• 2017-02-09 02:21:19
  • ព័ត៌មាន

យុវវ័យ​​​​មាន​គម្រោង​​ធ្វើ​អ្វី​ខ្លះ​ នៅ​ថ្ងៃ​ ​១៤​កុម្ភៈ?

  • 2017-02-09 02:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​​១៤​កុម្ភៈ​ រៀង​រាល់​ឆ្នាំ​ សម្រាប់​យុវវ័យ​​​ជា​ច្រើន​ប្រាកដ​​ជា​ដឹង​​​​ថា ជា​ថ្ងៃ​​ទិវា​នៃ​ក្ដី​ស្រលាញ់ ឬ​Valentine's Day ដែល​ទោះ​បី​​វា​​ពុំ​មែន​ជា​ពិធី​បុណ្យ​​ប្រពៃណី​ជាតិ​របស់​កម្ពុជា តែ​​​គេ​សង្កេត​ឃើញ​យុវជន​មួយ​ចំនួន​​​​ប្រារព្ធ​អបអរ ពិធី​បុណ្យ​នេះ​តាម​រយៈ​​ ការ​ទិញ​​អំណោយ ជា​កាដូ​ ជូន​ទៅ​មនុស្ស​ជា​ទី​ស្រលាញ់​ ឬ​នាំ​ក្រុម​គ្រួសារ​ដើរ​លេង​ជា​ដើម​។ យ៉ាង​ណា​មិញ​ ១៤​ កុម្ភៈ​ជិត​មក​ដល់ ហើយ​សម្រាប់​យុវវ័យ​​បច្ចុប្បន្ន យល់​យ៉ាង​ណា​ចំពោះ​ថ្ងៃ​នោះ ហើយ​ពួក​គេ​មាន​គម្រោង​អ្វី​ខ្លះ​?

ទៅ​ស្ដាប់​យុវជន ផានិត ជា​និស្សិត​​​រៀន​ផ្នែក​គីមី​វិទ្យា នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​​ប្រាប់​ថា រូប​គេ​ មាន​បំណង​នឹង​ ទិញ​វត្ថុ​អនុស្សាវរីយ៍​​មួយ​ចំនួន ជូន​ទៅ​ដល់ ពុក​ម៉ែ លោក​គ្រូ​អ្នក​គ្រូ ក៏​ដូច​មិត្ត​ភក្តិ​ជិតស្និទ្ធ​មួយ​ចំនួន​។ យុវជន​​ដដែល​បាន​ប្រាប់​ថា ចំពោះ​ខ្លួន​យល់​ថា បុណ្យ Valentine's Day ដែល​យុវវ័យ​តែង​ប្រារព្ធ​​រាល់​ឆ្នាំ​នោះ​គឺ ចង់​សំដៅ​​ទៅ​លើ ការ​បង្ហាញ​ក្ដី​ស្រលាញ់​ជូន​ចំពោះ​ ម៉ាក់​ប៉ា បង​ប្អូន​ ឬ​មិត្ត​ភក្តិ​ ព្រម​ទាំង​លោក​គ្រូ​អ្នក​គ្រូ​ ដែល​បាន​បង្រៀន​រូប​គេ​ផង​ដែរ។

ដោយ​ឡែក​ ងាក​​ទៅ​ស្ដាប់​យុវតី​បី​នាក់​មក​ពី​សាលា​តិច​ណូ​ បាន​បញ្ចេញ​មតិ​ផ្សេង​ៗ​គ្នា​ យុវតី​ឈ្មោះ​កេសរ​ បាន​ប្រាប់​ថា​ ខ្លួន​ពុំ​ទាន់​​មាន​គម្រោង​​ច្បាស់​នោះ​ទេ ប៉ុន្តែ​​ដល់​ថ្ងៃ​១៤​ កុម្ភៈ​​ទើប​សម្រេច​ចិត្ត​។ ចំណែក​ ស្រី​តូច​ និស្សិត​ផ្នែក​គីមី​ចំណី​អាហារ​ ជា​មិត្ត​ភក្តិ​អង្គុយ​ក្បែរ​​កេសរ បាន​ប្រាប់​សម្រាប់​ថ្ងៃ​នោះ រូប​គេមាន​គម្រោង​ទៅ​ញ៉ាំ​អី​ ខាង​ក្រៅ​ជា​មួយ​គ្រួសារ និង​បង​ប្អូន​ ដើម្បី​បង្ហាញ​នូវ​​ក្ដី​ស្រលាញ់​ចំពោះ​ពួក​គេ​។

យុវតី​ រស់​ សុភ័ក្រ្ត និស្សិត​​មក​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្រ្ត​ បាន​ឲ្យ​ដឹង​ថា សម្រាប់​​ការ​យល់​ឃើញ​របស់​កញ្ញា​ផ្ទាល់ ទិវា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​​​នោះ​​ថា "...ពិធី​បុណ្យ​នោះ មិនមែន​ជា​ពិធី​បុណ្យ​របស់​ខ្មែរ​យើង​​ទេ ហើយ​យើង​​ក៏​មិន​ត្រូវ​ លក្ខណៈ​ថា ជ្រួល​​ជ្រើម​នឹង​ពិធី​បុណ្យ​ Valentine's Day នោះ​ដែរ​..."។

ដោយ​ឡែក​នៅ​ពេល​សួរ​ថា កញ្ញា​មាន​គម្រោង​​ធ្វើ​អ្វី​ដែរ​ នា​ថ្ងៃ​នោះ និស្សិត​រៀន​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​រូប​នេះ និយាយ​ថា៖ "ចំពោះ​ថ្ងៃ​នោះ​ផង​ដែរ ខ្ញុំ​គិត​ថា​អត់​មាន​ គម្រោង​ទៅ​ណា​ផង"។

ងាក​ទៅ​ស្ដាប់​យុវជន គឹម សេង រៀន​ផ្នែក​គីមី​វិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ឲ្យ​ដឹង​អំពី​ថ្ងៃ​ ១៤​ កុម្ភៈ​ ថា វា​ជា​ថ្ងៃ​នៃ​ទិវា​ក្ដី​ស្រលាញ់ ហើយ​ដូច​នេះ​ រូប​គេ​​នឹង​មាន​គម្រោង​ ​ទិញ​វត្ថុ​អនុស្សាវរីយ៍​ជូន ឪពុក​ម្ដាយ ក៏​ដូច​ជា​បង​ប្អូន​ដែរ​នៅ​ផ្ទះ​ជា​មួយ​គ្នា​។

ទស្សនា​វីដេអូ​​ខាង​ក្រោម​នេះ​៖

អត្ថបទ៖ មាន រតនា

មតិយោបល់