• 2017-02-08 06:50:33
  • ព័ត៌មាន

ជេត ជាលី៖ កាឡៃ​​ថ្ងៃ​ Valentine ជា​​ទិវា​សប្បុរស​​ បង្វែរ​​ក្ដី​ស្រលាញ់​​ជួយ​អ្នក​ទន់​ខ្សោយ​

  • 2017-02-08 06:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​ឧត្ដម​បណ្ឌិត​ ជេត ជាលី​ សកលវិទ្យាធិការ នៃ​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ប្រាប់​មក​កាន់ Sabay ថា​ រៀង​រាល់​ឆ្នាំ​ នៃ​ថ្ងៃ​ទិវា​​ក្ដី​ស្រលាញ់ (Valentine's Day) សាកល​វិទ្យាល័យ​ តែង​កាឡៃ​ទៅ​ជា​ព្រឹត្តិការណ៍ ទិវា​សប្បុរស​ធម៌ ដោយ​បង្វែរ​សេចក្ដី​ស្រលាញ់​ដល់​អ្នក​ទន់​ខ្សោយ​ជាង​ខ្លួន​តាម​រយៈ​ការ​បរិច្ចាគ​​ លុយ​ជួយ​ដល់​ពួក​គេ​។

ឯក​ឧត្ដម​សកលវិទ្យាធិការ​ បាន​ឲ្យ​ដឹង​​ថា សម្រាប់​​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ១៤​កុម្ភៈ​ឆ្នាំ​នេះ មិន​ចំ​ថ្ងៃ​ចុង​សប្ដាហ៍ ដូច​នេះ​ សាកល​វិទ្យាល័យ​បាន​​លើក​ថ្ងៃ Valentine ​​រៀប​ចំ​ធ្វើ​ជា​​ព្រឹត្តិការណ៍ ​សប្បុរស​ធម៌​​ កាល​ពី​ថ្ងៃ​១៣ មករាកន្លង​ទៅ ដែល​​ចំ​ថ្ងៃ​​ខួប​កំណើត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​។

សម្រាប់​ទិវា​សប្បុរស​ ជំនួស​ថ្ងៃ​​​​ទិវា​​ក្ដី​ស្រលាញ់​នោះ​ បាន​ទទួល​ការ​គាំ​ទ្រ​ពី​សិស្ស​និស្សិត​ ជា​ច្រើន​ ព្រោះ​ចំ​ថ្ងៃ​សុក្រ​ ជិត​ថ្ងៃ​ចុង​សប្ដាហ៍​​មិន​ប៉ះ​ពាល់​ដល់​ការ​រៀន​សូត្រ​។ ហើយ​ព្រឹត្តិការណ៍​១​ថ្ងៃ​​នោះ​ផង​ដែរ​ គឺ​អាច​​ប្រមូល​បាន​ប្រាក់​មូលនិធិ​សប្បុរសធម៌​ ជិត​១​ម៉ឺន​ដុល្លារ​ផង​​ដែរ​។ ​​

យ៉ាងនេះក្ដី ឯកឧត្ដម​សកលវិទ្យាធិការ​​បាន​បញ្ចេញ​ទស្សនៈ​ថា យុវជន​បច្ចុប្បន្ន​​​​ ភាគ​ច្រើន​យល់​ដឹង​​ ពុំ​មាន​​ការ​​ភ្លើត​ភ្លើន​នាំ​ឲ្យ​កើត​ជា​បញ្ហា​នោះ​ទេ។ ឯកឧត្ដម​ ជេត ជាលី​ ​​បាន​ផ្ដាំ​​ផ្ញើ​​ដល់​និស្សិត​ និង​សាធារណជន​ថា នា​ថ្ងៃ​១៤​ កុម្ភៈ​​ សូម​កុំ​ឲ្យ​ធ្វើ​អ្វី​ជ្រុល​ពេក ដោយ​ធ្វើ​អ្វី​គិត​ពី​កិត្តិយស​​របស់​ខ្លួន គិត​ពី​សុវត្ថិភាព​របស់​ខ្លួន​ គិត​អនាគត​ខ្លួន​ឯង​ ថា​តើ​​ជា​ប្រយោជន៍​ដល់​​ខ្លួន​​ឯង​ដែរ​ឬ​ទេ? ៕

​​​​​​​​​​

​​​​

អត្ថបទ៖ មាន រតនា

មតិយោបល់