- 2016-11-18 02:07:28
- ព័ត៌មាន
ដាំថ្នាំជក់ជាង២២ឆ្នាំ ផ្គត់ផ្គង់កូន ២នាក់រៀនដល់សាកលវិទ្យាល័យ
- 2016-11-18 02:07:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាំថ្នាំជក់ជាង២២ឆ្នាំ ផ្គត់ផ្គង់កូន ២នាក់រៀនដល់សាកលវិទ្យាល័យ
ចន្លោះមិនឃើញ
ដាំថ្នាំជក់ ជាមុខរបរដែលរកចំណូលបានច្រើន សម្រាប់ប្រជាជននៅ កោះប៉ែន កោះមិត្ត និងកោះសូទិនកាលពីជាង១០ឆ្នាំមុន។ បច្ចុប្បន្នចំណូលពីការដាំថ្នាំជក់បានធ្លាក់ចុះយ៉ាងខ្លាំង ហើយប្រជាជននៅលើកោះទាំងនេះបានបោះបង់ស្ទើរតែទាំងស្រុង ប៉ុន្តែស្ត្រីម្នាក់បានបន្តដល់សព្វថ្ងៃរហូតផ្គត់ផ្គង់កូន ២នាក់រៀនដល់សាកលវិទ្យាល័យ។
អ្នកស្រី ហុង ពៅ ជាអ្នកភូមិមួយរូបនៅក្នុង ភូមិបី ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានកូន៤នាក់ បានប្រាប់ Sabay ថា៖ "ខ្ញុំដាំថ្នាំជក់ខ្មែរនេះអស់រយៈពេល ប្រហែល ២២ឆ្នាំមកហើយ តែខ្ញុំមិនទាន់ឈប់ប្រកបរបរដាំថ្នាំជក់ខ្មែរនេះ នៅឡើយទេ គ្រាន់តែដាំតិចជាងមុន ដោយមិនជួលដីគេ។ បន្ទាប់ពីដាំបានមានម៉ូយមកយកដល់ផ្ទះ ហើយប្រហែលជាបីខែប៉ុណ្ណោះខ្ញុំអាចទទួលផលថ្នាំ។ កាលពីជាង១០ឆ្នាំមុន មួយឆ្នាំខ្ញុំរកបានពី ១០ ទៅ ជាង១០លានរៀល តែបច្ចុប្បន្នបានត្រឹមតែជាង៤លានរៀលប៉ុណ្ណោះ ក្នុង២៥០០០កូនថ្នាំ"។
ចុះហេតុអ្វី បានជាបងស្រីមិនឈប់ប្រកបរបរដាំថ្នាំខ្មែរនេះ ដូចអ្នកភូមិដទៃទៀត? ឆ្លើយតប ជាមួយសំណួរនេះ បងស្រីបានប្រាប់ថា ទោះបីចំណូលបានតិចជាងពីមុន ប៉ុន្តែយ៉ាងហោចណាស់វាជាផ្នែកសំខាន់ ក្នុងការសម្រួលដល់ការសិក្សារបស់កូនៗនៅ មហាវិទ្យាល័យ ព្រោះបច្ចុប្បន្នកូនៗ២នាក់របស់គាត់កំពុងរៀននៅ មហាវិទ្យាល័យ មួយទៀតរៀននៅអនុវិទ្យាល័យ និងម្នាក់ទៀតរៀននៅថ្នាក់បឋមសិក្សា ។
"ប៉ុន្មានឆ្នាំនេះដំណាំថ្នាំរបស់ខ្ញុំមិនសូវបានចំណូលទេ ព្រោះទឹកទន្លេមិនលិច ដីគ្មានជីជាតិ មិនសូវសំបូរទីផ្សារ តម្លៃថោក"។ បងស្រី ពៅ ប្រាប់ ។