទេសនានានៅក្នុងតំបន់ ដែលមាន ១១ប្រទេសនេះ ក៏ព្យាយាមដាក់តំបន់វប្បធម៌ និងធម្មជាតិរបស់ខ្លួនចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ ឬ ហៅកាត់ថា អង្គការយូណេស្កូ (UNESCO)។
នៅលើពិភពលោក មានតំបន់បេតិកភណ្ឌពិភពលោកសរុប ១ ១៩៩កន្លែង ក្នុងចំណោមប្រទេសចំនួន ១៦៥ (ចំណោម ១៩៣ប្រទេស ដែលជាសមាជិកអង្គការសហប្រជាជាតិ) ដោយក្នុងនោះ ៤៨កន្លែង ជាតំបន់មានកម្មសិទ្ធិលើសពី ២ប្រទេស។
នៅតំបន់អាស៊ីអាគ្នេយ៍របស់យើងមានតំបន់បេតិកភណ្ឌពិភពលោកសរុប ៤៥កន្លែង ដោយក្នុងនោះឥណ្ឌូនេស៊ីមានច្រើនជាងគេ ដោយមាន ១០កន្លែង ដែលតំបន់វប្បធម៌ ៦កន្លែង និងធម្មជាតិ ៤កន្លែង។ កម្ពុជាយើងវិញមាន ៤កន្លែង ដោយសុទ្ធតែតំបន់វប្បធម៌ ដោយក្នុងនោះរួមមាន តំបន់អង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសម្បូរព្រៃគុហ៍ ហើយចុងក្រោយនៅឆ្នាំ២០២៣គឺ ប្រាសាទកោះកេរ។
យ៉ាងណាមិញ ចំណោម ១១ប្រទេសនៅអាស៊ីអាគ្នេយ៍ មានតែ ៩ប្រទេសទេ ដែលមានតំបន់បេតិកភណ្ឌពិភពលោក។ ២ប្រទេសដែលមិនមានគឺ ប្រទេសប្រ៊ុយណេ និងទីម័រឡេស្តេ។
ខាងក្រោមនេះជាបញ្ជីប្រទេសអាស៊ីអាគ្នេយ៍ ដែលមានតំបន់បេតិកភណ្ឌពិភពលោកក្នុងបញ្ជីយូណេស្កូ៖
១. ឥណ្ឌូនេស៊ី៖ ១០កន្លែង
២. វៀតណាម៖ ៨កន្លែង
៣. ថៃ៖ ៧កន្លែង
៤. ហ្វីលីពីន៖ ៦កន្លែង
៥. កម្ពុជា៖ ៤កន្លែង
៦. ម៉ាឡេស៊ី៖ ៤កន្លែង
៧. ឡាវ៖ ៣កន្លែង
៨. មីយ៉ាន់ម៉ា៖ ២កន្លែង
៩. សិង្ហបុរី៖ ១កន្លែង៕
ប្រភព៖ អង្គការយូណេស្កូ