- 2017-10-31 09:42:02
- ព័ត៌មាន
មូលហេតុនេះ ទើបខេត្តសៀមរាប រៀបចំបុណ្យអុំទូកដំណាលគ្នានឹងភ្នំពេញ
- 2017-10-31 09:42:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុនេះ ទើបខេត្តសៀមរាប រៀបចំបុណ្យអុំទូកដំណាលគ្នានឹងភ្នំពេញ
ចន្លោះមិនឃើញ
មន្ត្រីជាន់ខ្ពស់ខេត្តសៀមរាប មានប្រសាសន៍ឲ្យ Sabay ដឹងថា ខេត្តសៀមរាបនឹងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ពោលគឺដំណាលគ្នានឹងរាជធានីភ្នំពេញដែរ។
ឯកឧត្តមឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបឲ្យដឹងថា រដ្ឋបាលខេត្តសម្រេចរៀបចំពិធីបុណ្យអុំទូកដំណាលគ្នានឹងរាជធានីភ្នំពេញ គឺក្នុងគោលបំណងផ្សព្វផ្សាយឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ បានយល់ច្បាស់ពីពិធីបុណ្យជាតិសំខាន់ៗរបស់កម្ពុជាមួយនេះ។
ឯកឧត្តមបញ្ជាក់ៈ «យើងបានសំណូមពរទៅគណៈកម្មការរៀបចំពិធីបុណ្យអុំទូកថ្នាក់ជាតិ ដើម្បីរៀបចំពិធីបុណ្យអុំទូកនៅខេត្តសៀមរាបដំណាលគ្នានឹងរាជធានីភ្នំពេញ ដោយសារខេត្តសៀមរាបជាខេត្តទេសចរណ៍ ហើយយើងចង់បង្ហាញអំពីថ្ងៃខែឆ្នាំ ដែលជាបុណ្យជាតិរបស់យើងនៅនឹងកន្លែង ដើម្បីឲ្យភ្ញៀវទេសចរណ៍បានដឹង និងចាំបានច្បាស់ថាដល់ថ្ងៃនេះ ពួកគេនឹងមកលេងខេត្តសៀមរាប ដើម្បីចូលរួមពិធីបុណ្យប្រពៃណីជាតិរបស់កម្ពុជាយើង»។
ឯកឧត្តម ឃឹម ប៊ុនសុង បញ្ជាក់បន្ថែមថាៈ «ប្រាសាទអង្គរគឺជាអច្ឆរិយៈ(វត្ថុ)មួយរបស់ប្រទេសជាតិយើង ហើយយើងតែងបង្អួតបង្ហាញ និងរៀបចំពិធីបុណ្យធំៗនៅទីនេះ ជាក់ស្ដែងដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ដក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាដើម... ដូច្នេះប្រសិនបើយើងរៀបចំពិធីបុណ្យខុសថ្ងៃនៅខេត្តសៀមរាប វាអាចនាំឲ្យរំខាន និងធ្វើឲ្យភ្ញៀវទេសចរយល់ច្រឡំផងដែរ»។
ឯកឧត្តមបញ្ជាក់ទៀតថាទោះបីជាពិធីបុណ្យអុំទូកនៅខេត្តសៀមរាបត្រូវប្រារព្ធធ្វើឡើងដំណាលនឹងរាជធានីភ្នំពេញក្ដី ក៏ប៉ុន្ដែវាមានរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ នោះក៏ដោយសារតែទូកចូលរួមប្រកួតប្រជែងមានចំនួនតិច។ ឯកឧត្តម ឃឹម ប៊ុនសុង ឲ្យដឹងថា មានទូកងចុះឈ្មោះប្រណាំងប្រជែងសរុបចំនួន ៣០គ្រឿង ក្នុងនោះមានទូកបុរស ២៥គ្រឿង និងទូកនារី ៥គ្រឿង ហើយចំណុះទូកនីមួយៗមានចំនួន ២២នាក់។
ឯកឧត្តមបញ្ជាក់ថា រដ្ឋបាលខេត្តបានរៀបចំប្រាក់រង្វាន់សម្រាប់ប្រគល់ជូនដល់ទូកដែលបានចូលរួមរួចជាស្រេច ដោយទូកជ័យលាភីលេខ១ នឹងទទួលបានថវិកា ៨លានរៀល លេខ២ ថវិកា ៥លានរៀល លេខ៣ ថវិកា ៣លានរៀល លេខ៤ ថវិកា ២លានរៀល និងទូកដែលមិនជាប់ជ័យលាភីទទួលបានថវិកា ៥០ម៉ឺនរៀលផងដែរ។
កាលពីឆ្នាំ២០១៦កន្លងទៅ មានភ្ញៀវសរុបចំនួន ២០២ ០០០នាក់ ក្នុងនោះបរទេសចំនួន ៣២ ០០០នាក់ បានមកចូលរួមកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូកនៅខេត្តសៀមរាប។ ឯកឧត្តម ឃឹម ប៊ុនសុង បានបង្ហាញការរំពឹងទុកថា សម្រាប់ការរៀបចំពិធីបុណ្យក្នុងឆ្នាំ២០១៧នេះ នឹងមានភ្ញៀវទេសចរចូលរួមច្រើនជាងឆ្នាំមុនផងដែរ៕