- 2017-09-25 03:43:28
- ព័ត៌មាន
សិស្សនិទ្ទេសA ម្នាក់ជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យល្បីមួយនៅភ្នំពេញតែមិនរំពឹងថាបានមករៀនដោយសារជីវភាព
- 2017-09-25 03:43:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សនិទ្ទេសA ម្នាក់ជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យល្បីមួយនៅភ្នំពេញតែមិនរំពឹងថាបានមករៀនដោយសារជីវភាព
ចន្លោះមិនឃើញ
គិតពីថ្ងៃចេញលទ្ធផលប្រឡងបាក់ឌុប ក៏ដូចជាលទ្ធផលអាហារូបករណ៍នៅតាមមហាវិទ្យាល័យរដ្ឋនានារួចហើយមក បេក្ខជនដែលជាប់អាហារូបករណ៍ទំនងជាសប្បាយចិត្ត និងបានត្រៀមខ្លួនជាស្រេចសម្រាប់ឡើងមករៀននៅភ្នំពេញ។
ដោយឡែកយុវតី សុង ស្រីអូន មិនរំពឹងថាបានឡើងមករៀននៅមហាវិទ្យាល័យនៅភ្នំពេញនោះទេ បើទោះបី ស្រីអូន បានដឹងថាខ្លួនជាប់អាហារូបរណ៍ផ្នែកភាសារអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេសនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញហើយក៏ដោយ។
ស្រីអូន ជាសិស្សមកវិពីវិទ្យាល័យអង្គស្វាយពុំសែន ក្នុងស្រុកអង្គរជ័យ ខេត្តកំពត និងបច្ចុប្បន្នរស់នៅភូមិរបោះខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ។ ស្រីអូន បានប្រឡងជាប់បាក់ឌុបហើយទទួលបាននិទ្ទេស A ក្នុងលំដាប់ពិន្ទុ៩៩,៨៨៣។
ស្រីអូន រៀបរាប់ប្រាប់ Sabayថា ខ្លួនមានក្តីសង្ឈឹមតិចតួចប៉ុណ្ណោះថាបានចូលរៀនថ្នាក់ឧត្តមសិក្សា ដោយថាជីវភាពសព្វថ្ងៃខ្សត់ខ្សោយ។ ស្រីអូន បន្តថាបច្ចុប្បន្ន ខ្លួនរស់នៅដោយពឹងផ្អែកលើជីតា និងជីដូនដែលមានវ័យចាស់ជរា ដោយឡែកម្តាយបង្កើតវិញមានជំងឺប្រចាំកាយមិន អាចប្រកបរបរអ្វីបាននោះទេ។ ពេលនិយាយពីឳពុកវិញ ស្រីអូន ថានាងកំព្រាឳពុកតាំងពីតូចមកម្លេះ ពោលគឺឳពុកបានលែងលះជាមួយរបស់ខ្លួនតាំងពីស្រីអូន ទើបកើតបានជាងមួយខែមកម្លេះ។
ស្រីអូន បន្តថា ជីតា និងជីដូនសព្វថ្ងៃប្រកបរបរលក់បបរ និងបាញ់ឆែវដែលថាមួយថ្ងៃអាចរកប្រាក់ចំណេញបានប្រហែលជា២ម៉ឺនរៀលប៉ុណ្ណោះ ដែលប្រាក់នេះត្រូវផ្គត់ផ្ទង់ឲ្យនាងរៀនផង និងគ្រួសារទាំងមូលផង។
ដោយសារតែស្ថានភាពគ្រួសារបែបនេះស្រីអូនមិនរំពឹងថាខ្លួនមានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យនោះទេ។ ស្រីអូនបញ្ជាក់ថា ពេលនេះស្រីអូនកំពុងពិចារណាប្រឡងចូលធ្វើគ្រូកម្រិតអនុវិទ្យាល័យវិញ ដោយរំពឹងថានឹងមានមុខរបរ និងអាចមានថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសារ។
ជីតា របស់ស្រីអូន គឺលោក សយ ថែន អាយុ៧១ឆ្នាំ ថ្លែងប្រាប់ Sabay ដែរថា លោកពិតជាអាណិតចៅរបស់លោក និងថាលោកសោកស្តាយដែលមិនមានលទ្ធភាពឲ្យចៅស្រីរបស់ខ្លួនមករៀននៅមហាវិទ្យាល័យបាន។ លោកថ្លែងថាៈ «បើខ្ញុំមានលុយខ្ញុំឲ្យចៅខ្ញុំទៅរៀនហើយ តែជីវភាពខ្វះខាត...ខ្ញុំសោកស្តាយ»។ នៅពេលនេះ លោកថា ជំរើសរបស់ស្រីអូន គឺមានតែប្រឡងធ្វើជាគ្រូបង្រៀនសិនប៉ុណ្ណោះ ដោយថាដើម្បីឲ្យមានការងារមួយ និងអាចមានចំណូលខ្លះ។
ងាកមកស្រីអូន វិញ ក្តីសង្ឃឹមថាបានមកសិក្សានៅមហាវិទ្យាល័យ កាន់តែរសាត់ឆ្ងាយទៅប្រសិនជានាងប្រឡងគ្រូជាប់ តែគ្មានអ្វីជម្រើសល្អជាងនេះ ស្រូអូនថា ខ្លួនត្រូវតែដើរផ្លូវនេះ។ ទោះយ៉ាងណា ស្រីអូនថាបើនាងប្រឡងគ្រូធ្លាក់នាងនឹងងាកមករកការសិក្សានៅថ្នាក់មហាវិទ្យាល័យវិញ។ តែស្រីអូនថាជំរើសនេះ ជារឿងដែលលំបាកសម្រាប់ស្រីអូន ដោយថាខ្លួនមិនប្រាកដថាអាចរកការងារក្រៅម៉ោងបានធ្វើ និងមានប្រាក់ផ្ទក់ផ្គង់ការសិក្សាបាននោះទេ។
មកដល់ចំណុចនេះ ស្រីអូនថាក្តីស្រម៉ៃរបស់ ខ្លួន ដែលចង់ធ្វើការងារជាអ្នកបកប្របែភាសាប្រហែលមិនបានសម្រេចនោះទេ ប្រសិនជាខ្លួនមិនអាចរៀននៅមហាវិទ្យាល័យបាន៕