• 2016-11-13 04:01:09
  • ព័ត៌មាន

អូប័រ និង​នាវា​ជិត ១០០គ្រឿង ត្រៀម​សម្រាប់​បុណ្យ​អុំទូក​ឆ្នាំ​នេះ

  • 2016-11-13 04:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​រៀប​ចំ​សណ្ដាប់​ធ្នាប់​តាម​ដង​ទន្លេ​សាប និង​ត្រៀម​ជួយ​សង្គ្រោះ​ទូក​លិច ក្រុម​ការងារ​ការពារ​សន្តិសុខ​ក្នុង​ព្រះ​រាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះព្រះខែ អកអំបុក បាន​ត្រៀម​នាវា និង​អូប័រ​ជិត ១០០​គ្រឿង ព្រម​ទាំង​កម្លាំង ៤៧៥នាក់។

លោក​ឧត្ដមសេនីយ៍​ឯក ជុំ សាវុឌ្ឍ អនុ​ប្រធាន​សេនា​ធិការ និង​ជា​អនុប្រធាន​បញ្ជាការ​ដឹកនាំ​ការពារ​តំបន់ A9 បាន​​បញ្ជាក់​ថា បញ្ជាការ​ដឹកនាំ​ការពារ​តំបន់ A9 បាន​ត្រៀម​នាវា ១១គ្រឿង អូប័រ ៦៩គ្រឿង ទូក​យន្ត ១គ្រឿង ក្បាល​សណ្ដោង​នាវា ១គ្រឿង និង​កង​កម្លាំង​ចំនួន ៤៧៥ ក្នុង​នោះ អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ចំនួន ៧៥នាក់ អូប័រ ២២គ្រឿង ទូក​យន្ត ១គ្រឿង និង​ក្បាល​សណ្ដោង​នាវា ១គ្រឿង។

លោក​បាន​ឲ្យ​ដឹង​ថា បញ្ជាការ​ដឹកនាំ​ការពារ​តំបន់A9ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក មាន​ភារកិច្ច​ល្បាត​ត្រួតពិនិត្យ និង​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេសាប ចាប់​ពី​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ដល់​កោះ​ពេជ្រ ដើម្បី​សង្គ្រោះ​ទូក​លិច ការពារ​ទីតាំង​ចំណត​ទូក និង​ត្រួត​ពិនិត្យ​ប្រទីប។

ដោយ​ឡែក ខាង​កម្លាំង​ការពារ​ជើង​គោក​វិញ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការ​រង​នគរ​បាល​ជាតិ បាន​បញ្ជាក់​ថា ត្រៀម​កម្លាំង​ប្រមាណ​ជាង ១ម៉ឺន​នាក់​ទាំង​កម្លាំង​ចំហ និង​កម្លាំង​បង្កប់​​ធ្វើការ​ចុះ​ល្បាត​នៅ​ក្នុង​ទីតាំង​ប្រារព្ធ​ពិធី​ទាំងមូល ដើម្បី​ធានា ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​ចំពោះ​អ្នក​ចូលរួម​ដើរ​កម្សាន្ត។ ក្នុង​ចំណោម​នោះ គោលដៅ​ចាប់​ពី​ស្ពាន​ជ្រោយចង្វា មក​ដល់​មជ្ឈមណ្ឌល​កោះពេជ្រ ត្រូវ​បាន​ធ្វើការ​រឹត​បន្តឹង​យ៉ាង​ខ្លាំងក្លា៕

អត្ថបទ៖ គង់ វិសាល

មតិយោបល់