• 2024-12-12 04:34:41
  • ព័ត៌មាន

ខេត្តសៀមរាប​ នឹងក្លាយជាគោលដៅទេសចរណ៍ លំដាប់ទី១ សម្រាប់ជនជាតិអូស្រ្តាលី ឆ្នាំ ២០២៥

  • 2024-12-12 04:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តសៀមរាប នឹងក្លាយជាគោលដៅទេសចរណ៍ លំដាប់ទី ១ សម្រាប់ជនជាតិអូស្រ្តាលី នៅក្នុងឆ្នាំ ២០២៥ នេះបើយោងតាមរបាយការណ៍ចុះផ្សាយដោយ Skycanner’s Travel Trends។ សៀមរាប ជាខេត្តមួយរបស់កម្ពុជា មានសក្តានុពលទាក់ទាញភ្ញៀវទេសចរ មកកម្សាន្ត ដោយមានសម្បត្តិវប្បធម៌ដ៏ល្អវិចិត្រ នោះគឺប្រាសាទបុរាណ ដែលមានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង ប្រាសាទតាព្រហ្ម ជាដើម។

ក្រៅពីមានប្រាសាទបុរាណ ដែលជាដួងព្រលឹងរបស់ជាតិហើយ ខេត្តសៀមរាប ជាទីក្រុងវប្បធម៌របស់កម្ពុជា រាប់បញ្ចូលទាំងម្ហូបអាហារ ការរស់នៅរបស់ប្រជាជន។

ជនជាតិអូស្រ្តាលី ប្រមាណ ៤៣ភាគរយ នឹងចំណាយប្រាក់ទៅលើការដើរកម្សន្តនៅក្រៅប្រទេស ហើយអ្វីដែលជនជាតិនេះ ចាប់អារម្មណ៍ខ្លាំងសម្រាប់គោលដៅទេសចរណ៍របស់ពួកគេ គឺ កត្តាអាកាសធាតុ ៦៦ភាគរយ កត្តាទាក់ទាញ ៦៥ភាគរយ កត្តាអាហារ ៦៣ភាគរយ និង វប្បធម៌ ៥៩ភាគរយ។ បើទោះបីជាការចំណាយចាយវាយក្នុងការរស់នៅប្រចាំថ្ងៃ នៅអូស្រ្តាលី មានការកើនឡើងក៏ដោយ ប៉ុន្តែការព្យាករណ៍ បានបង្ហាញថាប្រជាជនអូស្រ្តាលី នឹងធ្វើដំណើរកម្សាន្តក្រៅប្រទេសញឹកញាប់ នៅក្នុងឆ្នាំ ២០២៥ ខាងមុខ។

ឯកឧត្តម តុប សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រជាជនអូស្រ្តាលី មកទស្សនាប្រទេសកម្ពុជា មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់។ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤ មានទេសចរ អូស្រ្តាលី ប្រមាណជាង ៧មុឺននាក់ បានមកលេងកម្ពុជា ឈរនៅលំដាប់ទី ៧ ជាភ្ញៀវទេសចរបរទេស មកទស្សនាខេត្តសៀមរាប និង ប្រាសាទអង្គរ ច្រើនជាងគេ។

ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បន្តថា “កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ មកពីប្រទេសអូស្រ្តាលី។ ប្រជាជនអូស្រ្តាលី ភាគច្រើនមកកម្សាន្តនៅកម្ពុជារយៈពេលវែង និងចំណាយច្រើនលើការស្នាក់នៅ ហូបចុកជាដើម។”

គួរបញ្ជាក់ថា ឧទ្យានបុរាណវិទ្យាអង្គរ របស់កម្ពុជា បានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO។ ប្រាសាទបុរាណល្បីៗ មានប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និង ប្រាសាទបាយ័ន ដែលបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពី អូស្រ្តាលី ទ្វីបអឺរ៉ុប និង អាមេរិក៕

ប្រភព ៖ Travel And Tour World

ប្រែសម្រួល ៖ គីម ណារ៉ាក់

មតិយោបល់