- 2015-10-09 00:53:27
- ព័ត៌មាន
ការពិត នំអន្សមសាច់ជ្រូកឆ្ងាញ់ ងាយស្រួលធ្វើអ៊ីចឹងសោះ!
- 2015-10-09 00:53:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត នំអន្សមសាច់ជ្រូកឆ្ងាញ់ ងាយស្រួលធ្វើអ៊ីចឹងសោះ!
ចន្លោះមិនឃើញ
ពីដើមរៀងមក ឲ្យតែដល់រដូវបុណ្យភ្ជុំបិណ្ឌម្ដងៗ ប្រជាពលរដ្ឋខ្មែរនិយមធ្វើនំអន្សមស្ទើរតែគ្រប់ផ្ទះ មានដូចជានំអន្សមសាច់ជ្រូក និងអន្សមចេកជាដើម។
បច្ចុប្បន្ន យើងសង្កេតឃើញប្រជាពលរដ្ឋខ្មែរមួយចំនួនពុំសូវធ្វើនំអន្សមខ្លួនឯងទៀតទេ ពួកគាត់គ្រាន់តែចំណាយលុយទៅទិញជាការស្រេច ដោយសារមមាញឹកក្នុងការបំពេញធុរៈផ្សេងៗ។ បើអ៊ីចឹងយូរៗទៅ រូបមន្តក្នុងការធ្វើនំអន្សមខ្មែរ អ្នកជំនាន់ក្រោយ ជាពិសេសយុវជនកាន់តែដឹង និងចេះធ្វើ តិចទៅៗ។
ការពិតទៅ ការធ្វើនំអន្សមនេះមិនសូវជាពិបាកប៉ុន្មានទេ គ្រាន់តែត្រូវការពេលយូរបន្តិចប៉ុណ្ណោះក្នុងការរៀបចំ និងចម្អិន។ ចំពេលថ្ងៃនេះជាបិណ្ឌទី១១ Sabay សូមលើកយករូបមន្តធ្វើនំអន្សមសាច់ជ្រូករបស់ខ្មែរមកបង្ហាញដល់ប្រិយមិត្តដែលត្រៀមនឹងទៅវត្តនាថ្ងៃភ្ជុំ (បិណ្ឌធំ) តែម្ដង។ ធានាថាឈ្ងុយឆ្ងាញ់មានជាតិតែម្ដង!
· គ្រឿងផ្សំ៖ អាចវេចបានប្រហែល ៣០ ទៅ ៣៥ នំ អាស្រ័យលើទំហំនំ
· របៀបធ្វើ៖
នំអន្សមជាទូទៅគេប្រើស្លឹកចេក ឬស្លឹកផ្អាវសម្រាប់វេចខ្ចប់ ហើយស្លឹកទាំងនោះទៀតសោតត្រូវហាលថ្ងៃឲ្យទន់បន្តិចដើម្បីងាយស្រួលខ្ចប់ទៅមិនប្រេះបែក។ ចំពោះចំណងវិញ ត្រូវប្រើខ្សែសង្វារចេក ឬខ្សែក្រចៅក៏បានដែរ រីឯអង្ករដំណើប មុនវេច យើងត្រូវលាងទឹកសម្អាត ដាក់ត្រាំទុកចោល១យប់ ឬយ៉ាងតិចណាស់ប្រហែល២ម៉ោង រួចទុកឲ្យស្ងួត ទើបយកមកលាយជាមួយម្សៅស៊ុបខ្នរ ២ ស្លាបព្រាបាយ ដើម្បីឲ្យមានរសជាតិឆ្ងាញ់។ មុនពេលរៀបចំវេច យើងលាយខ្ទិះដូងដែលកូររួចមិនឲ្យឡើងប្រេងខ្លាំង និងសាច់ដូងជាមួយអង្ករ។
ស្នូលរបស់អន្សមជ្រូក មានសណ្តែក និងសាច់ជ្រូក។ មុននឹងយកមកធ្វើស្នូល សណ្តែកត្រូវត្រាំប្រហែល ២ ម៉ោង និងលាងទឹកឲ្យស្អាត និងទុកឲ្យស្ងួត បន្ទាប់មកទៀតគឺ ហាន់សាច់បីជាន់ហាន់ជាចង្វាយវែងល្មម ប្រឡាក់គ្រឿងជាមួយម្សៅស៊ុបខ្នរ ១ ស្លាបព្រា កន្លះ។
· វិធីវេចនំ៖
ដំបូងយើងត្រូវលាស្លឹកចេក ឬស្លឹកផ្អាវ ទ្រាប់លើគ្នា ២ ឬ ៣ ស្រទាប់ឲ្យក្រាស់ល្មម ហើយត្រូវដាក់អង្កររោយលើស្លឹកចេក បន្ទាប់មករោយសណ្ដែកពីលើអង្ករ ដាក់ស្នូលសាច់ជ្រូកដែលប្រឡាក់គ្រឿងរួច ហើយដាក់សណ្តែក និងអង្ករពីលើបន្តិច ហើយមូលស្លឹកទាំងពីរខ្ចប់ចូលគ្នា។
បន្ទាប់ពីវេចហើយ យើងត្រូវឆ្លងកាត់ដំណាក់កាលមួយទៀតគឺរុំចំណងនំអន្សម។ ចំណងត្រូវរុំឲ្យណែនល្អ បើពុំដូច្នេះទេ នៅពេលស្ងោរ ទឹកអាចចូលក្នុងនំ ដែលអាចធ្វើឲ្យអង្កររលាយចេញមកក្រៅ។
· រយៈពេលចម្អិន៖
បន្ទាប់ពីចងហើយយើងត្រូវយកទៅស្ងោរ។ ការស្ងោរយើងត្រូវចំណាយពេលប្រមាណពី ៤ ទៅ ៥ ម៉ោង ទម្រាំតែឆ្អិនល្អ។ ការចម្អិននេះទៀតសោត យើងត្រូវនៅចាំមើលភ្លើងឲ្យបានដិតដល់ ហើយត្រូវថែមទឹក និងប្រែនំទៅម្ខាងទៀត ដើម្បីឲ្យនំឆ្អិនសព្វល្អ។
កុំភ្លេចសាកល្បងធ្វើទៅវត្ត និងចែកបងប្អូនសាច់ញាតិញ៉ាំណា៎! វាជាកុសលផលបុណ្យរបស់អ្នក!
«នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ម្សៅស៊ុបខ្នរ សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើដំណើរទៅស្រុកកំណើត និងត្រលប់មកវិញដោយសុវត្ថិភាព ហើយសូមឲ្យការញ៉ាំអាហារជួបជុំក្រុមគ្រួសារមានភាពសប្បាយរីករាយជាមួយម្ហូបឈ្ងុយឆ្ងាញ់មានជាតិ។ »