
- 2015-05-22 16:40:22
- ព័ត៌មាន
ខ្ញុំគួរដើរចេញ ឬបន្តទ្រាំនឹងប្រុសស្មោះស្នេហ៍ដ៏គួរឲ្យធុញដូចគាត់ទៅ?
- 2015-05-22 16:40:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ញុំគួរដើរចេញ ឬបន្តទ្រាំនឹងប្រុសស្មោះស្នេហ៍ដ៏គួរឲ្យធុញដូចគាត់ទៅ?
ចន្លោះមិនឃើញ
ខ្ញុំពិតជាចូលចិត្តទំព័រ “ស្នេហ៍ខ្ញុំ” របស់គេហទំព័រ Sabay ជាខ្លាំង។ អត្ថបទយ៉ាងសន្ធឹកសន្ធាប់ដែលបានចុះលើទំព័រនេះ បានបង្រៀនខ្ញុំជាច្រើនអំពីជីវិតស្នេហា។ ដោយសារខ្ញុំក៏មានវិបត្តិស្នេហាដែរ ខ្ញុំក៏បានសម្រេចផ្ញើអ៊ីមែលទៅកាន់អ្នកដើម្បីរៀបរាប់ពីរឿងរ៉ាវស្នេហាខ្ញុំ។ សង្ឃឹមថា អ្នកនឹងជួយចុះផ្សាយអត្ថបទរបស់ខ្ញុំដើម្បីទទួលបានមតិពីមិត្តអ្នកអាន។
ខ្ញុំ ជាមនុស្សដែលអាចនិយាយបានថា មានចំនុចល្អច្រើន ទាំងការងារ ទាំងការសិក្សាកំរិតបញ្ញាប័ត្រផ្នែកអក្សរសាស្រ្តអង់គ្លេស និងជាគ្រូបង្រៀនភាសាអង់គ្លេសនៅវិទ្យាស្ថានឯកជនល្បីឈ្មោះមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ ចំពោះប្រាក់ខែសមល្មមនឹងទទួលយកបាន ចំនែករូបសម្បត្តិអាចចាត់ទុកថា ជាស្រីស្អាតម្នាក់បាន ពិសេសខ្ញុំមានបុគ្គលិកលក្ខណៈពិសេសគួរជាទីចាប់អារម្មណ៍ ដែលមានភាពទាក់ទាញចំពោះភេទផ្ទុយគ្នា។ នេះជាចំនុចដែលធ្វើឲ្យគ្រប់មនុស្សស្រីដូចគ្នាមានការច្រណែនចំពោះ ខ្ញុំ។ គ្រប់បុរសដែលបានជួប បាននិយាយជាមួយខ្ញុំ ហើយតែងតែចង់បង្កើតទំនាក់ទំងជាមួយខ្ញុំ ប៉ុន្តែបញ្ហាគឺនៅត្រង់ថា ខ្ញុំមានមិត្តប្រុសរួចទៅហើយ។
មាន មនុស្សប្រុសល្អៗជាច្រើនដែលបានដើរចេញពីខ្ញុំ ព្រោះមិនចង់ចំណាយពេលវេលាឥតប្រយោជន៍ជាមួយមនុស្សដែលមានម្ចាស់រួច ទៅហើយ។ នេះគឺដោយសារតែពួកគេមិនចង់មានទំនាក់ទំនងលែងសើចបែបក្មេងយុវវ័យ ទូទៅជាមួយខ្ញុំទេ តែចង់បង្កើតគ្រួសារពិតមួយជាមួយខ្ញុំ។
ពេល ខ្លះខ្ញុំធ្លាប់គិតថា បើខ្ញុំលះបង់មនុស្សដែលខ្ញុំកំពុងមានទំនាក់ទំនងស្នេហាមួយនេះ ចោល ហើយទៅស្វែងរកអ្នកថ្មីដែលល្អជាងនេះ តើល្អទេ? ហើយតើអ្វីដែលខ្ញុំទទួលបានពិតជាស័ក្តសមនឹងអ្វីដែលខ្ញុំលះបង់ នេះដែរទេ? ខ្ញុំតែងតែចោទសួរខ្លួនឯងបែបនេះជានិច្ច ប្រហែលដោយសារតែបែបនេះហើយ ទើបធ្វើឲ្យខ្ញុំនៅតែបន្តទំនាក់ទំនងដ៏សុំាញុំាជាមួយមិត្តប្រុស បច្ចុប្បន្នរបស់ខ្ញុំ។
គាត់កំព្រា តែស្មោះស្នេហ៍
ប្រុសស្នេហ៍របស់ខ្ញុំពិតជាប្រាកដប្រជាជាមួយខ្ញុំ ដោយចង់រៀបការជាមួយគ្នានៅថ្ងៃណាមួយ។ ឆ្នាំនេះគាត់អាយុ២៨ហើយ ចំនែកខ្ញុំអាយុទើបតែ២៣ឆ្នាំទេ។ ពួកយើងគិតថា នឹងរៀបការនៅចុងឆ្នាំក្រោយ។ ពេលខ្លះខ្ញុំមានអារម្មណ៍រាររែក ព្រោះខ្ញុំដូចជាមានអារម្មណ៍អាណិតគេច្រើនជាងស្រលាញ់។ គេជាមនុស្សដែលត្រូវម្តាយបោះបង់ចោលតាំងពីតូច។ ចំនែកឪពុកស្លាប់ចោលដោយសារតែគ្រាំចិត្តចំពោះការក្បត់ចិត្ត របស់ភរិយា។ គេបានក្លាយជាកូនកំព្រា គ្មានបងប្អូនសោះព្រោះជាកូនទោល។
គាត់កើតក្នុងគ្រួសារដែល ចាត់ទុកថាធូរធារគួរសម ព្រោះឪពុករបស់គាត់បានបន្សល់ទ្រព្យជាដីធ្លី និងប្រាក់កាសឲ្យគ្រាន់បើដែរ។ មនុស្សប្រុសម្នាក់ដែលឆ្លងកាត់ពេលវេលាឯកា និងពេលវេលាឈឺចាប់ លំបាកតស៊ូដោយគ្មានបង្អែក រស់នៅក្រោមការគ្រប់គ្រងរបស់ជីដូនចាស់ ចំនែកអ៊ំពូមីងទៀត ក៏គិតតែពីទ្រព្យសម្បត្តិដែលជីដូនមាន មិនគិតពីសាច់ញាតិ ជាហេតុធ្វើឲ្យគេកាន់តែគ្មានភាពជាគ្រួសារកាន់តែខ្លាំង ព្រោះតែទំនាស់ដណ្តើមទ្រព្យសម្បត្តិ។
ក្រៅពីខ្ញុំ សង្សារខ្ញុំគ្មានអ្នកណាទៀតទេ ដោយសាររឿងទាំងនេះហើយធ្វើឲ្យខ្ញុំអាណិតគាត់។ មកដល់ពេលនេះ ខ្ញុំទាក់ទងគ្នារយៈពេល២ឆ្នាំហើយ អនុស្សាវរីយ៍ក៏មានរាប់មិនអស់។ គេចង់រៀបការជាមួយខ្ញុំ ចង់ប្រើជីវិតជាមួយគ្រួសារដ៏ពេញលេញមួយជាមួយខ្ញុំ ដែលមានប៉ាម៉ាក់ និងប្អូនស្រី២នាក់។ គេចង់បានគ្រួសារមួយដ៏កក់ក្តៅ ចង់រស់នៅរួមគ្នាជាមួយខ្ញុំ។ ខ្ញុំយល់ច្បាស់ពីអារម្មណ៍របស់គាត់ ព្រោះខ្ញុំក៏ធ្លាប់ឃ្លាតឆ្ងាយពីប៉ាម៉ាក់រយៈពេល១០ឆ្នាំដែរ។ ខ្ញុំក៏ធ្លាប់ឆ្លងកាត់ពេលវេលាឯកាបែបនេះជាមួយប្អូនស្រី២នាក់ទៀត របស់ខ្ញុំដែរ។
បែបនេះទើបខ្ញុំដឹងថា អារម្មណ៍ដែលគ្មានសាច់ញាតិ វាឈឺចាប់ វេទនា និងឯកាខ្លាំងប៉ុណ្ណា។ ប៉ុន្តែពេលដែលខ្ញុំកំពុងស្ថិតក្នុងកាលៈទេសៈបែបនេះ ខ្ញុំមានអ្នកជួយចែករំលែកទុក្ខព្រួយ ចុះទំរាំគាត់ឆ្លងកាត់ម្នាក់ឯង ដែលគ្មានអ្នកជួយរំលែកទុក្ខ តើវាពិបាកខ្លាំងកំរិតណា?
ប៉ុន្តែ និយាយតាមត្រង់ទៅចុះ គាត់គ្មានចំនុចល្អអ្វីទាំងអស់ក្រៅពីស្រលាញ់ខ្ញុំតែម្យ៉ាង។ គាត់ឲ្យខ្ញុំគ្រប់យ៉ាង ទាំងការយកចិត្តទុកដាក់ ការព្រួយបារម្ភ ការមើលថែ និងការស្រលាញ់ដ៏លើសលប់ ប៉ុន្តែវាច្រើនពេកសម្រាប់ខ្ញុំ រហូតដល់ខ្ញុំដកដង្ហើមមិនរួច។ គាត់ចំណាយពេលនៅជាមួយខ្ញុំច្រើន ច្រើនរហូតដល់ខ្ញុំគ្មានពេលវេលាផ្ទាល់ខ្លួនជារបស់ខ្លួនឯង។ ខ្ញុំចង់មានពេលដែលចង់ធ្វើអីក៏ធ្វើស្រេចតែចិត្តខ្ញុំ មិនមែនយកពេលវេលាមកកំដរគាត់រហូតបែបនេះទេ។
ទាំងនេះវាបាន បង្កើតជាអារម្មណ៍ដ៏ធុញទ្រាន់ម្យ៉ាងដល់ខ្ញុំ តែខ្ញុំធ្លាប់គិតថា បើក្រៅពីខ្ញុំ គាត់មានអ្នកផ្សេងទៀតទេ? ជាក់ស្តែងគឺគ្មានទេ គាត់គ្មានសូម្បីតែមិត្តភ័ក្តិ។ មនុស្សដែលគ្មានគ្រួសារ សាច់ញាតិ មិត្តភ័ក្តិ ចុះបើអស់ពីខ្ញុំទៀត តើគាត់រស់បានយ៉ាងម៉េច?
រសនិយមខុសគ្នាធ្វើឲ្យខ្ញុំពិបាកចិត្ត ខ្ញុំជាមនុស្សដែលស្រលាញ់ភាពស្រស់ស្អាត ភាពមានបាន ប៉ុន្តែសង្សារខ្ញុំផ្តល់ឲ្យខ្ញុំមិនបានទេ។ គ្រប់ពេលដែលយើងបណ្តើរគ្នា គ្មានត្រង់ណាដែលគាត់ស័ក្តិសមនឹងខ្ញុំបន្តិចឡើយ។ គាត់តែងខ្លួនចាស់បុរាណ ចំនែកខ្ញុំជាមនុស្សទាន់សម័យចូលចិត្តភាពឡូយឆាយ។ នេះជាហេតុដែលធ្វើឲ្យខ្ញុំមិនពេញចិត្តគាត់ ព្រោះយើងមានរសនិយមផ្សេងពីគ្នា។ ខ្ញុំមិនសប្បាយចិត្តសោះដែលត្រូវគ្រប់គ្រងការស្លៀកពាក់ ការរៀបចំខ្លួនឲ្យមានកំរិត ដើម្បីឲ្យស័ក្តិសមជាមួយគាត់។ គាត់ជាមនុស្សមានមុខមាត់ស្អាតបាត ប៉ុន្តែមិនចេះរៀបចំខ្លួន មិនថាខ្ញុំព្យាយាមនិយាយប្រាប់គាត់ឲ្យកែលម្អឡើងវិញប៉ុណ្ណានោះ ទេ ហើយគាត់ក៏ខំព្យាយាមកែប្រែខ្លួនឯងឲ្យស័ក្តសមជាមួយខ្ញុំដែរ ប៉ុន្តែការព្យាយាមរបស់គាត់នៅតែមានកំរិតនៅឡើយ។
មានពេលខ្លះ គិតថា ស្រលាញ់មនុស្សម្នាក់ត្រូវទទួលយកអ្វីដែលជាខ្លួនគេមាន តែបើមានភាពខុសគ្នាខ្លាំងពេក ខ្ញុំក៏ពិបាកនឹងធ្វើចិត្តទទួលយកដែរ។ មានច្រើនទៀត គាត់ជាមនុស្សចូលចិត្តនិយាយច្រើន ចូលចិត្តប្រកែកយកឈ្នះ មិនស្តាប់គំនិតរបស់អ្នកដទៃ ប្រកាន់យកគំនិតខ្លួនឯងជាធំ ជួនកាលគាត់ទាស់សំដី និងសម្ដែងឥរិយាបថធ្វើឲ្យប្អូនស្រីទាំងពីររបស់ខ្ញុំមិនពេញចិត្ត ក៏មាន។ ប្អូនស្រីទាំងពីររបស់ខ្ញុំឧស្សាហ៍តឿនខ្ញុំណាស់ ថាឲ្យខ្ញុំពិចារណាឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តរៀបការជា មួយគាត់។
ពិតមែនហើយ ស្រលាញ់គ្នាមិនមែនជារឿងរបស់មនុស្សពីរនាក់នោះទេ អ្វីដែលសំខាន់ តើគេចុះសម្រុងនឹងអ្នកដែលនៅជុំវិញខ្លួនយើង ដូចជាក្រុមគ្រួសារបងប្អូន ឬមិត្តភ័ក្តិរបស់យើងអត់?
គាត់គំរាមខ្ញុំ បើខ្ញុំធ្វើអីចឹងទៀត ខ្ញុំធ្លាប់សាកល្បងធ្វើខ្លួនឃ្លាតឆ្ងាយពីគាត់ដោយប្រាប់គាត់ថា ខ្ញុំចង់មានពេលជារបស់ខ្លួនឯងខ្លះ។ មានម្តងនោះ ខ្ញុំមិនបានជួបមុខគាត់ដល់ទៅមួយអាទិត្យ ដែលតាមធម្មតាយើងជួបមុខគ្នារាល់ថ្ងៃមិនលស់។
មួយអាទិត្យដែល គ្មានគាត់ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំមានពេលជារបស់ខ្លួនឯង ចង់ធ្វើអីធ្វើហ្នឹង មិនចាំបាច់ខ្វល់ពីអ្នកណា។ មួយអាទិត្យបែកគ្នាសម្រាប់គូសង្សារធម្មតា គឺប្រាកដជានឹកគ្នាស្លាប់មិនខាន តែចំពោះខ្ញុំ វាបែរជារីករាយ គ្មានចិត្តនឹកកើតទុក្ខអីបន្តិចទេ។ ខ្ញុំមានអារម្មណ៍ស្រាលខ្លួន គ្មានសំពាធ គ្មានការធុញទ្រាន់ ទាំងនេះធ្វើឲ្យខ្ញុំដឹងថា ខ្ញុំអត់បានស្រលាញ់គាត់ខ្លាំងណាស់ណានោះទេ ព្រោះបើគ្មានគាត់ ខ្ញុំក៏នៅបាន ហើយអាចនឹងរីករាយជាមួយជីវិតដែលមិនមានគាត់ទៀតផង។
ប៉ុន្តែ បើធ្វើបែបនេះ វាអយុត្តិធម៌ចំពោះគាត់ពេកហើយ! គ្មានខ្ញុំគាត់ឯកា និងក្រៀមក្រំខ្លាំងណាស់។ ភាពព្រងើយកណ្តើយដែលខ្ញុំសម្តែងចេញមកធ្វើឲ្យគាត់ដឹងថា ខ្ញុំហាក់ដូចជាធុញទ្រាន់នឹងគាត់ ហើយចង់បែកគ្នា នេះធ្វើឲ្យគាត់ប្រាប់ខ្ញុំថា បើអស់ពីខ្ញុំទៅ គាត់មិនរស់នៅទៀតទេ ព្រោះមិនដឹងថា រស់នៅដើម្បីអ្នកណា។ គាត់ថា បើខ្ញុំឃ្លាតឆ្ងាយពីគាត់តែមួយអាទិត្យទៀត ខ្ញុំអាចនឹងទទួលទូរសព្ទឲ្យទៅចូលរួមពិធីបុណ្យសពរបស់គាត់ជាមិន ខាន។ ឮគាត់និយាយបែបនេះ ខ្ញុំភ័យខ្លាំងណាស់ ខ្ញុំខ្លាចថា គាត់អាចនឹងគិតខ្លី ធ្វើរឿងមិនល្អចំពោះខ្លួនឯង។ នេះអាចចាត់ទុកបានថា គាត់គំរាមសម្លាប់ខ្លួន បើខ្ញុំបែកពីគាត់។
ខ្ញុំ មិនចង់ជឿទេថា មនុស្សដែលរៀនថ្នាក់អនុបណ្ឌិត មានចំណេះដឹងជ្រៅជ្រះដូចជាគាត់ នឹងធ្វើទង្វើដ៏ល្ងង់ខ្លៅបែបនេះ តែភាពហ្មត់ចត់របស់គាត់ធ្វើឲ្យខ្ញុំដឹងថា គាត់ពិតជាហ៊ានធ្វើពិតមែន។ ខ្ញុំមិនចង់មានបាបកម្ម មិនចង់ព្រោះតែខ្ញុំធ្វើឲ្យគាត់បាត់បង់ជីវិតឡើយ បែបនេះទើបខ្ញុំនៅតែបន្តសេពគប់ជាមួយគាត់ដដែល ដោយប្រាប់ខ្លួនឯងថា យ៉ាងណាក៏គាត់ស្រលាញ់ខ្ញុំខ្លាំងបំផុតដែរ។ តែបើខ្ញុំរកអ្នកថ្មីហើយ តើអ្នកផ្សេងនឹងស្រលាញ់ខ្ញុំខ្លាំងដូចជាគាត់ដែរទេ?
ខ្ញុំ និងគាត់បានរៀបចំគម្រោងជីវិតជាមួយគ្នា។ ពួកយើងមានគម្រោងសង់ផ្ទះធំមួយមុនពេលពួកយើងរៀបការនៅលើដីធំមួយ ដែលជាសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ ដែលសល់ពីឪពុក ស្ថិតនៅក្នុងរាជធានីភ្នំពេញតែម្តង ប៉ុន្តែវាពិបាកត្រង់ថា គាត់ត្រូវសន្សំលុយចូលស្តីដណ្តឹងខ្ញុំ និងលុយទុកចាត់ចែងពិធីរៀបអាពាហ៍ពិពាហ៍។ នេះធ្វើឲ្យយើងមានបញ្ហាផ្នែកសេដ្ឋកិច្ចធ្ងន់គួរសមដែរ បញ្ហាគឺយើងគ្មានលុយគ្រប់គ្រាន់នឹងសងផ្ទះ។
រូបតំណាង
រៀបការហើយ មិនចង់ហត់នឿយ!
ចំនែកខ្ញុំ បើគ្មានផ្ទះដែលជាទីលំនៅដ្ឋានគួរសមសម្រាប់រស់នៅក្រោយពេលរៀបការ ទេ នោះ ខ្ញុំមិនរៀបការជាដាច់ខាត ព្រោះខ្ញុំចង់ឲ្យប៉ាម៉ាក់ និងប្អូនស្រីទាំងពីររបស់ខ្ញុំបានរស់នៅសុខស្រួល។ ម៉្យាងគ្រួសាររបស់ខ្ញុំក៏មិនសូវជាធូរធារប៉ុន្មានដែរ យើងរស់នៅក្នុងផ្ទះតូចមួយតែប៉ុណ្ណោះ បែបនេះទើបខ្ញុំចង់ឲ្យពេលខ្ញុំដែលជាកូនច្បងរៀបការរួច ចេញទៅហើយអាចជួយក្រុមគ្រួសារឲ្យខ្ពស់មុខខ្ពស់មាត់ជាងមុន បែបនេះទើបជាកូនកត្តញ្ញូចំពោះអ្នកមានគុណទាំងពីរ ដែលគាត់ក៏មានអាយុច្រើនណាស់ទៅហើយ។
ប៉ាម៉ាក់ខ្ញុំមិនចង់ឲ្យ ខ្ញុំរៀបការហើយទៅជួលផ្ទះគេនៅ ឲ្យលំបាកវេទនានោះទេ។ នេះជាហេតុដែលធ្វើឲ្យខ្ញុំមានបញ្ហាស្មុគស្មាញចំពោះរឿងលុយកាក់។ មិត្តប្រុសរបស់ខ្ញុំគិតថានឹងដាក់ប្លង់ដីបញ្ចាំដើម្បីយកលុយមកលើក ផ្ទះ និងសង់បន្ទប់ជួលខ្លះៗដើម្បីអាចរកចំណូលបន្ថែម បង្វិលសងធនាគារវិញ។ ចំពោះការប្រាក់ និងលុយដែលត្រូវសង បើគិតទៅមួយខែៗក៏ច្រើនគួរសមដែរ ហើយគាត់បានប្រាប់ថា គាត់មិនឲ្យខ្ញុំលំបាកនោះទេ តែគ្រាន់តែគិតក៏ដឹងទៅហើយថា ពេលសង់ផ្ទះរួច រៀបការហើយត្រូវខំប្រឹងធ្វើការរកលុយមកសងបំណុល។ ខិតខំទាំងប្តីទាំងប្រពន្ធ ទំរាំនឹងមានបាន ក៏យូរគួរសមដែរ។
គេ និយាយថា ភាពមានបាននឹងមកតាមពីក្រោយ ឲ្យតែយើងតស៊ូខិតខំប្រឹងប្រែងជាមួយគ្នា ប៉ុន្តែខ្ញុំខ្លាចថា ខ្ញុំជំនះមិនបាន ខ្ញុំលំបាកមកគ្រប់គ្រាន់ហើយ រកការងារធ្វើកំពុងពេលរៀននៅសាកលវិទ្យាល័យ ដើម្បីបង់ថ្លៃសិក្សាខ្លួនឯង ថ្លៃចាយវាយផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការចំណាយ និងការផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ។ ខ្ញុំជំនះឧបសគ្គមកច្រើនហើយ។ ហើយឲឡូវនេះត្រូវតស៊ូប្រឹងប្រែងបន្តទៀត ខ្ញុំពិតជានឿយហត់ខ្លាំងណាស់។ ខ្ញុំក៏ដូចមនុស្សស្រីទូទៅដែរ ស្រលាញ់ភាពសុខស្រួល ភាពមានបាន និងខ្ញុំមិនចង់លំបាក។
ប៉ុន្តែ បើគ្រាន់តែការខ្លាចភាពនឿយហត់របស់ខ្ញុំធ្វើឲ្យខ្ញុំត្រូវបោះបង់ គាត់ចោល ហើយទៅរកអ្នកថ្មីទៀត តើខ្ញុំត្រូវចំណាយពេលយូរខ្លាំងប៉ុណ្ណាទំរាំរកបានមនុស្សដែលស័ក្តសម នឹងខ្ញុំ ស្រលាញ់ខ្ញុំ ហើយអាចទទួលយកលក្ខខណ្ឌរបស់ខ្ញុំ? ជួនកាលអ្នកផ្សេងអាចនឹងស្រលាញ់ខ្ញុំ តែទទួលយកលក្ខខណ្ឌគ្រួសារដែលមិនសូវជាធូរធាររបស់ខ្ញុំមិនបានឡើយ។
បែប នេះ តើខ្ញុំត្រូវចំណាយពេលវេលាយូរប៉ុណ្ណាទើបអាចរកឃើញមនុស្សដែលកើតមក សម្រាប់មនុស្សស្រីដូចជាខ្ញុំ? ម្យ៉ាងខ្ញុំក៏មានអាយុច្រើនគួរសមហើយដែរ។ គេនិយាយថា ប្តីប្រពន្ធដែលខំតស៊ូតាំងពីបាតដៃទទេ នឹងស្រលាញ់គ្នាបានយូរអង្វែង តែខ្ញុំពិតជាហត់នឿយខ្លាំងណាស់។ ខ្ញុំខ្លាចថា វាបង្កើតឲ្យមានការធុញទ្រាន់ដល់ខ្ញុំ លែងមានអារម្មណ៍អាណិតស្រលាញ់គ្នាតទៅទៀត។ បើបែបនេះតើជីវិតអាពាហ៍ពិពាហ៍នឹងប្រេះស្រាំ ឬយ៉ាងណា?
ខ្ញុំចង់សុំជាយោបល់ពីប្រិយមិត្តអ្នកអានគេហទំព័រមួយនេះទាំងអស់គ្នាឲ្យជួយផ្តល់គំនិតដល់ខ្ញុំខ្លះៗ។
សំនួរ ១) តើខ្ញុំគួរតែបោះបង់គាត់ចោល ហើយស្វែងរកអ្នកថ្មីឬ? ២) តើខ្ញុំគួរតែជម្នះភាពហត់នឿយ និងប្រើជីវិតដោយខិតខំតស៊ូប្រឹងប្រែងដោយបាតដៃទទេជាមួយគាត់? ៣) ខ្ញុំពិតជាខ្លាចខ្លាំងណាស់ តើគាត់អាចនឹងសម្លាប់ខ្លួនទេ បើខ្ញុំសុំបែកពីគាត់? ៤) តើខ្ញុំនិងគាត់ពិតជាស័ក្តិសមនឹងប្រើជីវិតជាមួយគ្នាទេ?
ជា ចុងបញ្ចប់ នាងខ្ញុំក៏សូមអរគុណបង Sabay យ៉ាងខ្លាំងដែលបានបង្កើតទំព័រវិបត្តិស្នេហានេះឡើង ដើម្បីឲ្យខ្ញុំអាចមានឱកាសចែករំលែកបញ្ហារបស់ខ្ញុំ ហើយក៏សូមអរគុណដល់ប្រិយមិត្តផងដែរ សម្រាប់ការចូលរួមផ្ដល់មតិរបស់អ្នក។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រាល់មតិរបស់ប្រិយមិត្តទាំងអស់នឹងអាចចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ផ្ដល់ជាផ្លូវ និងជាគន្លឹះសម្រាប់នាងខ្ញុំដើម្បីចាប់ផ្ដើមគិតឡើងវិញអំពី រឿងរ៉ាវស្នេហា៕ ពី កញ្ញា ព.ស.
ប្រសិនបើ ប្រិយមិត្ត មានបញ្ហាស្នេហាដែលចង់ចែករំលែកដល់មិត្តអ្នកអានបានជាបទ ពិសោធន៍ ឬជួយជាយោបល់ក្នុងការដោះស្រាយ សូមផ្ញើអត្ថបទរឿងរ៉ាវពិតរបស់ អ្នកមកកាន់ pen.sophana@cidc.com.kh។ Sabay នឹងចុះផ្សាយជូន៕