• 2024-12-19 06:23:17
  • ព័ត៌មាន

ធនាគារ វីង គាំទ្រព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក្នុងឱកាសអបអរសាទរខួប២០ឆ្នាំ

  • 2024-12-19 06:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ វីង មានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក្នុងការរៀបចំព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ក្នុងឱកាសអបអរសាទរខួប ២០ឆ្នាំនៃការបង្កើតសាលានេះឡើង ក៏ដូចជារៃអង្គាសថវិកាដើម្បីទ្រទ្រង់ស្ថាប័នចំនួនពីរគឺ៖ មន្ទីរពេទ្យគន្ធបុប្ឆា និងកាកបាទក្រហមកម្ពុជា។កិច្ចសហការនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ វីង សំដៅជួយគាំទ្រសុខុមាលភាពសហគមន៍ ក៏ដូចជាលើកកម្ពស់គំនិតផ្តួចផ្តើមទាំងឡាយណាដែលផ្តល់នូវផលវិជ្ជមានទៅដល់សង្គមទាំងមូល។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ទទួលបានអ្នកចូលរួមប្រមាណ ៤.០០០នាក់ អញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន មានទាំងអ្នករត់មានបទពិសោធន៍ ក៏ដូចជារត់កម្សាន្តជាលក្ខណៈក្រុមគ្រួសារ។ ព្រឹត្តិការណ៍រត់ដែលមានចម្ងាយ៤គីឡូម៉ែត្រនេះ បានបង្កើតនូវបរិយាកាសដ៏ស្វាហាប់ និងរីករាយបំផុតដែលផ្តល់ឱកាសនូវការជួបជុំគ្នានៅក្នុងសហគមន៍ដើម្បីជួយទ្រទ្រង់បុព្វហេតុដ៏សំខាន់នេះ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានបង្ហាញចំណាប់អារម្មណ៍ពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះដោយលើកឡើងថា៖ “ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះគឺជាកម្មវិធីដ៏ល្អមួយមួយដើម្បីលើកកម្ពស់សុខុមាលភាពរាងកាយ ក៏ដូចជាសាមគ្គីភាពនៅក្នុងសហគមន៍។ ព្រឹត្តិការណ៍នេះគឺស្របតាមបេសកកម្មរបស់ធនាគារ វីង ដើម្បីបង្កើតផលវិជ្ជមានយូរអង្វែងសម្រាប់សហគមន៍។ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមអបអរសាទរខួប២០ឆ្នាំនៃឧត្តមភាពលើវិស័យអប់រំរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏ដូចជាការរួមចំណែកជាបន្តបន្ទាប់របស់សាលាចំពោះវិស័យអប់រំ និងបុព្វហេតុសង្គមនៅក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះ គឺលើសពីការរត់កម្សាន្តដើម្បីសុខភាព តែក៏ជាការប្រារព្ធធ្វើឡើងដើម្បីអបអរសាទរនូវភាពលេចធ្លោក្នុងវិស័យអប់រំ និងការរួចំណែកជួយទៅដល់សហគមន៍របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ផងដែរ។ បន្ថែមពីលើការរត់កម្សាន្ត អ្នកចូលរួមទទួលបាននូវភាពរីករាយជាមួយសកម្មភាពគ្រួសារជាច្រើន រួមទាំងស្តង់លេងហ្គេមកម្សាន្ត ការសម្តែងតន្រ្តី និងរបាំ ពីកុមារា-កុមារីដែលមានទេព្យកោសល្យ ការគូរមុខ និងការចាប់រង្វាន់ជាច្រើនទៀតផងដែរ។ ស្តង់របស់ធនាគារ វីង ក៏បានរៀបចំទីនោះ ដើម្បីផ្តល់នូវការប្រឹក្សាយោបល់សេវាហិរញ្ញវត្ថុ និងព័ត៌មានផ្សេងៗទៀតទៅដល់អតិថិជនផងដែរ។

មូលនិធិដែលរៃអង្គាសបានពីកម្មវិធីនេះ នឹងត្រូវយកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជា ដែលឆ្លុះបញ្ចាំងពីគុណតម្លៃរួមគ្នារបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងធនាគារ វីង ក្នុងការគាំទ្រសុខភាព និងសុខុមាលភាពសហគមន៍កម្ពុជា។ កិច្ចសហការនេះគឺបង្ហាញ ពីការប្តេជ្ញាចិត្តរួមគា្នដើម្បីបង្កើតបាននូវផលវិជ្ជមានជាផ្លែផ្កាចំពោះអាយុជីវិតពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។

ធនាគារ វីង តែងតែប្តេជ្ញាចិត្តចំពោះទំនួលខុសត្រូវសង្គមរហូតមក ដោយបានចូលរួមយ៉ាងសកម្មជាមួយគំនិតផ្តួចផ្តើមជាច្រើនដែលគាំទ្រទៅដល់វិស័យសុខាភិបាល និងការអភិវឌ្ឍនៅក្នុងសហគមន៍ជាដើម។ គំនិតផ្តួចផ្តើមទាំងនោះរួមមាន៖ ការរៀបចំព្រឹត្តិការណ៍រត់ដើម្បីកុមារកម្ពុជា, ការឧបត្ថម្ភទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ ព្រមទាំងឧបត្ថម្ភព្រឹត្តិការណ៍សប្បុរសធម៌ជាច្រើនទៀតដូចជា៖ ព្រឹត្តិការណ៍ដើរដើម្បីសប្បុរសធម៌ចម្ងាយ ២៥០គីឡូម៉ែត្រតាមបណ្តោយទន្លេមេគង្គ និងការឧបត្ថម្ភទៅដល់អង្គការបាល់ទាត់រីករាយកម្ពុជា-អូស្ត្រាលី ដែលជួយទៅដល់យុវជនក្រីក្រនៅក្នុងខេត្តសៀមរាបឱ្យមានលទ្ធភាពចូលរួមនៅក្នុងសកម្មភាពបាល់ទាត់ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមានសុវត្ថិភាព។ បន្ថែមពីលើនេះ ធនាគារ វីង ក៏បានសហការជាមួយ ក្លឹបបាល់ទាត់បឹងកេត និងចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ជិះកង់ ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជាផងដែរ។

តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ ធនាគារ វីង នៅតែបន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងស្មារតីនៅក្នុងសហគមន៍ ការលើកកម្ពស់សុខុមាលភាព និងនាំមកនូវវឌ្ឍនភាពសង្គមកាន់តែប្រសើរនៅទូទាំងប្រទេសកម្ពុជា៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់