• 2017-10-17 02:49:47
  • ព័ត៌មាន

ទំនប់​ត្រពាំង​បឹង​ជា​កន្លែង​កម្សាន្ត​ថ្មី​សម្រាប់​អ្នក​ខេត្ត​កំពត

  • 2017-10-17 02:49:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនប់​ត្រពាំង​បឹង​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត​ កំពុង​ក្លាយ​ជា​កន្លែង​លំហែកាយ​ថ្មីមួយ​ទៀត​​របស់​អ្នក​ស្រុកនេះ​បន្ទាប់ពី​ទំនប់​នេះ​បានជួស​ជុល​ឡើង​វិញ​កាលពី​ខែ​កញ្ញា ឆ្នាំ២០១៧ កន្លងទៅ ដែល​បាន​រងការ​ខូច​ខាត​តាំងពី​ឆ្នាំ​១៩៩២​។

ទំនប់នេះ​មាន​ផ្ទៃ​ក្រឡា​ប្រហែលជា​មួយគីឡូម៉ែត្រ​ការ៉េ មាន​ទឹក​ច្រើន​​ហើយ​ថ្លា និង​មាន​ខ្យល់​​អាកាស​ត្រជាក់​ផង។ ចំំណុច​ទាំងនេះ​បានទាក់ទាញ​ប្រ​ជាពល​រដ្ឋ​នៅជុំ​វិញ​តំបន់នោះ​មក​លេង​កម្សាន្ត​ជា​ហូរ​ហែ។

(ប្រ​ជា​ពល​រដ្ឋ​កំពុង​ធ្វើដំណើរ​​កម្សាន្ត​នៅ​ទំនប់​ត្រពាំង​បឹង)

កញ្ញា ឡាង សៀវម៉ី ជា​សិស្ស​​វិទ្យាល័យ​ហ៊ុនសែនឈូក​ បានរៀបរាប់​​ថា តាំង​ពី​ទំនប់​នេះ​កសាង​រួច​មក​ កញ្ញា​​ បាន​មក​លេង​នៅ​ទំនប់​នេះ​ជា​ច្រើន​លើក​​មក​ហើយ​។ កញ្ញាថា កញ្ញា មក​លេងទំនប់​នេះ​ជា​មួយ​​គ្រួសារ ​និង​ពេលខ្លះ​មក​ជាមួយ​មិត្ត​ភក្តិ​នា​ពេល​ពេល​ល្ងាច​ៗ ។ កញ្ញាបន្តថាៈ «ទី​នេះ​មាន​ភាព​ទាក់​ទាញ​ដោយ​សារ​មាន​ទឹក​ច្រើន ​មាន​ខ្យល់​អាកាស​បរិសុទ្ធ និង​មាន​គេលក់​នំចំណី​...​ទីនេះ​គឺ​មក​អង្គុយ​លេង ​ជជែក​កម្សាន្ត និង​ថត​រូបលេង​ជា​មួយមិត្ត​ភក្តិ​»។

(​ពល​រដ្ឋ​ទៅ​កម្សាន្ត​កំពុង​ថត​រូប​នៅទំនប់​ត្រពាំង​បឹង​)

ងាក​ទៅយុ​វជន​បឿង ភារី ដែល​មាន​ទីលំ​នៅ​​ ក្បែរ​ទំនប់​នេះ​ដែរ ​បាន​លើក​ឡើង​ថា​ លោក​ឧស្សាហ៍​មក​លេងទំបន់​នេះ​ជា​ញឹក​ញាប់​ជាមួយ​មិត្តភក្តិ​ ព្រោះថាទំនប់​នេះ​មាន​មនុស្ស​ច្រើន​អ៊ូ​អរ​ ជាពិ​សេស​មាន​ខ្យល់​បរិសុទ្ធ​។ លោក​បន្តថាៈ «កន្លែង​មិន​ទាន់​មាន​អ្វី​លេង​ច្រើន​មែន​ តែ​មនុស្ស​មក​លេង​ច្រើន​ គេ​ជិះ​ម៉ូតូ​ដើរ​លេង ​ហូបអីៗ និយាយ​គ្នាលេង​ ...ខ្យល់អាកាស​ល្អ”។

រីឯ​អ្នកស្រី​ ហ៊ឹម ​ស្រីតូច ជាម្ចាស់​ទា​ទឹក ​បាន​និយាយ​ថា ​អ្នក​ស្រី​ទើប​តែ​បាន​ដាក់​ទាទឹក​ចំនួន​ពីរគ្រឿង​និងថា​មាន​ភ្ញៀវ​ច្រើន​មក​ជិះ​លេង​។ នៅ​ថ្ងៃខាង​មុខ អ្នកស្រីថា​នឹងបន្ថែម​ទា​ទឹក​បន្ថែម​ទៀតដើម្បី​បំពេញ​តម្រូវការ​អ្នកមក​កម្សានុ្ត​នៅ​ទំនប់នេះ​។

អ្នកស្រី​បន្ថែមថាៈ « រាល់​ថ្ងៃ​មនុស្ស​មក​លេង​ច្រើន​ តែ​អត់​មាន​អី​លេង​...ខ្ញុំ​មាន​គម្រោង​ធ្វើ​កញ្ចុះ​អង្គុយ​លេង ​មាន​លក់​ម្ហូប​បាយ​អី​ចឹង​ទៅ ​កុំឲ្យ​ភ្ញៀវ​មក​ពីឆ្ងាយ​ៗអី​ គាត់​មក​លេង​ហើយ​អត់​មាន​អីលក់​ ណា​មួយ​វាជួយ​ទាក់​ទាញ​ភ្ញៀវ​ កុំឲ្យ​មាន​មនុស្ស​តែ​មួយ​ឆាវ​ហើយ​បាត់​ទៅ​វិញ​ចឹង​»។

អត្ថបទដោយ៖​ គីមសាយ

មតិយោបល់