• 2017-11-01 01:52:13
  • ព័ត៌មាន

យ៉ាង​ហោចក៏មាន ការ​ប្រ​ណាំងទូក​បែប​សហគម​ន៍ចំនួន​៧​កន្លែង​នៅ​តាកែវ​ តំណាលគ្នា​នឹង​ភ្នំពេញ

  • 2017-11-01 01:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពិធី​បុណ្យ​អុំទូក​នា​ឆ្នាំ​នេះ​ នៅ​ទូទាំង​ខេត្ត​តាកែវ​មាន​រៀប​ចំ​ពិធីបុណ្យ​អុំ​ទូក​ចំនួន​៧​កន្លែង​ផ្សេងៗ​គ្នា​ នៅ​ក្នុង​ស្រុក​ចំនួន​បី​ ដែល​រួម​មាន​ស្រុក​សំរោង​ចំនួន​បី​កន្លែង​ ស្រុក​បាទី​បី​កន្លែង​ និង​ស្រុក​ព្រៃ​កប្បាស​មួយ​កន្លែង ព្រមទាំងមាន​ល្បែង​កម្សាន្ត​នានា​ផង។

​សម្រាប់​ស្រុក​​សំរោង​ ពិធី​បុណ្យ​នេះ​នឹង​ធ្វើនៅ​វត្ត​ចំនួន​បី​គឺ​វត្ត​អង្គជុំ ក្នុង​ភូមិ​ព្រៃ​ញឹក​ ឃុំ​ខ្វាវ​។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ ប៉ាត់​ រិន​ គណៈកម្មការ​រៀប​ចំ​បុណ្យ​អុំ​ទូក​ឱ្យ​ដឹង​ថា​ក្រៅ​ពីការ​ប្រ​ណាំងទូក​នេះ​ក៏​មាន​ល្បែង​របាំ​នានា​លេង​កំដរ​ក្នុង​បរិវេណ​វត្ត​នា​ពេល​រាត្រី​ផង​ដែរ។

(សមាជិក​គណៈកម្មការប្រ​ណាំងទូក​កំពុង​រៀបចំ​ច្រវា)

ចំណែក​វត្ត​អង្គ​ចង្អេរស្ថិត​នៅ​ភូមិ​ត្រពាំង​វិហារ​ ឃុំ​ជើង​គួន ក៏មាន​ការ​ប្រ​ណាំង​ទូក​នៅ​បឹង​ធំ​ខាង​ត្បូង​វត្តផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ឡាច​ ព្រំ​ ជា​ប្រធាន​ភូមិ​ និង​ជា​ប្រធាន​គណៈកម្មការ​រៀប​ចំ​បុណ្យ​អុំ​ទូក​នៅ​ទីនោះ។ សម្រាប់​ស្ពាន​ត្នោត​ទេស្ថិត​នៅ​ភូមិ​ត្នោត​ទេ ឃុំ​ទ្រា​ក៏មាន​ការ​រៀបចំប្រ​ណាំង​ទូក​ និង​លេង​ល្បែង​កម្សាន្ត​ផងដែរ។ នេះ​បើតាមលោក​ ហង្ស​ ឯក​ ជា​គណៈកម្មការ​រៀប​ចំ​ការ​ប្រ​ណាំងទូក។

(ពល​រដ្ឋ​ក្នុង​ភូមិ​ត្រពាំង​យោង​កំពុង​អុំទូក​សាក​ល្បង​ត្រៀម​ប្រ​ណាំង)

ងាក​មក​ស្រុក​បាទី​វិញ ក៏មាន​ដែរ​ការ​ប្រ​ណាំងទូក​នេះ ដោយ​មាន​ធ្វើនៅទំនប់​ថ្នល់​ដាច់ ក្នុង​ឃុំ​គ្រាំងលាវ ប្រឡាយ​មេ​ភូមិ​ត្បូង​ដំរី នៅ​ក្នុង​ឃុំ​ក្រាំង​ធ្នង់​ និង​កន្លែងទី​បី​នៅ ប្រឡាយ​មេ​ភូមិ​ត្រពាំង​យោង ក្នុង​ឃុំពារាម តែ​ប្រើ​ធុង​សាំង​សម្រាប់​អុំ​ប្រណាំង។

​ ដោយ​ឡែក​នៅស្រុក​ព្រៃកប្បាស​វិញ រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ក្នុង​បឹង​ធំ​ នា​ភូមិ​កំពែង​ ឃុំ​កំពែង​ និង​ថា​មាន​ល្បែង​របាំ​កំដរ​ផង​ដែរ។

គណៈកម្មការ​រៀប​ចំ​បុណ្យ​អុំ​ទូក​ខាង​លើ​ លើក​ឡើង​ប្រហាក់​ប្រហែល​​គ្នា​ថា​ការ​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​នេះ​មាន​គោល​បំណង​​ជួយ​ថែរក្សា​ប្រពៃណី​វប្បធម៌​ជាតិ​ ធ្វើ​ឱ្យ​មូល​ដ្ឋាន​មាន​ភាព​សប្បាយ​រីករាយ​ ជួយ​សម្រួល​ដល់​ប្រ​ជាពល​រដ្ឋ​ដែល​មិន​មាន​លទ្ធភាព​ទៅ​ទស្សនា​កម្សាន្ត​នៅ​ទីក្រុង​ភ្នំពេញ​ ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​បង្កើន​ចំណូល​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន។

ការ​រៀប​ចំ​នេះ​ទៀត​សោត​គឺ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ និង​សប្បុរស​ជន​នានា​ ហើយ​ការ​បែង​ចែក​ប្រាក់​រង្វាន់​គឺ​អាស្រ័យ​លើ​ចំណូល​ទទួល​បាន​ជាក់​ស្ដែង៕​​

អត្ថបទដោយ៖ សូទ្រី

មតិយោបល់