
- 2015-05-08 18:06:26
- ព័ត៌មាន
នរណាដឹងរសជាតិដូចនរកនេះទៅ ជីវិតប្រុសស្រលាញ់ប្រុសអីក៏វេទនាម៉្លេះ?
- 2015-05-08 18:06:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាដឹងរសជាតិដូចនរកនេះទៅ ជីវិតប្រុសស្រលាញ់ប្រុសអីក៏វេទនាម៉្លេះ?
ចន្លោះមិនឃើញ
ខាងក្រោមនេះ គឺជារឿងរ៉ាវរបស់យុវវជនម្នាក់ផ្ញើមកកាន់ sabay ដែលបានប្រៀបប្រដូចជីវិតខ្លួនឯងថា មិនខុសពីសត្វនរកមួយក្បាល ដែលចង់រស់នៅដោយមានសេរីភាព និងរួចផុតពីគំនាប ជីវិតដ៏ស្មោកគ្រោក។ តើយុវវជនរូបនេះមានរឿងរ៉ាវអ្វីខ្លះ លាក់ទុកក្នុងចិត្ត? សូមអានអត្ថបទទាំងស្រុងរបស់យុវជនម្នាក់នេះ។
«ខ្ញុំ ពិតជាឈឺចាប់ខ្លាំងណាស់ ទោះបីជាខ្ញុំចង់ស្លាប់ ក៏ស្លាប់មិនបាន ហើយបើសិនជាខ្ញុំចង់រស់វិញនោះ គឺបានត្រឹមតែរស់ទទួលនូវភាពឈឺចាប់ ការតូចចិត្តសេចក្ដីអស់សង្ឃឹម និងភាពឯកកោអស់មួយជីវិត តែប៉ុណ្ណោះ។ តើអោយខ្ញុំត្រូវរើសយកជម្រើសមួយណា?
នេះ គឺជាគំនិតដែលខ្ញុំបានគិតចាប់តាំងពីខ្ញុំបានធំដឹងក្ដីមក ម្ល៉េះ។ តែពេលនេះ ការគិតរបស់ខ្ញុំ វាមិនដូចពីមុនទៀតនោះទេ។ ឆ្លងតាមការរស់នៅក្នុងត្រកូលគ្រួសារមួយដែលក្រីក្រ និងឃើញពីភាពទុក្ខលំបាករបស់ ឪពុកម្ដាយ ដែលគាត់ខិតខំរកស៊ីចិញ្ចឹមកូនប្រុសស្រី រហូតឲ្យកូនមានគូអនាគតទាំង៩ នាក់ហើយនោះ។ នេះបានស្ដែងយ៉ាងច្បាស់ថា គាត់ពិតជាមិនដែលបានហូបឆ្ងាញ់ ដេកស្រួលម្ដងណានោះទេ។ ខ្ញុំពិតជាអាណិត ពួកគាត់ជាខ្លាំង ហើយសូម្បីតែបងៗរបស់ខ្ញុំទាំង ៩ នាក់នោះក៏មិនមាននរណាម្នាក់មានជីវភាពធូរធារដែរ។
សេចក្ដី សង្វេគនៅក្នុងចិត្ត ការអាណិតម្ដាយរបស់ខ្ញុំបានជំរុញទឹកចិត្តខ្ញុំ អោយខំពុះពារគ្រប់ឧបសគ្គ ដើម្បីចាប់យកចំណេះដឹង មកដាក់ក្នុងខ្លួន សម្រាប់ជាទុនចិញ្ចឹមជីវិតទៅថ្ងៃក្រោយ កុំឲ្យលំបាកដូចជាបងៗ ទាំង៩ នាក់នោះទៀត។ កម្លាំងចិត្តតស៊ូ និងការជំរុញទឹកចិត្តដ៏ខ្លាំងក្លា ពីពុកម៉ែរបស់ខ្ញុំបានធ្វើអោយខ្ញុំរៀន ចប់បាក់ឌុបដោយជោគជ័យក្នុងឆ្នាំ២០១០។ ទោះជាខ្ញុំមិនបានទទួលនិទ្ទេសល្អក៏ដោយ ក៏ខ្ញុំអាចធ្វើអោយក្ដីសង្ឃឹម របស់ម្ដាយខ្ញុំបានសមបំណងផងដែរ ដោយគាត់តែងតែប្រាប់ខ្ញុំជារឿយៗថា អាកូន! ថ្ងៃក្រោយម៉ែសង្ឃឹមលើកូនឯងហើយ។ ពាក្យសំដីរបស់គាត់នៅតែដក់ជាប់ក្នុងចិត្តខ្ញុំជានិច្ច។ តែអ្វីដែលជាទុក្ខសោកស្រាយមិនចេញ សម្រាប់ខ្ញុំនោះវាមិនខុសពីមនុស្សមួយចំនួនដែលមានរឿង ប្រហាក់ប្រហែលខ្ញុំគេតែងលើកមកនិយាយជាហូរហែនោះទេ។ កើត មកជាមនុស្សប្រុស តែមានចិត្តជាស្រី ពិតជា គ្មាននរណាយល់ពីអារម្មណ៍ស្មោកគ្រោក និងភាពឯកកោរបស់ខ្ញុំបានឡើយ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់។ ខ្ញុំចាប់ផ្ដើមស្អប់ខ្លួនឯង និងស្អប់អ្វីៗដែលកើតឡើងចំពោះរូបខ្ញុំ។ តែខ្ញុំមិនដែលបង្ហាញប្រាប់អ្នកណាម្នាក់បាន ដឹងនោះទេ សូម្បីតែពុកម៉ែ បងប្អូន និងមិត្តដ៏ល្អទាំង ២ របស់ខ្ញុំគេក៏មិនបានដឹងពីរឿងនេះដែរ ព្រោះខ្ញុំមិន បានធ្វើអោយគេចាប់អារម្មណ៍សូម្បីតែបន្តិច។
ខ្ញុំ តែងតែជម្នះរាល់បញ្ហា និងលះបង់សុភមង្គលផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីតែអ្នកមានគុណ និងបងប្អូន ដោយមិនបានគិតខ្វល់អំពីខ្លួនឯងនោះទេ។ ខ្ញុំតែងតែគិតថា គ្រប់បញ្ហារបស់ខ្ញុំសុទ្ធតែមានផ្លូវចេញ និងមាន ដំណោះស្រាយ។ តែអ្វីៗពេលនេះវាខុសពីមុន ព្រោះគ្រប់ផ្លូវចេញរបស់ខ្ញុំសុទ្ធតែមានបញ្ហា។
រូបតំណាង
គ្រប់ មនុស្សកើតមក ពិតជាមិនអាចឆ្លងផុតពីសេចក្ដីស្នេហាបាននោះទេ មែនទេ? ទោះបីជាខ្ញុំខិតខំជម្នះ និងពុះពារគេចវេះពីការពិតក៏ដោយ ក៏ខ្ញុំនៅតែមិនអាចឆ្លងផុតបានដែរ។
ជីវិត ដ៏ស្មោកគ្រោក សេចក្ដីស្រលាញ់ដ៏ថោកទាបអបមង្គល ហេតុអ្វីក៏កើតឡើងចំពោះខ្ញុំទៅវិញ? ហេតុអីទៅ? ពិភពលោកនេះស្រស់ស្អាតណាស់ ហេតុអីជីវិតចង្រៃដូចជាពួកឯងនេះ នាំគ្នាមកបំផ្លាញពិភពលោកនេះធ្វើអីទៅ? ខ្ញុំស្អប់ខ្លួនឯងណាស់! អ្នកម៉ែ អើយ! កូនខ្លាចខ្លួនឯងណាស់ កូនពិតជាខ្លាចណាស់ តើម៉ែបានជ្រាបទេ? ថាកូនពេលនេះកំពុងតែលែងមាន ជំនឿចិត្តលើខ្លួនឯងហើយ? កូនចាប់ផ្ដើមអស់សង្ឃឹម កូនខ្វះការតស៊ូ កូនពិបាកចិត្តណាស់ ។ តើម៉ែដឹងទេ????? ថ្វីបើខ្ញុំជាមនុស្សបែបនេះ ក៏មែនពិត តែខ្ញុំមិនដែលបានធ្វើរឿងអ្វីអោយខុសនឹងក្រមសីលធម៌ ធម្មជាតិនោះទេ។ ខ្ញុំបានហាមឃាត់ខ្លួនឯងជានិច្ច រហូតពេលខ្លះខ្ញុំធ្វើបាបខ្លួនឯង ស្ទើរតែរាងកាយទទួលយក មិនបានទៀតផង។
តែខ្ញុំត្រូវ តែទ្រាំ ខ្ញុំចាប់ផ្ដើមអង្គុយយំម្នាក់ឯង អស់សង្ឃឹមក្នុងជីវិត ហើយក៏មិនដឹងថាអាចតស៊ូរស់បានរយៈពេលប៉ុន្មានទៀតនោះទេ? បើខ្លួនខ្ញុំប្រៀបដូចជាមនុស្សម្នាក់ ដែលស្រេកឃ្លានបាយ ជាពន់ពេក តែមិនអាចហូបបាយបាននោះ។
ខ្ញុំ សរសេរមកនេះ មិនមែនខ្ញុំចង់ឲ្យអ្នកគ្រប់គ្នាឈប់រើសអើងលើមនុស្សដូចពួក ខ្ញុំនោះទេ។ ព្រោះខ្ញុំ ក៏មិនអាចអធ្យាស្រ័យ និងអត់អោនឲ្យខ្លួនខ្ញុំបានដែរ។ ខ្ញុំស្អប់ខ្លួនឯងខ្លាំងណាស់ ខ្ញុំស្អប់ខ្លាំងណាស់ ហើយខ្ញុំ ក៏មិនអនុញ្ញាតអោយជីវិតដ៏ស្មោកគ្រោករបស់ខ្ញុំ រស់នៅលាយឡំជាមួយពិភពលោកដ៏ស្រស់ស្អាតនេះបានទេ។ តែខ្ញុំអាណិតឳពុកម្ដាយរបស់ខ្ញុំ គាត់មិនទាន់បានហូបឆ្ងាញ់ ដេកស្រួលម្ដងណាផង តើឲ្យខ្ញុំទៅចោលគាត់ ដូចម្ដេចទៅ?
ខ្ញុំពិតជាអាត្មានិយមណាស់ មែនទេ? គេគ្រប់គ្នាដូចខ្ញុំដែរ ហេតុអ្វីគេអាចររស់កើត? ហើយមើល ទៅ ជីវិតរបស់គេសប្បាយ រីករាយទៀតផង រស់នៅកុំអោយតែប៉ះពាល់ដល់គេឯងទៅបានហើយ គ្មាននណា គេស្អប់រើសអើង អ្វីទេ។
គ្រប់ គ្នាប្រាកដជាណែនាំខ្ញុំបែបនេះមិនខាន។ ខ្ញុំពិតជាយល់ថា ពួកគេអាចធ្វើចិត្តរបស់ ពួកគេបានល្អ និងរស់នៅដោយសប្បាយចិត្ត។ តែខ្ញុំមិនចង់ធ្វើដូចពួកគេនោះទេ វាគ្មានអនាគតទេ។
តើអ្នក ធ្លាប់គិតទេថា ថ្ងៃអនាគតវា នឹងទៅជាយ៉ាងណា? គ្មានលទ្ធផលល្អទេ! ខ្ញុំមិនអាចធ្វើបែបនោះឡើយ ខ្ញុំខ្លាចភាពឯកោណាស់ ខ្ញុំអផ្សុកណាស់ ខ្ញុំចង់បានមនុស្សដែលខ្ញុំស្រលាញ់ម្នាក់សម្រាប់ផ្ដល់កម្លាំង ចិត្តដល់ខ្ញុំ តើអ្នកធ្លាប់ឯកកោរដែរទេ? តើអ្នកមានអារម្មណ៍យ៉ាងណាដែរពេលអ្នកនៅម្នាក់ឯងជារៀងរហូតនោះ? គ្រប់គ្នាប្រហែលជានិយាយថា សាកចាប់ផ្ដើមសាងសុភមង្គលវិញទៅមែនទេ? រកគូអនាគតទៅ វានឹងលែងកើតមាន អាការៈបែបនោះទៀតហើយ។
ខ្ញុំក៏ចង់ដែរ តែខ្ញុំមិនអាចទៅបំផ្លាញអនាគតនារីម្នាក់ដែលគ្នាមិនដឹងអីនោះទេ ពេលនាងមានគ្រួសារ នាងសង្ឃឹមថា នឹងរកបានប្ដីល្អម្នាក់។ ចុះបើប៉ះចំប្ដីដែលមិនមែនជាប្រុសពេញលក្ខណៈ នោះ តើនាងមានគំនិតបែបណា? នាងខកចិត្តយ៉ាងណាទៅ? នាងមានអារម្មណ៍ខ្មាសគេប៉ុណ្ណា? ខ្ញុំមិនអាច អោយអ្នកដទៃធ្លាក់នរកជាមួយខ្ញុំទេ ខ្ញុំមិនចង់នាំទុក្ខដល់នរណាម្នាក់នោះទេ បើខ្ញុំជាមនុស្សអបមង្គលម្នាក់ ទៅហើយ ហេតុអីចាំបាច់នាំទុក្ខដល់អ្នកដ៏ទៃទៀត។ តើជាតិមុនខ្ញុំបានសាងបាបកម្មច្រើនមែនទេ? ហេតុអ្វីក៏ដាក់ទណ្ឌកម្មខ្ញុំក្នុងជាតិនេះទៅវិញ។
ដើម្បី កាត់បន្ថយនូវការឈឺចាប់របស់ខ្ញុំ ទីបំផុតខ្ញុំរកឃើញដំណោះស្រាយមួយ គឺខ្ញុំត្រូវតែសម្រេចចិត្ត ចាកចេញទៅមុនគាត់។ ព្រោះបើខ្ញុំស្លាប់បាត់ទៅ ខ្ញុំអាចមានគាត់នៅដង្ហែសពខ្ញុំ និងមិនឯកកោទៀតនោះទេ ហើយមិនតែប៉ុណ្ណោះខ្ញុំអាចបញ្ចប់កម្មពៀររបស់ខ្ញុំនៅក្នុងជាតិ នេះបានទៀតផង។ ចុះពុកម៉ែរបស់ខ្ញុំ? តើពួកគាត់នឹងខូចចិត្តយ៉ាងណា? តើគាត់រស់យ៉ាងម៉េចទៅ សង្ឃឹមលើអ្នកណា? បើកូនទាំង៩ នាក់ទៀតនោះ សុទ្ធតែមានជីវភាពក្រីក្រលំបាក។ តែសព្វថ្ងៃនេះ ខ្ញុំមានការងារល្អមួយ ដែលអាចបានប្រាក់ខែ ៣៥០ដុល្លារ ក្នុងមួយខែដែរ ដោយអាចផ្គត់ផ្គង់ ការស្នាក់នៅ ការរៀនសូត្រ និងផ្ដល់ជូនគាត់បានមួយចំណែកផងនោះ?
ទេ! ខ្ញុំមិនអាចសម្រេចចិត្តបែបនេះបានទេ! ខ្ញុំត្រូវតែជាអ្នកជូនដំណើរគាត់ ខ្ញុំមិនអាចមានរឿងអ្វីជាដាច់ខាត ម៉ែ! កូនមិនអាចមានរឿងអ្វីជាដាច់ខាត ដង្ហើមចុងក្រោយរបស់កូន ត្រូវតែតស៊ូរស់រហូតដល់វេលាមួយដែល កូនមិនអាចប្រឈមវាបាន។ ដើម្បីពុកម៉ែ កូននឹងបើកចំហចិត្តទទួលយកការពិត កូននឹងធ្វើឲ្យចិត្តកូន បានស្ងប់ ដោយស្វែងរកមនុស្សដែលកូនស្រលាញ់ និងគេស្រលាញ់កូនវិញ ទោះមិនបានមួយជីវិតក៏ដោយ។ អ្វីដែលកូនត្រូវការមិនមែន ៦០ ឆ្នាំ ៥០ ឫ ៤០ឫ ៣០ឫ ២០ឫ ១០ ឫ ១ឆ្នាំ ១០ ខែ ឫ១ ខែនោះទេ តែចំនួន ១ថ្ងៃ ក៏កូនអស់ចិត្តហើយ។ តែកូនមិនអាចធ្វើបានព្រោះកូន ជាមនុស្សប្រុស ហើយមនុស្សដែលកូនស្រលាញ់គេក៏ជាមនុស្សប្រុសដូចកូនដែរ? តើអោយកូនហាមាត់ប្រាប់គេថាម៉េចទៅ?។
បង sabay ជាទីគោរព! នេះជាសម័យទំនើបទៅហើយ អ្នកវិទ្យាសាស្ត្រអាចរកឃើញនឹងផលិតអ្វីៗ បានគ្រប់យ៉ាង ហេតុអីក៏ថ្នាំសម្រាប់សម្លាប់អ័រម៉ូនចង្រៃនេះពីក្នុងខ្លួន ខ្ញុំក៏គេរកមិនឃើញ? សូមបងជួយស្វែងរកផងថា តើមានគេរកឃើញវាហើយឫនៅ? បើមិនទាន់មានទេ អាចមានថ្នាំណាបំបាត់នូវចំណង់តណ្ហារបស់ ខ្ញុំកុំឲ្យមានចំណង់កើតឡើងបានទេ? ឲ្យខ្ញុំមានចិត្តស្ងប់ដូចកាលខ្ញុំនៅពីក្មេងទៅ គ្មានស្នេហាទេ គឺមាន តែមិត្តភាពមិនថាប្រុសឫស្រីនោះទេ។ ព្រោះខ្ញុំចង់រស់នៅដើម្បីពុកម៉ែរបស់ខ្ញុំបន្តទៀត ខ្ញុំមិនចង់ឃើញគាត់លំបាក ហើយក៏មិនចង់ឃើញគាត់ពិបាកចិត្តដោយសារខ្ញុំដែរ»៕
ប្រសិនបើ ប្រិយមិត្ត មានបញ្ហាស្នេហាដែលចង់ចែករំលែកដល់មិត្តអ្នកអានបានជាបទ ពិសោធន៍ ឬជួយជាយោបល់ក្នុងការដោះស្រាយសូមផ្ញើអត្ថបទរឿងរ៉ាវពិតរបស់ អ្នកមកកាន់ pen.sophana@cidc.com.kh។ Sabay នឹងចុះផ្សាយជូន។