- 2015-08-13 13:00:04
- ព័ត៌មាន
អាហារពីសមុទ្រ ពិបាករកនៅរវាងពីខែ កក្កដា ដល់ខែ តុលា
- 2015-08-13 13:00:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារពីសមុទ្រ ពិបាករកនៅរវាងពីខែ កក្កដា ដល់ខែ តុលា
ចន្លោះមិនឃើញ
រស់នៅក្នុងតំបន់សមុទ្រ ប្រជាពលរដ្ឋនៅឃុំអង្កាល និង ពងទឹកខេត្តកែបភាគច្រើន ប្រកបរបរនេសាទ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ម្នាក់ៗត្រូវចេញទូកនេសាទ តាំងពីម៉ោង ៤ កន្លះល្ងាច ហើយត្រឡប់មកវិញនៅម៉ោង ៦ កន្លះព្រឹក ប៉ុន្តែ ខែនេះពិបាករកភោគផលសមុទ្យបន្តិច។
លោក គង់ យន ជាសមាជិកក្រុមប្រឹក្សាឃុំអង្កាលឱ្យដឹងថា ក្រុមអ្នកនេសាទបានចេញទូក ពីម៉ោង ៤ កន្លះល្ងាច និង ត្រឡប់មកវិញ នៅម៉ោង ៦ កន្លះព្រឹកជាប្រចាំ ដោយបានក្ដាម បង្គា មឹកទៀតសោត តិចច្រើនតាមថ្ងៃ និង រដូវកាល។
បើតាមសមាជិកក្រុមប្រឹក្សាឃុំអង្កាលរូបនេះ គឺចាប់ពីខែ កក្កដា ដល់ ខែតុលា ភោគផលសមុទ្រ មិនសូវជាមានច្រើននោះទេ ប៉ុន្តែ បើនៅដើមឆ្នាំ និង ចាប់ពីខែ វិច្ឆិកា គឺសំបូរច្រើន ហើយប្រជានេសាទ ក៏ទទួលបានផលច្រើនទៅតាមហ្នឹងដែរ។
លោក គង់ យន រៀបរាប់ថា ប្រជាពលរដ្ឋក្នុងឃុំទាំងពីរខាងលើ មានប្រហែល ១ ម៉ឺនគ្រួសារ ដែលភាគច្រើនជាប្រជានេសាទ ហើយឃុំទាំងពីរនេះមានទូកនេសាទសរុបចំនួន ៦៤ គ្រឿង។
ទោះបីជាយ៉ាងណា ការរកភោគផលសមុទ្រមិនបានច្រើន គឺបញ្ហាប្រឈមដ៏ធំ របស់អ្នករស់នៅឃុំ អង្កាល និង ពងទឹក ចំណែករឿងអាកាសធាតុមិនជាបញ្ហាអ្វីឡើយ។ បុរសវ័យខ្ទង់ជាង ៦០ ឆ្នាំថ្លែងថា "បើរកមិនសូវបានខាតហើយ ព្រោះត្រូវចំណាយលើប្រេង អាហារហូបចុកទៅមក...ឧទាហរណ៍ថា ទូកចេញម្ដងអស់ ១៥ ម៉ឺន បើយើងអូសបាន ១០ ម៉ឺនគឺខាត។ បើស្អែកអូសមិនបានច្រើនទៀត គឺខាតទៀត។ ធ្វើម៉េចវាជារបររបស់អ្នកស្រុកយើង បើមិនចុះ (ទូក) មិនដឹករកអី"។
អ្នកឃុំអង្កាលរូបនេះមានប្រសាសន៍ថា កត្តាមិនសូវមានភោគផលសមុទ្រអាចបណ្ដាលមកពី ការផុតពូជជីវចម្រុះ បាត់បង់ព្រៃឈើ ឬ ដើមកោងកាងជាដើម។ យ៉ាងណាលោកសូមអរគុណដល់ សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាចតុមុខ (JCI) អភិបាលខេត្តកែប ក្រសួងបរិស្ថាន សហព័ន្ធសហភាពយុវជន រួមទាំងស្ថាប័ន ប្អូនៗក្មួយៗស្ម័គ្រចិត្តជាច្រើនផ្សេងទៀត ដែលបានចុះមកដាំដើមកោងកាង នៅតំបន់ឆ្នេរព្រែកតានេន កាលពីថ្ងៃទី ៩ ខែសីហាកន្លងទៅ។
លោកថា ដើមកោងកាងសំខាន់ណាស់ ព្រោះវាមិនត្រឹមតែជួយបង្ការគ្រោះធម្មជាតិទេ ថែមទាំងជួយការពារច្រាំងសមុទ្រមិនឱ្យបាក់ ជាពិសេសផ្ដល់ជម្រកដល់ជីវចម្រុះ និង បក្សីផងដែរ៕
សកម្មភាពក្រុម JCI ដាំដើមកោងកាង នៅព្រែកតានេន ខេត្តកែប
ចុចអាន៖ អ្នកស្ម័គ្រចិត្តខ្មែរបរទេសរាប់រយនាក់ ចុះដាំដើមកោងកាង ២ ពាន់ដើមនៅកែប
ចុចអាន៖ ទស្សនៈខ្លីៗ ដើម្បីក្លាយជាអ្នកដឹកនាំ
អត្ថបទ៖ អ៊ុំ សុភក្តិ