- 2017-10-31 06:29:16
- ព័ត៌មាន
វត្តមួយនៅកំពត រៀបចំប្រណាំងទូកចំណុះប្រាំនាក់
- 2017-10-31 06:29:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តមួយនៅកំពត រៀបចំប្រណាំងទូកចំណុះប្រាំនាក់
ចន្លោះមិនឃើញ
វត្តមួយនៅក្នុងខេត្តកំពតបានយកឱកាសពិធិបុណ្យកឋិនរៀបចំពិធីបុណ្យអុំទូក ដោយថាដើម្បីអបអរបុណ្យអុំទូកផង និងសម្រាប់ការកម្សាន្តរបស់អ្នកចូលរួមបុណ្យកឋិនវត្តនេះផង។
មនុស្សម្នាជាច្រើនបានអង្គុយផង និងឈរផងនៅជុំវិញមាត់ស្រះមួយនៅក្នុងវត្តស្រះចាស់ ក្នុងឃុំនរាយណ៍ ស្រុកឈូកខេត្តកំពត។ យូរៗម្តងសំឡេងស្រែកហ៊ោកញ្ជ្រៀវបានបន្លឺឡើងនៅពេលកីឡាករប្រណាំងទូកបានដល់ទី។
លោក មាស ជីវ៉ា ជាគណៈកម្មការរៀបចំបុណ្យ និងជាអ្នកអត្ថាធិប្បាយផង បានប្រាប់ Sabay ថា ថ្ងៃនេះជាថ្ងៃចុងនៃពីធីប្រណាំងទូកក្នុងវត្តនេះ ដែលថាបានប្រណាំងជំរុះតំាងពីថ្ងៃម្សិលម៉ិញ ក្នុងឱកាសបុណ្យកឋិនទានរបស់វត្ត។
លោកបន្តថា ពិធីអុំទូកនេះត្រូវបានរៀបឡើងចំនួនពីរឆ្នាំហើយ ហើយសម្រាប់ឆ្នាំនេះ វត្តបានទិញទូកចំនួនពីរសម្រាប់ឲ្យអ្នកចូលបូណ្យកឋិនចូលរួមប្រណាំងដោយទូកទាំងពីរមានតម្លៃ១លាន៥សែនរៀល។
ចំណែកកីឡាករ និងកីឡាការនីប្រណាំង លោកថាជាអ្នកស្ម័គ្រចិត្តចូលប្រកួត ហើយត្រូវបង់វិភាគទានប្រាំពាន់រៀន ហើយទូកមួយមានចំណុះប្រាំនាក់។
លោកបន្តថា បើទោះកីឡាករប្រណាំងចាញ់ក៏ដោយក៏ទូកនោះបានការឧបត្ថម្ភទៅពីវត្តដែរ។ លោកបន្ថែមថាៈ «ពិធីអុំទូកនេះមិនមានឧបត្ថម្ភគាំទ្រពីឯកឧត្តមឧកញ៉ាណាទេ មានតែគណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត»។
អ្នកចូលរួមម្នាក់ឈ្មោះ មិត្ត សុខា បានប្រាប់ថា លោកមានអារម្មណ៍សប្បាយ ពេលបានមកមើលការប្រណាំងទូក។ លោកក៏ចង់ឲ្យមានកម្មវិធីនេះកើតឡើងនៅឆ្នាំក្រោយៗទៀត ដើម្បីឲ្យប្រជាជនបានកម្សាន្តសប្បាយ។
ងាកមកទស្សនិកជនម្នាក់ទៀតគឺកញ្ញា រីម ស្រីណេត បានលើកឡើងថា កញ្ញា មានអារម្មណ៍សប្បាយដែលបានមកមើលការអុំទូកនេះ ដោយថាមានការស្រែកហ៊ោ អបអរកីឡាករ និងមានការលក់នំចំណី និងលេងល្បែងកម្សាន្តជាច្រើនមុខ៕