• 2024-12-19 06:35:55
  • ព័ត៌មាន

បុរសម្នាក់នេះ ជួយជ្រោមជ្រែង ខ្មែរជាច្រើនគ្រួសារ ឱ្យបានទៅរស់នៅអាមេរិក និងជួយបង្កើតមុខរបរឱ្យទៀត

  • 2024-12-19 06:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ted Ngoy ជាជនជាតិខ្មែរ ដែលបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក កាលពីសម័យសង្គ្រាម។ លោក និង ក្រុមគ្រួសារ បានចាប់ផ្តើមជីវិតថ្មី នៅទឹកដីដែលគេឱ្យឈ្មោះថាជា “ដែនដីនៃឱកាស - Land Of Opportunity”។

នៅសហរដ្ឋអាមេរិក លោក Ted Ngoy បានធ្វើការជាអ្នកចាក់សាំង នៅស្ថានីយ៍ប្រេងមួយ ក្នុងរដ្ឋ California។ នៅវេលាយប់មួយដ៏ឯការ អ្នករួមការងាររបស់ លោក បានបង្ហើបសួរថា “តើអ្នកចាប់អារម្មណ៍ ក្នុងការទិញយក ហាងដូណាត់មួយ ដែលនៅក្បែរនេះ ដែរ ឫ ទេ?” ភ្លាមៗ Ted Ngoy មិនដឹងថា ដូណាត់ ជាអ្វីទេ ប៉ុន្តែនៅពេលដែលលោកបានភ្លក់នំនេះ ក៏នឹកឃើញដល់រសជាតិនំមួយប្រភេទរបស់ខ្មែរ ដែលលោកធ្លាប់ហូបកាលនៅវ័យកុមារភាព គឺ នំកង។

លោក Ted Ngoy បានលួចសង្កេតឃើញថា ហាងដូណាត់ ដែលលក់នៅក្បែរកន្លែងលោកធ្វើការនេះ គឺមានភ្ញៀវចូលទិញជាហូរហែល អ្នកលក់សឹងតែរកពេលទំនេរមិនបាន។ ជាជនភៀសខ្លួន ទៅរស់នៅស្រុកគេ ជីវិតមិនស្រួលប៉ុន្មានទេ ដែលជាកត្តាជម្រុញឱ្យលោកចង់ចាប់ផ្តើមអាជីវកម្មមួយដោយខ្លួនឯង ដើម្បីបានប្រាក់ផ្គត់ផ្គង់គ្រួសារ។ រសជាតិនៃនំដូណាត់ បានដក់ជាប់នៅក្នុងចិត្តរបស់ បុរសកូនខ្មែរ-កាត់ចិន រូបនេះ។ លោកបានក្លាយជា អ្នកដែលមកពីតំបន់អាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានចូលសិក្សាពីការបើកអាជីវកម្ម ដូណាត់។ មិនយូរប៉ុន្មាន លោកបានសម្រេចក្តីស្រម៉ៃ ក្នុងការបើកហាងលក់នំដូណាត់ នៅលើទឹកដីអាមេរិក។

ដោយសារតែចរិតលក្ខណៈរបស់លោក Ted Ngoy ជាអ្នករកស៊ីដែលឆ្លាតវៃ លោកបានទាក់ទាញអតិថិជនជាច្រើនចម្រុះជាតិសាសន៍ ឱ្យមកគាំទ្រអាជីវកម្មរបស់លោក។ ការរកស៊ីរបស់បុរសជនជាតិខ្មែររូបនេះ បានលេចចេញជាផ្លែផ្កា លោកក៏សម្រេចទិញយកហាង ដូណាត់ជាក្បែរៗនោះ ជាបន្តបន្ទាប់។

នៅឆ្នាំ ១៩៨០ ពោលគឺត្រឹម ៥ ឆ្នាំប៉ុណ្ណោះដែលលោក Ted Ngoy បានមករស់នៅសហរដ្ឋអាមេរិក លោកបានទិញយកហាងដូណាត់ ២០ ហាង។ ទន្ទឹមនឹងនេះ បុរសដែលមានរហ័សនាមថា ជា “ស្តេចដូណាត់ - Donut King” បានជួយជ្រោមជ្រែង បងប្អូនខ្មែរដែលជាជនភៀសខ្លួន មករស់នៅអាមេរិក ឱ្យមានកន្លែងស្នាក់នៅ និង បានមុខរបរដើម្បីចិញ្ចឹមជីវិតនៅលើទឹកដីថ្មី។

ពាក់កណ្តាលអំឡុងឆ្នាំ ១៩៩០ កាសែត The Los Angeles Times បានចុះផ្សាយថា មានហាងដូណាត់ ប្រមាណ ២៤០០ហាង នៅអាមេរិក មានម្ចាស់ជាជនជាតិខ្មែរ ហើយលោក Ted Ngoy ជាអ្នកនៅពីក្រោយ ជួយជ្រោមជ្រែង៕

ប្រភព ៖ LAist

ប្រែសម្រួល ៖ គីម ណារ៉ាក់

មតិយោបល់