• 2017-01-03 02:44:56
  • ព័ត៌មាន

៩​ចំណុច​ត្រូវ​ត្រៀម បើ​ចង់​ទៅ​បោះ​ជុំរុំនៅ​មណ្ឌលគីរី

  • 2017-01-03 02:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​​មណ្ឌលគីរី ជា​គោល​ដៅ​ទេសចរណ៍​មួយ​យ៉ាង​មាន​ប្រជាប្រិយ​ភាព សម្រាប់​​យុវវ័យ​​ដែល​ចង់​ដើរ​​កម្សាន្ត​​តាម​បែប​ធម្មជាតិ​ ជា​ពិសេស​​អ្នក​ដែល​មាន​បំណង​​បោះ​ជុំរុំលក្ខណៈ​ជា​ក្រុម​។ លោក​ សេង​ ពិសិដ្ឋ​ ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Anussa Event Planner បាន​ប្រាប់​​ពី​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដែល​​អ្នក​ត្រូវ​​គិត​គូរ​​មុន​ពេល​ធ្វើ​ដំណើរ​បោះ​ជុំរុំជា​ក្រុម​ដូច​ជា៖

១. សំលៀកបំពាក់

ខេត្ត​មណ្ឌលគីរី​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​នៅ​ដើម​ឆ្នាំ​នេះ​ ជា​ការ​ល្អ​ចំពោះ​​អ្នក​ដែល​ចង់​ទៅ​បោះ​តង់​នៅ​ទី​នោះ​​ គួរ​តែ​ជ្រើស​រើស​សំលៀក​បំពាក់​ដែល​ក្រាស់​ ដូច​ជា​ខោ​ខូវប៊យ អាវ​រងា​ ស្រោម​ដៃ​ មួក​អំបោះ ​ជា​ដើម ដើម្បី​ការ​ពារ​​អាកាសធាតុ​​ត្រជាក់​នៅ​ពេល​យប់​។​​​​​​​​​​

២. សុខភាព​

​ការ​ពិនិត្យ​សុខភាព​ជា​មុន​គឺ​ជា​រឿង​ដែល​ល្អ សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។ តើ​អ្នក​មាន​ជំងឺ​ផ្ដាសាយ​ធំ​ ឬ​ទេ? តើ​អ្នក​មាន​ជំងឺ​ខ្សោយ​បេះ​ដូង​កម្រិត​ខ្ពស់ ឬ​ទេ?​​ ប្រសិន​បើ​អ្នក​​ជួប​បញ្ហា​នេះ​ អ្នក​​ត្រូវ​ប្រឹក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជា​មុន​សិន​។

៣. សម្ភារៈ​បោះ​តង់

​​យល់​ល្អ​គួរ​តែ​​ជ្រើស​រើស​សម្ភារៈ​បោះ​តង់​ណា​ដែល​​មាន​គុណភាព​ ដូច​ជា​តង់​ដែល​​ក្រាស់​ៗ​ ​ព្រោះ​ដើម្បី​ទប់​សំណើម​នៅ​ពេល​យប់​។​ លើស​ពី​នេះ​ទៅ​ទៀត​ ​គួរ​តែ​ត្រៀម​ភួយ​ក្រាស់​ៗ និង​ខ្នើយ​ដែល​មាន​ភាព​ទន់​​ល្មើយ​ផ​ង​ដែរ​។

៤. ពិល​ និង​ភ្លើង​បំភ្លឺ​

ពេល​យប់​គឺ​ជា​រឿង​សំខាន់​សម្រាប់​អ្នក​បោះ​តង់​កម្សាន្ត​ ដូច​នេះ​​ត្រូវ​ប្រាកដ​ថា​ ​អ្នក​បាន​ត្រៀម​​ប្រភព​ដើម្បី​​បំភ្លឺ​រួច​រាល់​​ហើយ​។​ ប្រភព​ពន្លឺ​សំខាន់​គឺ​ចង្កៀង​​អគ្គិសនី​ ពិល​ ភ្នក់​ភ្លើង​ជា​ដើម​។​

៥. អាហារ និង ទឹក​ស្អាត​

ជា​ទូទៅ​អាហារ​សម្រាប់​អ្នក​បោះ​តង់​និយម​ញ៉ាំ​ភាគ​ច្រើន​ គឺ​ការ​អាំង​សាច់​​ BBQ ​ប៉ុន្តែ​លោក​អ្នក​ក៏​គួរ​ត្រៀម​អាហារ​ក្រៀម​ៗ​មួយ​ចំនួន​តាម​ខ្លួន​ផង​ដែរ​ ដូច​ជា​​សាច់​គោ​ងៀត​ មី​ ត្រីខ​កំប៉ុង​ជា​ដើម​​។​ លើស​ពី​នេះ​​ទៅ​ទៀត​​គឺ​ត្រូវ​បម្រុង​​​ទឹក​ស្អាត​ទុក​ ​សម្រាប់​ពិសា​ និង​ប្រើ​ប្រាស់​ផង​ដែរ​។

លោក​ សេង​ ពិសិដ្ឋ​

៦. សុវត្ថិភាព និង​មធ្យោបាយ​ធ្វើ​ដំណើរ​

​អ្នក​ត្រូវ​ពិនិត្យ​អោយ​​បាន​ច្បាស់​​អំពី​ទី​តាំង​ដែល​អ្នក​​ចង់​បោះ​ជុំរុំនោះ​ ថា​តើ​វា​មាន​សុវត្ថិភាព​ឬ​ទេ?​ ចំណែក​ឯ​​​ការ​ធ្វើ​ដំណើរ​វិញ​ តើ​យើង​​នឹង​ទៅ​ដល់​ទី​កន្លែង​នោះ​ដោយ​ប្រើ​មធ្យោបាយ​​បែប​ណា​ខ្លះ​? ​​​​ ​​​

៧. ថ្នាំពេទ្យ

នៅ​ពេល​ដែល​បោះ​ជុំរុំ​នៅ​តាម​ព្រៃ​ភ្នំ​ គឺ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ត្រៀម​​ថ្នាំ​​ពេទ្យ​មួយ​ចំនួន​យក​​ទៅ​ជា​មួយ​ ដែល​​មាន​ដូច​ជា​ថ្នាំ​លាប​ការ​ពារ​មូស​ សត្វ​ល្អិត​ ថ្នាំ​ឈឺ​ក្បាល​ ថ្នាំ​រាគ​រូស​ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជា​ដើម​។ ​​​​​

៨ បន្ទប់​ទឹក​

ត្រូវ​​មាន​បន្ទប់​ទឹក​​ដែល​មាន​អនាម័យ​ល្អ​ និង​នៅ​ជិត​កន្លែង​ដែល​ត្រូវ​បោះ​តង់​ផង​ដែរ​ ​ព្រោះ​ដើម្បី​​បរិស្ថាន​ស្អាត​​ និង​មាន​ភាព​ងាយ​ស្រួល​ដល់​​អ្នក​ដែល​ទៅ​ចូល​រួម​​បោះ​តង់​។​​

៩​ ប្រាក់​កាស​

ការ​បោះ​ជុំរុំរយៈ​ពេល​៣​ថ្ងៃ​ ២​យប់​ជា​ក្រុម​ អ្នក​អាច​នឹង​ចំណាយ​សរុប​ចន្លោះ​ ៧០​ ទៅ​៨០​ដុល្លារ​អាមេរិក​យ៉ាង​តិច​។​ យល់​ល្អ​អ្នក​គួរ​ត្រៀម​លុយ​​ប្រហែល​៣០​​ដុល្លារ​​ក្នុង​ខ្លួន​ផង​ដែរ​សម្រាប់​ប្រើ​ការ​ពេល​ចាំ​បាច់​បន្ទាន់​។ ហើយ​ចំណុច​មួយ​ដែល​ត្រូវ​ចង​ចាំ​ គឺ​កុំ​យក​របស់​ដែល​​មាន​តម្លៃ​ខ្ពស់​ទៅ​​តាម​ខ្លួន​ក្នុង​ពេល​បោះ​ជុំរុំអោយ​សោះ​។

ទេសភាព​ខេត្ត​មណ្ឌលគីរី

អត្ថបទ​៖​ ចន្ថា

មតិយោបល់