
- 2015-04-08 15:59:29
- ព័ត៌មាន
ឬក៏ស្នេហ៍កម្ម ទើបអូនត្រូវមានះរងទារុណគ្រាន់តែដើម្បីបេះដូងយើងអាចនៅក្បែរគ្នា?
- 2015-04-08 15:59:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឬក៏ស្នេហ៍កម្ម ទើបអូនត្រូវមានះរងទារុណគ្រាន់តែដើម្បីបេះដូងយើងអាចនៅក្បែរគ្នា?
ចន្លោះមិនឃើញ
ដោយសារតែមិនអាចអត់ទ្រាំ ឈរឱបដៃមើលសង្សាររបស់ខ្លួន ត្រូវទទួលរងការ វាយធ្វើបាបម្ដងហើយម្ដងទៀត ពីសំណាក់ឪពុកម្ដាយបង្កើតរបស់នាង យុវជនម្នាក់បានសម្រេចចិត្តទម្លាយអាថ៌កំបាំងរបស់ខ្លួនមកកាន់ Sabay ដោយសង្ឃឹមថា ក្រោយរៀបរាប់រឿងរ៉ាវដ៏វែងអន្លាយនេះហើយ នឹងជួយឲ្យអារម្មណ៍របស់គេបានធូរស្បើយខ្លះ ព្រមទាំងទទួលបានមតិយោបល់ល្អ ពីប្រិយមិត្តអ្នកអានគ្រាន់ជាដំណោះស្រាយ។
ខ្ញុំបាទ និងសង្សាររបស់ខ្ញុំមានទីលំនៅក្នុង ខេត្ត តាកែវ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យបៀលប្រាយ ជំនាញគ្រប់គ្រងទូទៅ។ បច្ចុប្បន្ននេះ ខ្ញុំមានការងារនៅសាលាស្រុក និងបើកហាងអ៊ីនធឺណែត ដែលមានលក់ និងជួសជុលកុំព្យូទ័រ។ ចំណែកឯសង្សាររបស់ខ្ញុំបច្ចុប្បន្នកំពុងបន្តការសិក្សា ជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យបៀលប្រាយ និងជាបុគ្គលិកធ្វើការរដ្ឋនៅក្នុងខេត្តតាកែវ។ នាងមានប្អូនស្រីបង្កើតម្នាក់ និងបងស្រីចិញ្ចឹមម្នាក់ ។
បញ្ហាដែលខ្ញុំកំពុងជួបប្រទះនោះគឺ “ហេតុអ្វីក៏ឪពុកម្ដាយរបស់សង្សារខ្ញុំ វាយធ្វើបាបនាង នៅពេលដែលនាងមកជួបខ្ញុំ”។ ពេលរំលឹកដល់ចំណុចនេះ ធ្វើឲ្យខ្ញុំនឹកអាណិតសង្សារស្ទើរខ្លោចចិត្ត ព្រោះពួកយើងទាំងពីរនាក់បានស្គាល់គ្នា និងស្រលាញ់គ្នាអស់រយៈពេលជិត២ឆ្នាំហើយ រហូតដឹងឮដល់គ្រួសារ ចាស់ទុំខាងខ្ញុំ ហើយពួកគាត់ក៏ស្រលាញ់ចូលចិត្តនាងដែរ ប៉ុន្តែនៅពេលនោះ គ្រួសារខាងស្រី (សង្សាររបស់ខ្ញុំ) មិនទាន់ដឹងទេ។ រឿងរ៉ាវស្នេហារបស់ពួកខ្ញុំ មិនដែលមានបញ្ហាអ្វីនោះទេ។ រហូតដល់ថ្ងៃមួយ ពួកខ្ញុំបានឌុបគ្នាដើរលេង រកអីញ៉ាំ ពេលចេញពីរៀន។
ខ្ញុំមិនបានដឹងសោះថា នឹងជួបឪពុករបស់សង្សារខ្ញុំ (គាត់ជាអ្នកដឹកទឹកកកលក់)។ ហើយពេលនោះ សង្សារខ្ញុំបានឃើញ តែនាងមិនបាននិយាយប្រាប់ខ្ញុំទេ។ នៅពេលនាងទៅដល់ផ្ទះវិញ ឪពុករបស់នាងក៏បានវាយនាង ហើយប្រាប់នាងថាកុំឲ្យធ្វើបែបហ្នឹងទៀត។ ខ្ញុំមានអារម្មណ៍តក់ស្លុត ឈរស្ទើរតែមិននឹង។ វាហាក់ដូចជារឿងដែលមិនគួរឲ្យជឿទាល់តែសោះ។
ចាប់តាំងពីពេលនោះមក ពួកយើងក៏សម្រេចចិត្តឈប់ឌុបគ្នាទៅញ៉ាំអី ប៉ុន្តែពួកយើងនៅ តែស្រលាញ់គ្នា ហើយក៏កាន់តែស្រលាញ់ និងអាណិតនាងទ្វេដង។ ស្នេហារបស់ពួកខ្ញុំ ចាប់ផ្ដើម ចង្អៀតឡើងៗ ដោយសារតែចាស់ទុំខាងសង្សារខ្ញុំហាមមិនឲ្យជួបគ្នា ។ ដូច្នេះពួកខ្ញុំបានត្រឹមតែនិយាយទូរសព្ទរកគ្នា និងអាចជួបគ្នាក្នុងរយៈពេលខ្លីប៉ុណ្ណោះ នៅថ្ងៃដែលនាងរៀនថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ប៉ុន្តែរឿងដែលឪពុករបស់នាងបានវាយនាង ខ្ញុំមិនបានប្រាប់ចាស់ទុំខាងខ្ញុំឲ្យដឹងទេ។
ពីមួយខែទៅ មួយខែ ពួកយើងក៏សម្របខ្លួនបាន គឺមិនចេញទៅដើរលេងដូចពីមុនទេ គឺពួកខ្ញុំបានជួបគ្នាតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែប៉ុណ្ណោះ ពោលគឺមុនម៉ោងទៅរៀនប្រហែល២០នាទី ទៅ៣០នាទី។
ថ្ងៃ មួយមិនដឹងជាចៃដន្យអី ម្ដាយសង្សារខ្ញុំក៏បានដឹងថា យើងទាំងពីរបានស្កាត់ជួបគ្នា ហើយគាត់បានវាយនាង និងនិយាយខ្លាំងៗដាក់នាងថា៖ “កុំស្មានថាអញមិនដឹង ធ្វើអីក៏អញដឹងដែរ ហ៊ានលួចទៅជួបគេដល់ផ្ទះទៀត។ បើនៅតែហ៊ានធ្វើអញ្ចឹងទៀតអញនឹងវ៉ៃឲ្យងាប់ហ្មង៎”។ នេះជាលើកទី២ហើយដែលនាងនិយាយតាមទូរសព្ទទាំងសូរសម្លេងខ្សឹប ខ្សួលប្រាប់ខ្ញុំ ធ្វើឲ្យខ្ញុំស្ទើរកកឈាម ព្រោះតែមនុស្សដែលខ្លួនស្រលាញ់ត្រូវទទួលរងការឈឺចាប់។ ទោះបីជាពួកគាត់វាយធ្វើបាបបែបហ្នឹងមែន ក៏បេះដូងពួកយើងនៅតែមានះ លួចជួបគ្នារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ដដែល។ ដោយឃើញថាមានរឿងបែបហ្នឹងកើតឡើងញឹកញាប់ពេក ខ្ញុំក៏សម្រេចចិត្តឲ្យចាស់ទុំខាងខ្ញុំចូល ទៅសាកសួរចាស់ទុំខាងសង្សារខ្ញុំ។ គ្រានោះ គ្រួសារខ្ញុំមិនសូវស្គាល់គ្រួសារខាងសង្សារខ្ញុំនោះទេ ពួកគាត់ក៏សម្រេចចិត្តពឹងអ្នកដែលស្គាល់គ្នាឲ្យជួយជូនទៅ។ អ្នកដែលជួយជូនទៅនោះគឺជាបងស្រីត្រូវជាកូនចិញ្ចឹមរបស់ ឪពុកម្ដាយសង្សារខ្ញុំ ហើយក៏ត្រូវជាបងប្អូនសាច់ឆ្ងាយរបស់គ្រួសារខ្ញុំផងដែរ។
ចូល សួរលើកទី១ ម្ដាយរបស់នាងនិយាយថា គាត់មិនទាន់ហ៊ានសម្រេចទេ ព្រោះពេលនោះ គាត់នៅតែម្នាក់ឯង ប្តីចេញទៅក្រៅមិនទាន់មកវិញ។ បន្ទាប់ពីទទួលបានចម្លើយលើកទី១នេះហើយ ចាស់ទុំខាងខ្ញុំក៏ត្រឡប់មកផ្ទះវិញ ចំណែកឯអ្នកដែលជួយជូនចាស់ទុំខ្ញុំចូលទៅសួរ មិនទាន់ត្រឡប់មកផ្ទះវិញទេ គឺគេលួចទៅនិយាយប្រាប់សង្សារខ្ញុំថា “គ្រួសាររបស់ខ្ញុំមិនល្អទេ កុំទៅពាក់ព័ន្ធជាមួយអី យកល្អឈប់ទាក់ទងគ្នាទៅ”។ ពេលលឺគេនិយាយបែបនេះ សង្សាររបស់ខ្ញុំក៏មានអារម្មណ៍អន់ចិត្តយ៉ាងខ្លាំង មិនគួរណាបងស្រីម្នាក់ហ្នឹង ខណៈដែលគាត់ក៏ត្រូវជាបងប្អូនខ្ញុំដែរ តើហេតុអីក៏និយាយបង្ខូចឈ្មោះគ្រួសារខ្ញុំទៅវិញ?
មួយខែ ក្រោយមកទៀត ចាស់ទុំខាងខ្ញុំក៏ចូលទៅសួរម្ដងទៀត ដែលលើកនេះគឺចាស់ទុំខាងខ្ញុំមិនមានអ្នកជូនទៅទេ ហើយចម្លើយ ដែលទទួលបានពីឪពុកម្ដាយរបស់សង្សារខ្ញុំឆ្លើយថា៖ “ចាំគាត់គិតមើល៍សិន” ។
បន្ទាប់ពីចាស់ទុំចូលទៅសួរ២លើក ហើយ ខ្ញុំ និងសង្សារខ្ញុំគិតថាប្រហែលជាឪពុកម្ដាយរបស់សង្សារខ្ញុំគាត់ ឈប់វាយធ្វើបាបនាងដូចមុនទៀតហើយមើលទៅ។ ប៉ុន្តែផ្ទុយពីការគិតរបស់ពួកយើង គឺឪពុកម្ដាយរបស់នាងនៅតែប្រើអំពើហិង្សាទៅលើនាងដដែល រាល់ពេលដែលនាងលួចមកជួបខ្ញុំ។ ពេលនេះខ្ញុំកាន់តែមានការឈឺចាប់ទ្វេដង ព្រោះមិនយល់ថាហេតុអ្វីបានជាពួកគាត់ធ្វើអំពើដូច្នេះដាក់កូន?
រូបតំណាង (រូបភាព៖ Dramabeans)
រហូតដល់ថ្ងៃមួយ មានគេទៅនិយាយប្រាប់ម្ដាយរបស់សង្សារខ្ញុំថា គ្រួសារ របស់ខ្ញុំមិនពេញចិត្តនឹងសង្សារខ្ញុំទេ គឺពួកខ្ញុំស្រលាញ់តែចិត្តឯងតែប៉ុណ្ណោះ ។ គ្រាន់តែលឺសំដីគេនិយាយប៉ុណ្ណឹង ពេលសង្សារខ្ញុំចេញពីធ្វើការទៅដល់ផ្ទះភ្លាមម្ដាយរបស់នាងក៏ បានទាញដំបងឫស្សីមកវ៉ៃសង្សារខ្ញុំ ហើយនិយាយខ្លាំងៗថា៖ “អញលឺគេមកនិយាយប្រាប់អញ អញខឹងណាស់ ឈប់ទៅទាក់ទងជាមួយអាម្នាក់ហ្នឹងទៅ។ បើឲ្យអញដឹងទៀត អញនឹងដេញចេញពីផ្ទះ ហើយឈប់ឲ្យធ្វើការទៀត” ។សង្សារដ៏អភព្វរបស់ខ្ញុំនិយាយប្រាប់ខ្ញុំតាមទូរសព្ទ ទាំងសូរសម្លេងក្តុកក្តួល។
ទោះយ៉ាងណានៅពេលដែលនាងនិយាយ ប្រាប់ ខ្ញុំគិតថាប្រហែលជាម្ដាយរបស់នាងគាត់វ៉ៃធ្វើបាបនាងតិចតួចតែ ប៉ុណ្ណោះ ព្រោះអីវាគ្មានរឿងអីធំដុំទេ! ប៉ុន្តែផ្ទុយពីការគិតរបស់ខ្ញុំម្ដងជាពីរដង ពេលព្រឹកឡើងនាងមកដល់ផ្ទះខ្ញុំ នាងបានឲ្យខ្ញុំមើលស្នាមជាំហើមនៅលើដៃ ខ្នង ថែមទាំងមាននៅលើក្បាលរបស់នាងទៀត។ នាងនិយាយមិនចេញ បានត្រឹមតែសម្រក់ទឹកភ្នែកនៅចំពោះមុខខ្ញុំ បញ្ជាក់ពីការបាក់ទឹកចិត្តចំពោះទង្វើរបស់ឪពុកម្ដាយនាង ដែលធ្វើឲ្យនាងចងចាំមិនអាចបំភ្លេចបាន ។ ពេលបានឃើញជាក់ស្ដែងបែបនេះ ខ្ញុំខ្លួនឯងមានការឈឺចាប់ និងខឹងយ៉ាងខ្លាំង ហេតុអីក៏គ្រាន់តែមនុស្សដែលខ្ញុំស្រលាញ់ ម្ដេចមិនអាចការពារ ឬជួយនាងបាន? តើនេះមកពីកម្មពារពីជាតិមុនរបស់ខ្ញុំមែនទេ បានជាធ្លាក់លើមនុស្សដែលខ្ញុំស្រលាញ់បែបនេះទៅវិញ?
តើ ខ្ញុំគួរធ្វើបែបណាទៀត? តើឪពុកម្ដាយខាងស្រីគាត់ត្រូវការអ្វីពីខ្ញុំ? តើពួកគាត់អាចឲ្យពួកខ្ញុំរស់នៅជាមួយគ្នាអស់មួយជីវិតបានទេ?
ទាំង អស់នេះគឺជារឿងដែលខ្ញុំរៀបរាប់ត្រួសៗប៉ុណ្ណោះ។ សូម Sabay និងប្រិយមិត្តរបស់ Sabay ទាំងអស់ មេត្តាជួយផ្ដល់ជាដំណោះស្រាយឲ្យខ្ញុំផង។
ខ្ញុំសូមអរគុណទុក ជាមុន និងសូមជូនពរឲ្យ Sabay និងប្រិយមិត្ត Sabay ទាំងអស់ជួបតែអ្វីដែលល្អ កុំជួបប្រទះរឿងដូចរូបខ្ញុំ ។ ពីខ្ញុំ ស.វ
អត្ថបទ៖ស.វ
គណនេយ្យ FB ក្លែងក្លាយចាក់ដោតឲ្យបេះដូងខ្ញុំចុកឈាម
សុំរួមរ័កច្រើនដងពេក ខ្ញុំសម្រេចដើរចេញ ត្រូវអត់? ប្រសិនបើ ប្រិយមិត្ត មានបញ្ហាស្នេហាដែលចង់ចែករំលែកដល់មិត្តអ្នកអានបានជាបទ ពិសោធន៍ ឬជួយជាយោបល់ក្នុងការដោះស្រាយសូមផ្ញើអត្ថបទរឿងរ៉ាវពិតរបស់ អ្នកមកកាន់ pen.sophana@cidc.com.kh។ ឬអ្នកអាចទូរស័ព្ទមកយើង ០១៦ ៥៩៦ ៩០៥។ Sabay នឹងចុះផ្សាយជូន។