
- 2015-04-20 16:40:34
- ព័ត៌មាន
នេះហើយស្នេហា? ដើម្បីគាត់ខ្ញុំក្លាយជាតួចិត្តអាក្រក់ធ្វើបាបបេះដូងមនុស្សស្រីដូចគ្នា
- 2015-04-20 16:40:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយស្នេហា? ដើម្បីគាត់ខ្ញុំក្លាយជាតួចិត្តអាក្រក់ធ្វើបាបបេះដូងមនុស្សស្រីដូចគ្នា
ចន្លោះមិនឃើញ
ខ្ញុំគ្មានសេចក្តីក្លាហ៊ាននឹងប្រាប់ការពិតដល់គាត់ ចឹងខ្ញុំមានតែប្រាប់ការពិតដល់អ្នកទាំងអស់គ្នា ទោះដឹងថានឹងទទួលការស្តីបន្ទោសពីអ្នកទាំងអស់គ្នាក៏ដោយ តែខ្ញុំនឹងទទួល ព្រោះខ្ញុំជាមនុស្សអាក្រក់ ជាតួឈ្នានីស…
តើខ្ញុំគួរធ្វើយ៉ាងណាគួរបន្ត រឺមួយក៏បញ្ឈប់?
ពេលនេះខ្ញុំមិនដឹងថាគួរបន្ត រឺមួយក៏បញ្ឈប់ការព្យាយាមមួយនេះនោះទេ?៤ឆ្នាំមុនគាត់ជាមនុស្សដែល លួចស្រលាញ់ខ្ញុំ។ ថ្ងៃមួយគាត់ ក៏បាន សារភាព តែខ្ញុំបានបដិសេធ ពីព្រោះថាអ្នកដែលខ្ញុំលួចស្រលាញ់ពេញចិត្ត គឺសិស្សច្បងរៀនលើខ្ញុំមួយថ្នាក់ ដែលជាប្អូនប្រុសទី២របស់គាត់។ ចំនែកវគាត់រៀនលើខ្ញុំពីរថ្នាក់ ប៉ុន្តែគាត់ហាក់មិនបោះបង់នោះទេ។
សម្ព័ន្ធភាពរបស់ខ្ញុំនឹងបីនាក់បងប្អូនប្រុសគាត់នៅតែដដែល ប៉ាម៉ាក់របស់ពួកយើងជាអ្នកធ្វើការជាមួយគ្នា(មិត្តភក្តិ) ពួកយើងស្គាល់គ្នាតាំងពីតូចៗ ដូច្នេះចំពោះសម្ព័ន្ធភាពគឺស្និទ្ធស្នាលមិនតិចទេ។ កន្លងទៅពីឆ្នាំ(ក្រោយពីគាត់សារភាព)…ក្រោយពីទទួលបានការយកចិត្តទុកដាក់ ការជួយថែរក្សាការពារពីគាត់ខ្ញុំក៏មាន ការទន់ ចិត្ត បន្តិច បន្តួច ដែរ តែចិត្តនៅតែមានចំពោះប្អូនប្រុសទី២របស់គាត់ដដែល។ ខ្ញុំធ្លាប់គិតថាបើប្អូនប្រុសរបស់គាត់មិនទទួលយកខ្ញុំ ថ្ងៃណាមួយខ្ញុំប្រហែលជា អាចទទួលយកគាត់ អាចនិយាយបានថាខ្ញុំចាត់ទុកគាត់ជាកង់សាគួ។ ប៉ុន្តែ ទេវតា ដូចជាមិននៅខាងខ្ញុំទាល់តែសោះ អ្វីៗហាក់ប្រែប្រួលអស់។ មនុស្សម្នាក់បានលេចមុខឡើង នាងឈានជើងចូលក្នុងជីវិតបីនាក់បងប្អូនរបស់គាត់។
សម្ព័ន្ធរបស់ខ្ញុំនឹងពួកគេទាំងបីក៏ចាប់ផ្តើម ប្រែប្រួល មិនសូវស្និទ្ធស្នាលដូចពីកាលមុន ការឃ្លាតឆ្ងាយ ក៏ចាប់ផ្តើមកើតមានឡើង ការយកចិត្តទុកដាក់ ការខ្វាយខ្វល់ ខ្ញុំលែងបានទទួលយកពីពួកគេដូចមុនទៀតហើយ នោះដោយសារតែវត្តមាន របស់នារីម្នាក់នោះ ចូលមកក្នុងឋាន ជាអ្នកស្វែងយល់ចិត្តគ្នាជាមួយគាត់ វិនាទីនោះហើយដែលខ្ញុំយល់ថា ខ្លួនឯងដូចជាកំពុងបាត់បង់អ្វីមួយ។
ពេលវេលាកន្លងទៅ…នាងក៏បានក្លាយជាចំនែកនៃជីវិតរបស់ពួកគេទាំងបី។ ថ្ងៃមួយខ្ញុំបានឃើញនាងនឹងប្អូនទីពីររបស់គាត់ប្រទាញប្រទង់គ្នា មិនដឹងថាមានរឿងអ្វីនោះទេ តែដូចជាដណ្តើមអ្វីមួយពីគ្នា សកម្មភាពនោះ ធ្វើអោយពួកគេមើលទៅស្និលស្នាលនឹងគ្នាណាស់ វាប្រៀបដូចជាសង្សាដែលកំពុងតែប្រលែងគ្នាចឹង តែខ្ញុំបែបជាយល់ថាធម្មតាមិនមានប្រតិកម្មខ្លាំង ដូចពេលបានឃើញនាងដើរបណ្តើរគ្នាធម្មតាជាមួយគាត់នោះទេ។ ខ្ញុំសួរខ្លួនឯងថា ហេតុអីក៏ខ្ញុំមិនខឹង ពេលឃើញបែបនេះ ក្រែងគេជា មនុស្សដែលខ្ញុំស្រលាញ់ មិនថាចឹងហ្អេ? ហើយចុះ តើខ្ញុំចាំបាច់ខឹងស្អប់ធ្វើអី បើគ្រាន់តែនាងបណ្តើរគ្នាធម្មតាជាមួយមនុស្សដែលខ្ញុំមិនជ្រើសរើសនួក? ពេលនោះខ្ញុំដឹងហើយថា អ្នកដែលខ្ញុំស្រលាញ់គឺគាត់ មិនមែនប្អូនប្រុសទី២ របស់គាត់នោះទេ។
ចិត្តខ្ញុំស្រាប់តែប្រែប្រួល ក្នុងចិត្តគិតតែម្យ៉ាង គឺខ្ញុំត្រូវតែដណ្តើមគាត់ត្រលប់មកវិញ អ្វីដែលខ្ញុំមិនជ្រើសរើសអ្នកដទៃក៏គ្មានសិទ្ធរើសយកដូចគ្នា។ ខ្ញុំដឹងថាការគិតបែបនេះវាពិតជាអាត្មានិយមមែន ប៉ុន្តែខ្ញុំឈប់មិនបាន។ ក្រោយមកខ្ញុំក៏ក្លាយជាតួចិត្តអាក្រក់ នេះយ៉ាងម៉េចហ្នឹងខ្ញុំមិនយល់ទាល់តែសោះ? ហេតុអីក៏ខ្ញុំលែងជាតួឯកដូចពីកាលមុនចឹង? ភាពលេចធ្លោ ការយកចិត្តទុកដាក់ ការស្រលាញ់ មិនថាការរៀនសូត្រ ខ្ញុំក៏ប្រជែងមិនឈ្នះនាងដែរ។ នាងទទួលបានស្រលាញ់ការរាប់អានពីមនុស្សគ្រប់គ្នាដោយសារភាពរស់រាយរាក់ទាក់របស់នាង។ ខ្ញុំកាន់តែ មិនចូលចិត្តនាង។ ប៉ុន្តែរឹកពារខាងក្រៅរបស់ខ្ញុំនៅតែសុភាពរាបសាដូចពីមុនដដែល តែចិត្តគំនិតរបស់ខ្ញុំមិនដូចកាលពីមុននោះទេ។ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ តែខ្ញុំធ្វើដូចពីមុនមិនបាន។ មាននាងខ្ញុំ បានត្រឹមតែជាមនុស្សទី២ដែលអ្នកដទៃនឹកដល់ ខ្ញុំពិតជាស្អប់នាងណាស់។ ខ្ញុំពិតជាស្តាយក្រោយណាស់ ហេតុអីក៏ខ្ញុំមិនទទួលយកគាត់? មនុស្សដែលខ្ញុំធ្លាប់តែមើលរំលង ពេលនោះ ហេតុអីក៏ខ្ញុំផ្តល់សារសំខាន់ចំពោះគាត់ខ្លាំងម៉្លេះ? រឺក៏ព្រោះតែខ្ញុំមានគូប្រជែង? ១ឆ្នាំក្រោយ នារីម្នាក់ នោះក៏បានចាកចេញ ដោយការផ្លាស់ប្តូរទីលំនៅ ខ្ញុំសប្បាយចិត្តណាស់ចំពោះការចាកចេញរបស់នាង ពីព្រោះគ្រប់យ៉ាងនឹងក្លាយជារបស់ខ្ញុំដូចដើម ព្រោះខ្ញុំដឹងថាខ្ញុំនៅមានឪកាស ខ្ញុំនឹងប្រើប្រាស់ពេលវេលាដើម្បីលុប បំបាត់អនុស្សាវរីយ៍១ឆ្នាំរបស់គាត់ និងនាង។ ប៉ុន្តែ២ឆ្នាំជាងហើយដែលខ្ញុំព្យាយាម មិនថាការយកចិត្តទុកដាក់ ការ ខ្វាយខ្វល់ភាពស្និទ្ធស្នាល ខ្ញុំបានផ្តល់អោយគាត់អស់ហើយ ប៉ុន្តែខ្ញុំដឹងថាគាត់នៅតែចងចាំនាងរហូត ហើយខ្ញុំក៏នៅតែចាញ់នាងដដែល ដរាបណាខ្ញុំមិនអាចធ្វើអោយគាត់បំភ្លេចនាង និងត្រលប់មកស្រលាញ់ខ្ញុំដូចដើម។ ខ្ញុំជាមនុស្សមិនសូវមានការតស៊ូប៉ុន្មានទេ ពីព្រោះថាអ្វីៗខ្ញុំធ្លាប់តែទទួលបានដោយមិនបាច់ចាំខំប្រឹង។ ពេលនេះខ្ញុំមិនច្បាស់ខ្លួនឯងនោះទេថា តើខ្ញុំពិតជាស្រលាញ់គាត់ពិតមែន រឺក៏គ្រាន់តែចង់ឈ្នះចិត្តគាត់ និងឈ្នះនារីម្នាក់នោះដោយប្រយោល? ប៉ុន្តែខ្ញុំគ្រាន់តែដឹងថាខ្ញុំមិនចង់បាត់បង់មនុស្សល្អដូចជាគាត់នោះទេ…! តែខ្ញុំក៏នឿយហត់ណាស់ដែរ…!
ខ្ញុំមិនយល់… តើការតស៊ូព្យាយាមរបស់ខ្ញុំវាមិនទាន់គ្រប់គ្រាន់នឹងធ្វើអោយគាត់ស្រលាញ់ខ្ញុំមែនទេ? តើខ្ញុំពិតជាមិន អាចធ្វើអោយគាត់ស្រលាញ់ខ្ញុំដូចកាលពីមុនបានមែនទេ? តើខ្ញុំពិតជាមិនអាចជំនួសតំណែង និងឈ្នះនារីម្នាក់នោះបានទេមែន ទេ?
មានរឿងមួយដែលខ្ញុំលាក់បាំងនឹងគាត់ គឺខ្ញុំបានជួបនឹងនារីម្នាក់នោះ អ្នកដែលចាកចេញពីគាត់ មនុស្សដែលធ្វើអោយខ្ញុំលែងទទួលបាន ការ ស្រលាញ់ពីគាត់ដូចកាលពីមុន។ ពេលបានជួបនាងខ្ញុំនិយាយច្រើនណាស់ ពាក់ព័ន្ធនឹងសម្ព័ន្ធភាពរបស់ខ្ញុំ និងគាត់ គឺខ្ញុំចង់បង្ហាញថា រយពេលដែលនាង ឃ្លាតឆ្ងាយទៅ គាត់មិនបានកើតទុក្ខ ចំពោះការចាកចេញរបស់នាងនោះទេ ហើយគាត់ក៏រស់នៅ យ៉ាងសប្បាយរីករាយដោយមានខ្ញុំនៅក្បែរ។ រហូតមក ដល់ពេលនេះ គាត់ក៏មិនបានរង់ចាំនាងដែរ នាងគឺស្ទើរតែរលុបចេញពីការ ចងចាំរបស់គាត់ទៅហើយ ពីព្រោះពេលវេលារាល់ថ្ងៃរបស់គាត់ គឺខ្ញុំ…។ ទោះបីជាការពិតវាផ្ទុយពីនេះក៏ដោយ តែខ្ញុំសប្បាយចិត្តណាស់ដែលបាន និយាយ និងសំដែងកាយវិការចេញទៅដោយមានអត្ថន័យបែបនោះ។
រូបតំណាង
ខ្ញុំមិនបានយល់ថាខ្លួនឯងខុសចំពោះមនុស្សស្រីដូចគ្នានោះទេ ពីព្រោះថាមនុស្សស្រី ដូចគ្នាម្នាក់នេះហើយ ដែលគេជាគូប្រជែង និងជាសត្រូវរបស់ខ្ញុំ។ ប៉ុន្តែ…អ្នកដែលខ្ញុំមានអារម្មណ៍ថាបានធ្វើខុសចំពោះនួក គឺគាត់ ពីព្រោះខ្ញុំមិនបានលាក់បាំងគាត់ ចំពោះរឿងដែលបានជួបនាងនោះទេ តែខ្ញុំបានលាក់បាំង ការពិត រឿងមួយដែលខ្ញុំគិតថាខ្លួនឯងខុសធ្ងន់នោះគឺខ្ញុំបានកុហកប្រាប់គាត់ ថានាង មានអ្នកថ្មីហើយ…។ គាត់មិនមានប្រតិកម្មអ្វីនោះទេពេលបានលឺខ្ញុំ និយាយបែបនោះ តែគាត់គ្រាន់តែ និយាយមួយម៉ាត់យ៉ាងខ្លីថា “ចឹងហ្អេ!” ខ្ញុំមិនចង់បានប៉ុណ្ណឹងទេ ខ្ញុំចង់អោយគាត់មានប្រតិកម្មដោយការខូចចិត្ត ហើយសឹមកាត់ចិត្ត នឹងទន់ចិត្តចំពោះមនុស្សកំដចាំលួងលោម ដូចជាខ្ញុំ ហើយទីបំផុតគាត់នឹងទទួលយកខ្ញុំ។ប៉ុន្តែ ម៉េចក៏គ្រប់យ៉ាងមិនដូចការគិត របស់ខ្ញុំចឹង? ចាប់ពីថ្ងៃនោះមក គាត់នៅតែធម្មតាដដែលគឺដូចរាល់ដងចឹង។ តែខ្ញុំមិនខ្វល់ទេ ខ្ញុំខ្វល់តែម៉្យាង ខ្ញុំខ្លាចថាគាត់ដឹងការពិតពីប្អូនប្រុសទី២របស់ គាត់ ព្រោះថ្ងៃនោះគេក៏បានជួបនារីម្នាក់នោះជាមួយខ្ញុំដែរ តែគេមិនមែនជាមនុស្សមាត់ច្រើននោះ ព្រោះថាគេមិនសូវជិតស្និទ្ធជាមួយអ្នកណា សូម្បីតែសមាជិកគ្រួសាររបស់ខ្លួនឯងមិនថាប៉ា រឺម៉ាក់របស់គេទេ គេជាមនុស្សដែលខ្ញុំធ្លាប់លួចស្រលាញ់ តែពេលនេះមិនមែនទេ ដែលសំខាន់គាត់មិនសូវស្និទ្ធស្នាលជាមួយប្អូនប្រុសទី២របស់គាត់ ពីព្រោះគាត់ដឹងថាខ្ញុំស្រលាញ់គេទើបគាត់ក៏មិនសូវជិតដិតអាចនិយាយបានថា ខ្នក់ចិត្តចំពោះប្អូនប្រុសរបស់ខ្លួនឯង។ ខ្ញុំគិតថាគាត់ប្រហែលជាគ្មានថ្ងៃដឹងនោះទេថា ខ្ញុំកុហក ប៉ុន្តែខ្ញុំខ្លាចពាក្យមួយម៉ាត់ថា ក្រដាសខ្ចប់ ភ្លើងមិនជិតនោះទេ…
តើខ្ញុំគួរធ្វើយ៉ាងណាគួរប្រាប់គាត់ពីការពិត រឺក៏លាក់បាំងបន្តទៀត? ហើយបើខ្ញុំប្រាប់ការពិត តើគាត់ពិតជាអធ្យាស្រ័យអោយខ្ញុំចំពោះ កំហុសមួយនេះទេ? តើខ្ញុំនឹងបាត់បង់ឪកាសមែនទេ ពេលគាត់ដឹងការពិត? សំនួរទាំងអស់នេះខ្ញុំឆ្លើយមិនចេញទេ ហើយក៏មិនដឹងថាគួរធ្វើយ៉ាង ណាដែរ? ជួយឆ្លើយសំនួរ និងរកដំណោះស្រាយអោយខ្ញុំផង! ពេលនេះខ្ញុំវិលវល់អស់ហើយ…។
ប្រសិនបើប្រិយមិត្តមានបំណងចែករំលែករឿងរ៉ាវស្នេហា ឬបទពិសោធន៍ជីវិត នៅលើ Sabay ដើម្បីស្វែងរកមតិសូមផ្ញើអត្ថបទរឿងរ៉ាវពិតរបស់អ្នកមកកាន់ pen.sophana@cidc.com.kh៕
ប្រុសសោះ ថាម៉ែឪបង្ខំឲ្យការ ឬគ្រាន់ជាលេសគាត់ទាំងមិនអាសូរបេះដូងខ្ញុំដែលរង់ចាំគាត់រាប់ឆ្នាំ? ទេវតាមិនអាណិតមនុស្សស្មោះសោះ! ១០ឆ្នាំ ចុងក្រោយខ្ញុំក្លាយជាស្រីស្លាប់បេះដូងព្រោះប្រុសមុខលុយ