- 2017-10-14 23:50:00
- ព័ត៌មាន
អ្នកភូមិមួយនៅខេត្តកំពតធ្វើកញ្ឆេ សម្រាប់ទីផ្សារនៅភ្នំពេញ
- 2017-10-14 23:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកភូមិមួយនៅខេត្តកំពតធ្វើកញ្ឆេ សម្រាប់ទីផ្សារនៅភ្នំពេញ
ចន្លោះមិនឃើញ
បើធ្វើដំណើរទៅកាន់ភូមិមួយនៅក្នុងស្រុកទឹកឈូ ខេត្តកំពត នោះគេនឹងឃើញមានមនុស្សប្រុសស្រីនៅតាមផ្ទះនីមួយៗកំពុងញាប់ដៃ ញាប់ជើងបិទឬស្សីផង និងចាក់កញ្ឆេផង ឬអ្នកខេត្តកំពតហៅថា «លូ»។
កំពុងបិទឬស្សីសម្រាប់ធ្វើកញ្ឆេនៅខាងមុខផ្ទះ អ្នកស្រី ថូង ចាន់ធូ រៀបរាប់ប្រាប់ Sabay ថាអ្នកស្រី និងស្វាមីចេះជំនាញនេះតៗគ្នាពីដូនតាមក និងថាអ្នកភូមិផ្សេងទៀតបានចេះចាំជំនាញធ្វើកញ្ឆេនេះតពីចាស់ទុំរបស់ខ្លួន។
បច្ចុប្បន្នរស់នៅក្នុងភូមិអូតូច ឃុំអណ្តូងខ្មែរ ក្រុងកំពត អ្នកស្រី និងស្វាមីបានប្រកបរបរនេះជាង១០ឆ្នាំមកហើយ ដោយថាអ្នកស្រីជាអ្នកបិតឬស្សីឲ្យប្តីយកទៅចាក់ជាកញ្ឆេ។ អ្នកស្រីឲ្យដឹងថា ការធ្វើកញ្ឆេមួយត្រូវចំណាយប្រាក់ទិញឬស្សី និងផ្តៅអស់ប្រហែលជាបីម៉ឺនរៀល ហើយអ្នកស្រីលក់វិញបានបួនម៉ឺនរៀល។
ទំនងជាកុំឲ្យញើសហូរធ្លាក់ចូលភ្នែក អ្នកស្រីបង្អង់សម្តីបន្តិចរួចយកដៃជូនញើសបន្តិចមុននឹងបន្តសម្តី។អ្នកស្រីឲ្យដឹងទៀតថាក្នុងមួយថ្ងៃពីរនាក់ប្តីប្រពន្ធ អ្នកស្រីអាចផលិតកញ្ឆេបានចំនួនបួន តែ ថាបើថ្ងៃណាមានអតិធិជនបញ្ជាទិញច្រើនអ្នកស្រី និងស្វាមីប្រឹងផលិតបានចំនួនប្រាំក្នុងមួយថ្ងៃ។
បើនិយាយពីទីផ្សារសម្រាប់លក់វិញអ្នកស្រីថា អ្នកខេត្តកំពតពុំសូវទិញនោះទេ តែមានច្រើននៅភ្នំពេញ។ អ្នកស្រីបញ្ជាក់ថានៅខែ វិច្ឆិកា ធ្នូ និងខែមករា ជាខែដែលមានអ្នកបញ្ជាទិញច្រើនដោយថាជារដូវប្រមូលផលត្រី។
អ្នកស្រីបន្ថែមៈ « កឋិន អ៊ុំទូក អកអំបុកអីនឹង លក់ដាច់ហើយលួ វាតាមរដូវវា គេបើកឡួតិ៍ត្រីយើងលក់បានទៀត គេហៅយើងធ្វើ យើងធ្វើអត់ទាន់ឲ្យគេផង»។
អ្នកស្រីឲ្យដឹងដែរថាក្នុងមួយខែអ្នកស្រីអាចលក់ចេញកញ្ឆេប្រហែលជា៣០កញ្ឆេជាមធ្យម។ អ្នកស្រីថានេះជាមុខរបរមួយធ្វើឲ្យគ្រួសារអ្នកស្រី និងអ្នកភូមិផ្សេងទៀតមានចំណូលប្រចាំខែ និងមានជីវភាពសមរម្យ៕