
- 2017-09-22 13:08:46
- ព័ត៌មាន
តិចនិកងាយៗ ៣០នាទី ក្នុងមួយថ្ងៃ ជួយឲ្យរស់បានយូរ
- 2017-09-22 13:08:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកងាយៗ ៣០នាទី ក្នុងមួយថ្ងៃ ជួយឲ្យរស់បានយូរ
ចន្លោះមិនឃើញ
បើយោងតាមលទ្ធផលនៃការសិក្សាថ្មីដែលទើបតែបោះពុម្ពនៅថ្ងៃសុក្រនេះ ក្នុងទស្សនាវដ្ដីពេទ្យដ៏ល្បីឈ្មោះ The Lancet បានបង្ហាញឲ្យឃើញ ការហាត់ប្រាណ ដូចជា ការដើរជាដើម ៣០នាទីក្នុងមួយថ្ងៃ ៥ថ្ងៃក្នុងមួយសប្ដាហ៍អាចជួយកាត់បន្ថយអត្រានៃការកើតជំងឺបេះដូង និងជួយឲ្យរស់បានយូរ។
ដោយសិក្សា និងតាមដានយ៉ាងដិតដល់មនុស្សចំនួន ១៣០០០០ នាក់ ក្នុងប្រទេសចំនួន ១៧ ទាំងប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍ ការសិក្សាថ្មីនេះ បានរកឃើញថា គ្រាន់តែបំពេញសកម្មភាពប្រចាំថ្ងៃដូចជា ការដើរទៅធ្វើការ ធ្វើការងារផ្ទះដូចជាបោកខោអាវ ជាដើម ធ្វើឲ្យរស់បានយូរ និងកាត់បន្ថយការមានជំងឺផ្សេងៗ។ អ្នកជំនាញផ្នែកបេះដូងនៃមន្ទីរពេទ្យ St Paul ប្រទេសកាណាដា និងជាប្រធានក្រុមអ្នកស្រាវជ្រាវនៃការសិក្សាអន្តរជាតិថ្មីមួយនេះ លោក Scott Lear បាននិយាយថា៖ "ការដើរយ៉ាងតិច ៣០នាទី ក្នុងមួយថ្ងៃ មានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព"។ លោកក៏បានកត់សម្គាល់ផងដែរ មានវិធីផ្សេងទៀតក្នុងការកត់បន្ថយអត្រានៃការកើតជំងឺបេះដូង ដូចជា ការទទួលទានថ្នាំ និងបន្លែផ្លែឈើ ប៉ុន្តែវិធីទាំងនេះមានលក្ខណៈថ្លៃ និងមិនអាចទទួលយកបានពីសំណាក់ប្រជាជនដែលមានជីវភាពខ្សត់ខ្សោយ។ ដោយហេតុនេះហើយ អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ទៀតថា ការដើរ មិនតម្រូវឲ្យចំណាយប្រាក់ ព្រមទាំងមានប្រយោជន៍ខ្លាំងចំពោះសុខភាពទៀតផង។
គួរបញ្ជាក់ផងដែរថា ជំងឺដាច់សរសៃឈាម (ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងជំងឺបេះដូង) គឺជាមូលហេតុចម្បងនៃការបាត់បង់ជីវិតមនុស្សក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ជំងឺមួយនេះបានឆក់យកជីវិតមនុស្ស ៩.៤៨លាននាក់ទូទាំងពិភពលោក កាលពីឆ្នាំ ២០១៦។ កន្លងមក អង្គការសុខភាពពិភពលោក បានណែនាំឲ្យប្រជាជន ដែលមានវ័យចាប់ពី ១៨ ដល់ ៦៤ឆ្នាំ ហាត់ប្រាណធម្មតាឲ្យបានយ៉ាងតិច ១៥០នាទីក្នុងមួយសប្ដាហ៍។ ប៉ុន្តែបើតាមការប៉ាន់ស្មានរបស់ អ្នកជំនាញជាច្រើនបានឲ្យដឹងថា មនុស្សប្រមាណ ២៥% ទូទាំងពិភពលោកមិនបានហាត់ប្រាណដល់ការកំណត់របស់អង្គការមួយនេះនោះទេ៕