• 2025-05-12 08:34:23
  • ព័ត៌មាន

ទីបំផុត អាមេរិក និង ចិន យល់ព្រមឡើងតុ ចចារ ហើយបានសម្រេចទម្លាក់ពន្ធគយ ឱ្យគ្នាទៅវិញទៅមក!

  • 2025-05-12 08:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក និងចិន បានយល់ព្រមកាត់បន្ថយពន្ធគយលើទំនិញនាំចូលរវាងគ្នាទៅវិញទៅមកសម្រាប់រយៈពេល ៩០ ថ្ងៃ បន្ទាប់ពីភាគីទាំង ២ បានឡើងតុចរចា នៅថ្ងៃទី ១២ ឧសភា ២០២៥នេះ។ សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានកាត់បន្ថយពន្ធគយលើទំនិញចិនពី ១៤៥% មកនៅត្រឹម ៣០% ខណៈចិនបានកាត់បន្ថយពន្ធលើទំនិញអាមេរិកពី ១២៥% មក ១០%។

ការកាត់បន្ថយពន្ធនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ដែលដឹកនាំដោយរដ្ឋមន្ត្រីរតនាគារអាមេរិក លោក ស្កុត បេសិន (Scott Bessent) និងអនុនាយករដ្ឋមន្ត្រីចិន លោក ហឺ លីហ្វឹង (He Lifeng)។ ការសម្រេចនេះត្រូវបានគេរំពឹងថានឹងជួយបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម ដែលបានកើនឡើងខ្លាំងកាលពីខែមេសា នៅពេលសហរដ្ឋអាមេរិកបានដំឡើងពន្ធលើទំនិញចិនដល់ ១៤៥% ហើយចិនបានតបតវិញដោយដំឡើងពន្ធលើទំនិញអាមេរិកដល់ ១២៥%។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមអំពីកិច្ចចរចានេះ ដោយបានបង្ហោះនៅលើបណ្តាញសង្គមថា៖ «វឌ្ឍនភាពដ៏អស្ចារ្យត្រូវបានសម្រេច!» លោកបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអាចនឹងជួយបើកទីផ្សារចិនសម្រាប់ទំនិញអាមេរិក។

ការកាត់បន្ថយពន្ធនេះត្រូវបានគេរំពឹងថានឹងមានផលវិជ្ជមាន លើទីផ្សារពិភពលោក ដោយអាចកាត់បន្ថយតម្លៃទំនិញនាំចូល ជាពិសេសផលិតផលបច្ចេកវិទ្យា និងកសិផល។ ទោះជាយ៉ាងណា អ្នកវិភាគបានព្រមានថា ការកាត់បន្ថយនេះគ្រាន់តែជាបណ្តោះអាសន្ន ហើយលទ្ធផលរយៈពេលវែងនឹងអាស្រ័យលើកិច្ចចរចាបន្ត។ ចិនក៏បានរៀបចំបញ្ជីទំនិញអាមេរិកមួយចំនួនដែលអាចរួចផុតពីពន្ធខ្ពស់ ដើម្បីបន្ធូរភាពតានតឹងដោយមិនចាំបាច់ធ្វើសម្បទានជាសាធារណៈ៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់