• 2025-05-12 03:18:02
  • ព័ត៌មាន

កម្មវិធី "Visit Angkor" ចាប់ផ្តើមបើកសាកល្បង អញ្ជើញអ្នករាល់គ្នាស្វែងយល់ បេតិកភណ្ឌអង្គរ!

  • 2025-05-12 03:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត សៀមរាប និងលើកតម្លៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានបង្កើតនូវកម្មវិធីមួយដែលមានឈ្មោះថា “Visit Angkor" ហើយដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះ មកប្រើប្រាស់បានតាមរយៈ App store ឬ Play store ឬ តាមរយៈ QR code ដែលបានជូនភ្ជាប់។

កម្មវិធីនេះមានមុខងារសំខាន់ៗ ដូចខាងក្រោម៖

១- មុខងារប្រាសាទ៖

ផ្ដល់ព័ត៌មានអំពីប្រវត្តិប្រាសាទ ខ្សែទស្សនា ចំណុចទាក់ទាញក្នុងប្រាសាទនីមួយៗ ផែនទីប្រាសាទ និងសម្បទាទេសចរណ៍នានា ដូចជា បន្ទប់ទឹក ចំណត និង មជ្ឈមណ្ឌលផ្តល់ព័ត៌មាន ជាដើម។ល។

២- មុខងារក្រៅពីប្រាសាទ៖

ផ្ដល់ព័ត៌មានអំពីព្រឹត្តិការណ៍ប្រចាំឆ្នាំ សារមន្ទីរ សហគមន៍ទេសចរណ៍ និងកន្លែង កម្សាន្តល្បីៗ នៅក្នុងខេត្តសៀមរាប។

៣-មុខងារក្រមប្រតិបត្តិ៖

ផ្ដល់ព័ត៌មានអំពីសកម្មភាពដែលគួរចៀសវាង នៅពេលចូលទស្សនារមណីយដ្ឋានអង្គរ។

ក្រៅពីមុខងារសំខាន់ៗខាងលើ កម្មវិធីក៏នឹងមានជូនដំណឹងជាប្រចាំ អំពីសកម្មភាពការងាររបស់អាជ្ញាធរជាតិ អប្សរា ព្រឹត្តិការណ៍ប្រចាំឆ្នាំ មធ្យោបាយក្នុងការទំនាក់ទំនងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដែលអាចជួយសម្រួល និង ជួយសង្គ្រោះក្នុងករណីភ្ញៀវមានបញ្ញាអំឡុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងមានចំណុចចូលរួម ផ្តល់ជាមតិយោបល់ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ញើសារជាសម្ងាត់មកកាន់ក្រុមការងារ ក្នុងន័យផ្ដល់ការកែលម្អ និងស្ថាបនាលើសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា បញ្ហាអនាម័យ និងបរិស្ថានជាដើម។ល។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់