• 2025-05-12 04:17:18
  • ព័ត៌មាន

ប្រហុកសៀមរាប ត្រូវបានទទួលបានស្គាល់ ជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ជាផ្លូវការ!

  • 2025-05-12 04:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រហុកសៀមរាប ដែលជាម្ហូបប្រពៃណីខ្មែរដ៏ល្បីល្បាញតាំងពីសម័យអង្គរ បានទទួលឋានៈជាផលិតផល សម្គាល់ភូមិសាស្ត្រ (Geographical Indication - GI) ជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

រូបភាព ៖ Tom Fakler

សមិទ្ធផលនេះត្រូវបានប្រកាសក្នុងពិធីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោក នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិកម្មសិទ្ធិបញ្ញា ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម អ៊ីហ្គ័រ ឌ្រីស្មែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។

ផលិតផល សម្គាល់ភូមិសាស្ត្រនេះជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់តម្លៃប្រហុកសៀមរាបនៅលើទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងការពារបេតិកភណ្ឌវប្បធម៌ និងជួយជំរុញជីវភាពកសិករក្នុងតំបន់។

ឯកឧត្តម អ៊ីហ្គ័រ ឌ្រីស្មែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានសង្កត់ធ្ងន់ថា៖ «ផលិតផល GI គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ផ្តល់សិទ្ធិអំណាចដល់អ្នកផលិតខ្នាតតូច ការពារប្រពៃណី និងលើកកម្ពស់ការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព»។ លោកបន្តថា សហភាពអឺរ៉ុបបានគាំទ្រប្រព័ន្ធ GI របស់កម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍ តាមរយៈការកសាងសមត្ថភាព និងជំនួយបច្ចេកទេស។

ប្រហុកសៀមរាបបានចូលរួមជាមួយផលិតផល GI ដ៏ល្បីល្បាញផ្សេងទៀតរបស់កម្ពុជា ដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគិរី។ ឯកឧត្តម ឌិត ទីណា បានសន្យាគាំទ្រឱកាសទីផ្សារសម្រាប់អ្នកផលិតប្រហុកកម្ពុជា និងលើកកម្ពស់គុណភាពប្រហុកខ្មែរឱ្យកាន់តែប្រសើរឡើង។ ការទទួលស្គាល់នេះនឹងជួយបង្កើនការនាំចេញប្រហុកទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងពង្រឹងសេដ្ឋកិច្ចនៅតំបន់ជនបទផងដែរ៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់